ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»
22-10-2026 07:37
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។
ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួនសម្រាប់ការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ ជាក់ស្តែងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើនផលិតភាព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបានហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។
ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដើម្បីជំរុញការអភិវឌ្ឍ MSMEs ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនឹងនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។
យុទ្ធសាស្ត្រជាតិនេះ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការ ឯកភាពដ៏ខ្ពង់ខ្ពស់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ និងបានអនុញ្ញាតឱ្យរៀបចំពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
យុទ្ធសាស្ត្រថ្មីនេះ គឺជាការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងកន្លងមក ទៅកាន់ដំណាក់កាលថ្មីមួយ ដោយមានចក្ខុវិស័យច្បាស់លាស់ គឺជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ឱ្យក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ចជាតិ ដែលនាំមកនូវវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ប្រជាជាតិកម្ពុជា។
ដើម្បីសម្រេចចក្ខុវិស័យនេះ យុទ្ធសាស្រ្តត្រូវបានរៀបចំឡើងដោយឈរលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៤សំខាន់ៗ រួមមាន៖
ទី១៖ ការកែលម្អបរិស្ថានធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់
ទី២៖ ការលើកកម្ពស់សមត្ថភាពផលិតកម្ម សេវាកម្ម និងការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍
ទី៣៖ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ
ទី៤៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្នែករឹង និងផ្នែកទន់។
យុទ្ធសាស្ត្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏មុតស្រួច ក្នុងការកសាងមូលដ្ឋានរឹងមាំជូនសហគ្រាស ដើម្បីអភិវឌ្ឍខ្លួនប្រកបដោយភាពធន់ និងចីរភាព ការពង្រឹង សមត្ថភាពផលិតកម្មបំពេញតម្រូវការក្នុងស្រុកជំនួសការនាំចូល ព្រមទាំងការពង្រឹងការផ្សារភ្ជាប់រវាង MSMEs កម្ពុជាទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោក។
យុទ្ធសាស្រ្តនេះបានកំណត់យក «អភិក្រមស្រាល» ដោយមិនព្យាយាមរៀបចំយុទ្ធសាស្ត្រដែលធំសម្បើម ទូលំទូលាយគ្រប់ជ្រុងគ្រប់ជ្រោយ ដូចមានជាបទពិសោធន៍កន្លងមកទេ ប៉ុន្តែបានសម្រួច ផ្តោតលើអាទិភាពគន្លឹះដែលជាបញ្ហារួមរបស់អន្តរក្រសួង ស្ថាប័ន និងប្រទាក់ក្រឡាគ្នា។
យុទ្ធសាស្ត្រនេះ មានគោលបំណងសំខាន់ចំនួន៣រួមមាន៖
១៖ ផ្សព្វផ្សាយចក្ខុវិស័យ គោលដៅ ទិសដៅយុទ្ធសាស្ត្រ និងអាទិភាពសំខាន់ៗ សម្រាប់តម្រង់ទិសការអភិវឌ្ឍ MSMEs ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
២៖ ផ្សព្វផ្សាយក្របខណ្ឌគតិយុត្ត និងវិធានការគាំទ្រការអនុវត្តយុទ្ធសាស្ត្រ រួមទាំងអនុក្រឹត្យ និងយន្តការសំខាន់ៗដែលរាជរដ្ឋាភិបាលបានរៀបចំ ដើម្បីគាំទ្រការចូលក្នុងប្រព័ន្ធ ការរីកលូតលាស់របស់សហគ្រាស ការបង្កើនផលិតភាព និងភាពប្រកួតប្រជែង ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារ និងខ្សែច្រវាក់តម្លៃ។
៣៖ ជំរុញការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តយុទ្ធសាស្ត្រ ដោយតម្រង់គោលនយោបាយ ផែនការសកម្មភាព ធនធាន និងកិច្ចគាំទ្ររបស់ក្រសួង-ស្ថាប័ន វិស័យឯកជន សមាគមធុរកិច្ច និងដៃគូអភិវឌ្ឍន៍ ឱ្យស្របតាមអាទិភាពជាតិ និងមានការសម្របសម្រួលគ្នា សំដៅបំប្លែងយុទ្ធសាស្ត្រទៅជា សកម្មភាពជាក់ស្តែង មានការទទួលខុសត្រូវច្បាស់លាស់ និងលទ្ធផលដែលអាចវាស់វែងបាន។
សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យឯកជន។ យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ កម្ពុជាមានមូលដ្ឋានអាជីវកម្ម និងសហគ្រាសសរុបប្រមាណ ៧៥៣ ៦៧០មូលដ្ឋាន។ ក្នុងនោះ ៦០ ៥០៣ ជាសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ២,៩៨លាននាក់ ក្នុងនោះស្ត្រីមានជាង ១,៨៤ លាននាក់ ស្មើនឹងជាង ៦០% នៃកម្លាំងពលកម្មសរុប។
សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានប៉ាន់ប្រមាណថា រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារលើសពី ៧០% នៃការងារក្រៅវិស័យកសិកម្ម៕




