វិភាគអន្តរជាតិ៖ ប្រសិនបើលោក គីម ជុងអ៊ុន ស្រាប់តែទៅបាត់ភ្លាមៗ
21-10-2026 21:35
(វ៉ាស៊ីនតោន)៖ តើនឹងមានអ្វីកើតឡើងប្រសិនបើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ស្រាប់តែស្លាប់ភ្លាមៗ? នេះជាសំណួរមួយត្រូវបាន ចោទសួរសាជាថ្មី បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាលោក គីមបានទទួលមរណភាព។ ពាក្យចចាមអារ៉ាមចុងក្រោយបំផុតនេះប្រហែលជារឿងមិនពិត ឬត្រូវបានបំផ្លើស។ តែអ្វីដែលជាការពិត គឺមានសំណួរសំខាន់ជាងថាតើមេដឹកនាំកូរ៉េខាងជើងនៅរស់ ឬស្លាប់ទៅទៀត? ពោលគឺថាតើនឹងមានរឿងអ្វីកើតឡើងនៅពេលបុរសម្នាក់ដែលដឹកនាំប្រទេសយោធានិយមដូចជាកូរ៉េខាងជើងស្រាប់តែស្លាប់ភ្លាម? តើនរណាជាអ្នកបញ្ជាកងទ័ពកូរ៉េខាងជើង កងកម្លាំងសន្តិសុខ និងគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ? និងថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមានការដណ្ដើមអំណាចគ្នានៅព្យុងយ៉ាង ឬមិនមានការឯកភាពគ្នាលើការជ្រើសរើសអ្នកបន្តវេន?
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានរាយការណ៍ពីពាក្យចចាមអារ៉ាមមួយគ្មានភស្តុតាងនៅលើបណ្ដាញទំនាក់ទំនងសង្គមដែលអះអាងថាលោក គីម ជុងអ៊ុន មានជំងឺហូរឈាមក្នុងខួរក្បាល និងបានស្លាប់ក្រោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងប៉េកាំង។ មន្ត្រីកូរ៉េខាងត្បូងមិនមានភស្តុតាំងដើម្បីផ្ទៀងផ្ទាត់លើពាក្យចចាមអារ៉ាមនេះទេ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ចេញរូបភាពរបស់លោក គីម ចូលរួមក្នុងពិព័រណ៌មួយនៅទីក្រុងព្យុងយ៉ាងកាលពីដើមសប្ដាហ៍នេះជាមួយកូនស្រីរបស់លោកឈ្មោះ Kim Ju Ae។
* បញ្ហាអ្នកស្នងតំណែង៖ ប្រព័ន្ធគ្រប់គ្រងដោយមនុស្សតែម្នាក់
របបដឹកនាំរបស់លោក គីម ជុងអ៊ុន ក្ដាប់អំណាចយ៉ាងពេញដៃនៅកូរ៉េខាងជើង។ តែព្រមពេលជាមួយគ្នាវាក៏មានចំណុចខ្សោយផងដែរ។ ពីព្រោះរបបដឹកនាំព្យុងយ៉ាងបានបង្កើតប្រព័ន្ធដឹកនាំមួយ អមជាមួយការតាមដាន ការសម្លុតគំរាម ការបណ្ដុះមនោគមន៍វិជ្ជា និងការប្រមូលផ្ដុំអំណាចនៅក្រោមមនុស្សតែម្នាក់។ មិនមាននោះទេការចែងយ៉ាងច្បាស់លាស់ និងជាសាធារណៈក្នុងរដ្ឋធម្មនុញ្ញ ហើយក៏មិនមានយន្ដការរបស់គណបក្សពលករអំពីការផ្ទេរអំណាច នៅពេលមេដឹកនាំកំពូលស្រាប់តែស្លាប់ភ្លាមៗនោះដែរ។ ការផ្ទេរអំណាច ២លើកកន្លងមកនៅកូរ៉េខាងជើងបានប្រព្រឹត្តដោយមានការរៀបចំយ៉ាងប្រុងប្រយ័ត្ន បើទោះជាស្ថិតនៅក្រោមកាលៈទេសៈផ្សេងគ្នាក៏ដោយ។
លោក គីម ជុងអ៉ីល ត្រូវជាឪពុកលោក គីម ជុងអ៊ុន បានលេចមុខឡើងដោយត្រូវបានតែងតាំងជាអ្នកបន្តវេនអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយលោកបានចាប់ផ្ដើមពង្រឹងអំណាចតាមរយៈក្របខណ្ឌគណបក្ស និងត្រូវបានលើកតម្កើងជាសាធារណៈនៅឯសមាជលើកទី៦ របស់គណបក្សពលករក្នុងឆ្នាំ១៩៨០។ លោក គីម ជុងអ៉ីលបានចំណាយពេលជិត ២ទសវត្សរ៍ដើម្បីបង្កើតបណ្ដាញរបស់លោក កម្ចាត់គូប្រជែង និងប្រមូលផ្ដុំអំណាចឱ្យមកនៅក្នុងកណ្ដាប់ដៃ មុនលោក គីម អ៉ីលស៊ុងដែលត្រូវជាឪពុករបស់លោកទទួលមរណភាពក្នុងឆ្នាំ១៩៩៤។ លោក គីម ជុងអ៊ុនមិនបានឡើងកាន់អំណាចតាមរយៈការរៀបចំដូចជាឪពុករបស់លោកឡើយ។ លោក គីម ជុងអ៊ុនត្រូវបានរាយការណ៍ថាត្រូវបានតែងតាំងជាអ្នកបន្តវេននៅរង្វង់ឆ្នាំ២០០៩ ហើយការឡើងកាន់អំណាចត្រូវបានពន្លឿនដោយសារតែស្ថានភាពសុខភាពឪពុករបស់លោកកាន់អាក្រក់។ លោក គីម ជុងអ៊ុនបានបង្ហាញខ្លួនជាសាធារណៈក្នុងឆ្នាំ២០១០។
នៅពេលលោក គីម ជុងអ៉ីលស្លាប់នៅខែធ្នូ ឆ្នាំ២០១១ លោក គីម ជុងអ៊ុនបានឡើងស្នងកាន់តំណែងជាមេដឹកនាំកំពូល ដោយមិនមានបទពិសោធន៍នយោបាយរាប់ទសវត្សរ៍ដូចជាឪពុកនោះទេ។ ភ្លាមៗ ក្រោយឡើងកាន់អំណាច លោក គីម ជុងអ៊ុន បានចាប់ផ្ដើមពង្រឹងអំណាចនៅក្រោមការអនុវត្តកណ្ដាប់ដៃដែក ជីកឫសគល់បោសសម្អាតកម្ចាត់គូប្រជែងដោយការប្រហារជីវិត ទោះជាពូបង្កើតរបស់ខ្លួនក៏មិនលើកលែងដែរ ព្រមទាំងបានតែងតាំងមន្ត្រីថ្មីៗដែលសុទ្ធសឹងជាជំនិតរបស់លោក។ លោក គីម ជុងអ៉ីលបានឡើងកាន់អំណាចដោយស្នងបន្តនូវមរតកប្រព័ន្ធនយោបាយមួយដែលលោកបានចូលរួមចាត់ចែងអស់រយៈពេលច្រើនទសវត្សរ៍។ ចំណែក លោក គីម ជុងអ៊ុនវិញបានស្នងប្រព័ន្ធនយោបាយមួយដែលលោកនៅតែត្រូវរៀនសូត្របន្ថែមពីរបៀបគ្រប់គ្រង និងដំណើរការ។ ការកាន់អំណាចដោយកណ្ដាប់ដៃដែករបស់លោក គីម ជុងអ៊ុន បានជួយពង្រឹងអំណាចរបស់លោក តែមិនបានបង្កើតយន្ដការ ឬប្រព័ន្ធមួយមានសមត្ថភាពចាត់ចែង និងគ្រប់គ្រងស្ថានការណ៍ ក្នុងករណីគ្មានរូបលោកនោះឡើយ។
មកទល់នឹងពេលនេះ មិនទាន់មានការទទួលស្គាល់ជាផ្លូវការពីអ្នកបន្តវេនដែលមានអំណាចគ្រប់គ្រាន់ មានបទពិសោធន៍ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងនៅក្នុងបក្ស ដើម្បីធានាការផ្ទេរអំណាចដោយរលូននោះទេ។ តែនេះក៏មិនមានន័យថាគ្មានផែនការ ឬការរៀបចំជាសម្ងាត់ពាក់ព័ន្ធនឹងការជ្រើសរើសអ្នកបន្តវេននោះដែរ។ កូរ៉េខាងជើងជាប្រទេសមួយឯកោបំផុតនៅលើពិភពលោក ហើយអ្នកខាងក្រៅមិនអាចដឹងថាតើលោក គីម ជុងអ៊ុន បានចេញបញ្ជាអ្វី ឬក៏ថាតើមានកិច្ចព្រមព្រៀងអ្វីខ្លះនៅក្នុងចំណោមឥស្សរជននយោបាយធំៗនៅកូរ៉េខាងជើង? ប៉ុន្តែរបបមួយមានស្ថិរភាពមិនប្រាកដថាអាចធានាបាននូវការផ្ទេរអំណាចប្រព្រឹត្តទៅប្រកបដោយស្ថិរភាពទេ។ ប្រព័ន្ធដែលអំណាចប្រមូលផ្ដុំនៅលើតែមនុស្សម្នាក់គឺពិតជាពិបាកក្នុងការកំណត់ថាតើពួកគេត្រូវអនុវត្តតាមបញ្ជារបស់អ្នកណា នៅពេលដែលមេដឹកនាំរបស់ពួកគេស្រាប់តែទៅបាត់ ភ្លាមៗដោយមិនបានផ្ដែផ្ដាំ?
* ឈាមជ័រត្រកូលគីម ប្រព័ន្ធដឹកនាំដោយមនុស្សប្រុស ការប្រជែងអំណាច
ការបង្ហាញវត្តមានយ៉ាងជាប់លាប់របស់ Kim Ju Ae ក្នុងការធ្វើដំណើរតាមឪពុកសឹងគ្រប់ពេល បានបង្កឱ្យមានការសង្ស័យថាក្មេងស្រីរូបនេះកំពុងត្រូវបានត្រៀមរៀបចំដើម្បីឡើងស្នងតំណែងពីលោក គីម ជុងអ៊ុន។ ការបង្ហាញខ្លួននៅជាមួយឪពុកនៅឯព្រឹត្តិការណ៍សំខាន់ៗដូចជាការធ្វើតេស្តអាវុធ មានសារៈសំខាន់ខាងនយោបាយ។ ប៉ុន្តែការបង្ហាញខ្លួនរបស់ Kim Ju Ae មិនអាចសន្មត់បានថានាងត្រូវបានតែងតាំងជាអ្នកបន្តវេន ហើយបើទោះជាត្រូវបានតែងតាំងជាអ្នកបន្តវេន ក៏មិនមានការធានាបានថារូបនាងនឹងមានអំណាចពេញដៃដោយស្វ័យប្រវត្តិនោះទេ។
ភាពស្របច្បាប់នៃនយោបាយកូរ៉េខាងជើងពឹងផ្អែកយ៉ាងខ្លាំងលើការនិទានពីបដិវត្តន៍ និងប្រវត្តិតស៊ូបង្កើតប្រទេសរបស់គ្រួសារត្រកូលគីម ឬទាល់តែមានឈាមជ័រត្រកូលគីម ទើបមានសិទ្ធិដឹកនាំកូរ៉េខាងជើង។ ត្រង់ចំណុចនេះ កូនស្រីលោក គីម ជុងអ៊ុនមានភាពស្របច្បាប់ដើម្បីឡើងស្នងតំណែងពីឪពុក ពីព្រោះគូប្រជែងផ្សេងទៀតគ្មានឈាមជ័រត្រកូលគីម។ ក៏ប៉ុន្តែ សង្គមកូរ៉េខាងជើងនៅតែឱ្យតម្លៃមនុស្សប្រុសជាធំ ជាពិសេស នៅក្នុងជួរយោធា និងស្ថាប័នសន្តិសុខ។ ដូច្នេះថាតើភាពស្របច្បាប់នៃឈាមជ័រត្រកូលគីម អាចលុបចោលនូវប្រពៃណីប្រុសកាន់អំណាចបានដែរឬក៏យ៉ាងណា នៅតែមានភាពស្រពេចស្រពិល? ក្រៅពី Kim Ju Ae លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ក៏ធ្លាប់ត្រូវបានគេរំពឹងដែរថាអាចនឹងក្លាយជាអ្នកបន្តវេនម្នាក់។
លោកស្រី គីមមានបទពិសោធន៍នយោបាយ និងជាមនុស្សម្នាក់ដែលលោក គីម ទុកចិត្តបំផុត ហើយសព្វថ្ងៃលោកស្រីមានតួនាទីជាអ្នកនាំសារម្នាក់របស់របបដឹកនាំព្យុងយ៉ាង។ ក៏ប៉ុន្តែទោះមានភាពលេចធ្លោរ និងមានឈាមជ័រត្រកូលគីមក៏ដោយ ក៏មិនមានការធានាថាយោធា គណបក្ស និងស្ថាប័នសន្តិសុខកូរ៉េខាងជើង អាចនឹងយល់ព្រមទទួលយកលោកស្រីជាមេដឹកនាំកំពូលឡើយ។ ដូច្នេះវាអាចមានលទ្ធភាពមួយទៀត គឺអ្នកនយោបាយមួយក្រុមត្រូវបានជ្រើសរើសឱ្យដើរតួជំនួសគ្រួសារគីម ឬក៏ឥស្សរជនយោធា ឬនៅក្នុងបក្សមានអំណាចណាម្នាក់ព្យាយាមកាន់អំណាចនៅក្រោមស្លាកឈ្មោះគ្រួសារគីម។ នៅទីនេះដែរ គេត្រូវបែងចែងឱ្យច្បាស់រវាងភាពស្របច្បាប់នៃអំណាចដែលល្អមើលតែពីខាងក្រៅ និងអ្នកដែលអនុវត្តអំណាចពិតប្រាកដ នោះគឺថាតើនរណាគ្រប់គ្រងកងកម្លាំងសន្តិសុខ? នរណាជាអ្នកបញ្ជាកងទ័ព? តើនរណាជាអ្នកគ្រប់គ្រងការទំនាក់ទំនង ការដឹកជញ្ជូន ការបែងចែកស្បៀង និងអត្ថាប្រយោជន៍ដែលអាចរក្សាភាពស្មោះត្រង់របស់អ្នកនៅក្រោមបង្គាប់? សំខាន់ជាងគេបំផុត គឺថាតើនរណាអាចបញ្ជាឱ្យគេធ្វើតាមបង្គាប់របស់ខ្លួនបានតែម្នាក់គត់? នៅក្រោមប្រព័ន្ធផ្ដាច់ការ ក្រុមឥស្សរជនធំៗអាចរក្សាបានភាពស្មោះត្រង់របស់ពួកគេ ក៏ព្រោះតែការរស់រានរបស់ពួកគេពឹងផ្អែកលើប្រព័ន្ធនោះ បើទោះជានៅក្នុងចិត្តពួកគេមិនពេញចិត្តចំពោះមេដឹកនាំក៏ដោយ។ ច្រាស់មកវិញ គ្រោះថ្នាក់នឹងកើតមានប្រសិនបើពួកគេគិតថាការរស់រានមានជីវិតរបស់ពួកគេ អាស្រ័យលើការបង្រ្កាបភាគីខាងទៀត ជាជាងការបន្តភាពស្មោះត្រង់ដើម្បីថែរក្សាឱ្យអំណាចកណ្ដាលរឹងមាំ។
* អាវុធនុយក្លេអ៊ែរគ្មានអំណាចគ្រប់គ្រងច្បាស់លាស់
ការផ្លាស់ប្ដូរមេដឹកនាំរបស់កូរ៉េខាងជើងគឺជារឿងដ៏សំខាន់មួយសម្រាប់ពិភពលោក ពីព្រោះកូរ៉េខាងជើងមានឃ្លាំងអាវុធនុយក្លេអ៊ែរ។ របបដឹកនាំលោក គីម ជុងអ៊ុនមានឃ្លាំងអាវុធនុយក្លេអ៊ែរ មីស៊ីលបាលិស្ទីគ អាវុធគីមី និងកងទ័ពក្នុងចំនួនដ៏ច្រើនដែលត្រូវបានដាក់ពង្រាយនៅក្បែរទីក្រុង សេអ៊ូលរបស់កូរ៉េខាងត្បូងដែលស្ថិតក្នុងចំណោមទីក្រុងមានដង់ស៊ីតេប្រជាជនរស់នៅច្រើនកុះករនៅលើពិភពលោក។ ដូច្នេះតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើលោក គីម ជុងអ៊ុនស្លាប់ ហើយការគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរមិនមានភាពច្បាស់លាស់? នៅទីនេះសេណារីយ៉ូគួរឱ្យបារម្ភបំផុតគឺអ្នកបន្តវេនណាម្នាក់អាចនឹងព្យាយាមបង្ហាញពីការគ្រប់គ្រងអំណាចតាមរយៈការបង្ករឿងខាងយោធា រីឯគូរបដិបក្សអាចប្រជែងគ្នាដើម្បីគ្រប់គ្រងអាវុធយុទ្ធសាស្ត្រ។ ចំណែក មេបញ្ជាការយោធាធ្វើសកម្មភាពដោយមិនមានបទបញ្ជាណែនាំច្បាស់លាស់ ឬក៏បកស្រាយខុសថាសកម្មភាពយោធាណាមួយរបស់កូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិកជាការត្រៀមលក្ខណៈធ្វើអន្តរាគមន៍។ ក្នុងសេណារីយ៉ូបែបនេះ ចិនអាចនឹងប្រឈមមុខនឹងសម្ពាធត្រូវធ្វើអន្តរាគមន៍ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ការពារព្រំដែន ឬបង្ការកុំឱ្យមានវត្តមានយោធារបស់សត្រូវនៅក្បែរព្រំដែនរបស់ខ្លួន។
ការកើនឡើងទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធរវាងកូរ៉េខាងជើង និងរុស្ស៉ី ក៏អាចបន្ថែមភាពស្មុគស្មាញដែរ។ ទីក្រុងមូស្គូអាចព្យាយាមការពារទំនាក់ទំនងយុទ្ធសាស្ត្ររបស់ខ្លួនជាមួយរបបដឹកនាំព្យុងយ៉ាង ឬក៏ឈ្លៀតឱកាសពេលមានអស្ថិរភាពដើម្បីការពារ និងពង្រីកឥទ្ធិពលរបស់ខ្លួន លើឧបទ្វីបកូរ៉េ។
ពាក្យចចាមអារ៉ាមពីការស្លាប់របស់លោក គីម ជុងអ៊ុន អាចជារឿងមិនពិត ឬត្រូវបានបំផ្លើស។ ប៉ុន្តែបញ្ហាស្នងតំណែងគឺមានពិតប្រាកដ មិនទាន់ត្រូវបានដោះស្រាយ និងអាចបង្កផលវិបាកជាយុទ្ធសាស្រ្ត មិនមែនពាក់ព័ន្ធនឹងកូរ៉េខាងជើងតែប៉ុណ្ណោះទេ៕








