រដ្ឋមន្រ្តី ឈាង រ៉ា អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល
21-10-2026 21:08
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយដាក់ឲ្យអនុវត្តសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានអង្គភាពថវិកាថ្នាក់កណ្តាល សរុប ១៥០នាក់។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីជំរុញឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រែក្លាយជាប្រព័ន្ធមួយស្របតាមបទដ្ឋាន និងឧត្តមានុវត្តន៍អន្តរជាតិ ដោយផ្លាស់ប្តូរប្រព័ន្ធថវិកាដែលផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើធាតុចេញ ឬលទ្ធផល និងវិមជ្ឈការ។
លោកសាស្រ្តាចារ្យ បានបន្ថែមថាការដាក់ឱ្យអនុវត្តនូវសៀវភៅគោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល នឹងក្លាយជាមគ្គុទ្ទេសក៍នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ និងជំរុញឱ្យក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទ អនុវត្តថវិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងតម្លាភាពខ្ពស់។
ក្នុងឱកាសនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់អង្គភាពថវិកាទាំងអស់ ត្រូវយកទៅអនុវត្តដូចជា៖
១) ត្រូវអនុវត្តសៀវភៅគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកពង្រឹង ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឱ្យកាន់តែរឹងមាំ
២) ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការថវិកាឱ្យស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត និងទិសដៅគន្លឹះរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិស័យសុខាភិបាល ដោយមានកំណត់នូវគោលបំណងសូចនាករគន្លឹះ និងគោលដៅសូចនាករដែលអាចវាស់វែងបានច្បាស់លាស់។
៣) ត្រូវពង្រឹងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឱ្យបានចំទិសដៅការងារ និងត្រឹមត្រូវតាមបទដ្ឋានគតិយុត្តជាធរមាន
៤) ត្រូវរៀបចំធ្វើការបណ្តុះបណ្តាលបន្ថែមអំពីសៀវភៅគោលការណ៍ណែនាំនេះដល់អង្គភាពអនុវត្តឱ្យបានយល់ច្បាស់លាស់ អនុវត្តឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់
៥) ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល ត្រូវធ្វើការពិនិត្យនិងធ្វើបច្ចុប្បន្នភាពនៅពេលវេលាសមស្របនាពេលខាងមុខ ដើម្បីឱ្យគោលការណ៍ណែនាំនេះ អាចប្រើប្រាស់បានស្របតាមការវិវត្តនៃបទដ្ឋានគតិយុត្តថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងអស់ ក្នុងការខិតខំអនុវត្តការងារយ៉ាងសកម្ម និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងផ្តល់ជាគោលការណ៍សំខាន់ៗក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសុខាភិបាល នេះឡើង។ តាមរយៈសៀវភៅគោលការណ៍នេះ អង្គភាពទាំងអស់ អនុវត្តដោយស្មារតីទទួលខុសត្រូវ និងភាពជាម្ចាស់នាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ក៏ដូចជារួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល រហូតសម្រេចបានសមិទ្ធផលសំខាន់ៗដូចពេលនេះ៕
































