ពលរដ្ឋ៤ភូមិ ក្នុងស្រុកពោធិ៍រៀង ត្អូញត្អែរផ្លូវខូចធ្ងន់ធ្ងរនិងស្នើអាជ្ញាធរជួយសម្រួលបណ្តោះអាសន្ន ខណៈគម្រោងស្ថាបនាផ្លូវកៅស៊ូកំពុងដំណើរការ
21-10-2026 21:25
(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំនួន៤ នៃឃុំពោធិ៍រៀង និងឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវមួយខ្សែរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មានជង្ហុកធំៗ និងកន្លែងខ្លះមានភក់ល្បាប់ជាប់ផុង ធ្វើឱ្យពិបាកឆ្លងកាត់ ជាពិសេសក្នុងរដូវវស្សា។
ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយឈូសឆាយ និងសម្រួលផ្លូវជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ខណៈពេលកំពុងរង់ចាំការស្ថាបនាផ្លូវឱ្យបានល្អប្រសើរឡើងវិញ។
ប្រជាពលរដ្ឋនៅភូមិវាលព្រៅ ឃុំពោធិ៍រៀង បានឱ្យដឹងថា ក្នុងរដូវប្រាំង ផ្លូវនេះនៅអាចធ្វើដំណើរឆ្លងកាត់បាន ទោះបីមានសភាពរលាក់ និងជង្ហុកខ្លះៗក៏ដោយ។ ប៉ុន្តែ នៅពេលឈានចូលដល់រដូវវស្សា ស្ថានភាពផ្លូវកាន់តែយ៉ាប់យ៉ឺន ដោយតួផ្លូវមានភក់ល្បាប់ និងកន្លែងខ្លះជាប់ផុង មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។
ដោយសារបញ្ហានេះ ប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តធ្វើដំណើរវាងតាមផ្ទះអ្នកភូមិ ឬប្រើប្រាស់ផ្លូវតូចៗនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ដើម្បីឆ្លងផុតតំបន់ដែលជាប់ផុង។ ស្ថានភាពនេះបានបង្កការលំបាកដល់ការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសការដឹកជញ្ជូនកសិផលទៅលក់នៅលើទីផ្សារ។
ប្រជាពលរដ្ឋបានបន្តថា ពួកគាត់បានឮថា ផ្លូវមួយខ្សែនេះមានគម្រោងជួសជុល និងស្ថាបនាឡើងវិញជាបន្តបន្ទាប់តាមដំណាក់កាល។ ទោះជាយ៉ាងណា ដោយសារស្ថានភាពផ្លូវបច្ចុប្បន្នខូចខាតខ្លាំង និងបង្កការលំបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ពួកគាត់ស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការបន្ទាន់ ដោយជួយឈូសឆាយ និងសម្រួលកន្លែងដែលខូចខាតធ្ងន់ធ្ងរជាមុនសិន ដើម្បីអាចប្រើប្រាស់ផ្លូវបានជាបណ្តោះអាសន្ន រហូតដល់ក្រុមកងវិស្វកម្មបន្តអនុវត្តការងារស្ថាបនាផ្លូវ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វ៉ា ធីម អភិបាលស្រុកពោធិ៍រៀង បានឱ្យដឹងថា ផ្លូវមួយខ្សែនេះមានទទឹង ៨ ម៉ែត្រ និងប្រវែង ១២ គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន៤ ក្នុងឃុំពោធិ៍រៀង និងឃុំព្រែកជ្រៃ។ បច្ចុប្បន្ន ផ្លូវនេះពិតជារងការខូចខាតធ្ងន់ធ្ងរមែន ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ផ្លូវនេះស្ថិតក្នុងគម្រោងស្ថាបនារបស់ក្រសួងមហាផ្ទៃ ដោយក្រុមកងវិស្វកម្មបានស្ថាបនាផ្លូវកៅស៊ូរួចប្រវែង ៣ គីឡូម៉ែត្រហើយ ខណៈបច្ចុប្បន្ន ក្រុមការងារកំពុងបន្តឈូសឆាយ និងចាក់ដីក្រហមនៅតំបន់ដែលរងការខូចខាតខ្លាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា តាមផែនការ ផ្លូវប្រវែង ១២ គីឡូម៉ែត្រនេះ នឹងត្រូវស្ថាបនាជាផ្លូវកៅស៊ូទាំងស្រុង ដើម្បីលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានស្នើឱ្យប្រជាពលរដ្ឋក្នុងឃុំទាំងពីរមានការអត់ធ្មត់បន្តិចទៀត ខណៈការងារស្ថាបនាផ្លូវកំពុងដំណើរការទៅតាមផែនការ ដើម្បីឱ្យផ្លូវនេះមានសភាពល្អប្រសើរ និងអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូរអង្វែង៕












