ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជននៅអាមេរិក ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់យោធិនការពារព្រំដែនគោក៤០៣
22-10-2026 08:04
(ឧត្តរមានជ័យ)៖ ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជន ប្រចាំរដ្ឋផែនស៊ីលវេនញ៉ា និងរដ្ឋញ៉ូជឺស៊ីតំបន់ឆ្នេរខាងកើតសហរដ្ឋអាមេរិក ដឹកនាំដោយ លោក នង គន្ធាវី និង លោក Peter Ros ប្រធានគណៈកម្មាធិការសាខាបក្សរដ្ឋផែនស៊ីលវេនញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនយោធិននៅកងការពារព្រំដែនគោក៤០៣ ក្នុងខេត្តឧត្តរមានជ័យ។
អំណោយសប្បុរសធម៌ដែលបានយកទៅចែកជូនបងប្អូនវីរកងទ័ពនាពេលនេះ គឺបានមកពីរួមចំណែករបស់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងនៅប្រទេសកម្ពុជា ដែលសកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីចែករំលែក និងការយកចិត្តទុកដាក់របស់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះវីរកងទ័ពជួរមុខ ក្នុងឱកាសក្រោយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់។ ការនាំយកអំណោយទាំងនេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត និងបង្ហាញពីការដឹងគុណចំពោះវីរកងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងខិតខំបំពេញតួនាទីយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោក នង គន្ធាវី និងក្រុមការងារអង្គការចាត់តាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់របស់បងប្អូនវីរកងទ័ព ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គ ឈរជើងយ៉ាងរឹងមាំដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបានជូនពរឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ដើម្បីបន្តធ្វើជាបង្អែកដ៏កក់ក្តៅ និងជាសសរស្តម្ភការពារសន្តិភាពជូនជាតិមាតុភូមិកម្ពុជាជានិច្ចនិរន្តរ៍។
ជាការឆ្លើយតប ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន ឧត្តមសេនីយ៍ទោ សុក រីណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤ និង ឧត្តមសេនីយ៍ទោ ជា សុភក្រ្ត័ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ បានថ្លែងអំណរព្រះគុណ និងអរគុណ ព្រមទាំងបង្ហាញការសប្បាយរីករាយចំពោះទឹកចិត្តរបស់បងប្អូនសប្បុរសធម៌នៅសមរភូមិក្រោយ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនាំយកអំណោយមកប្រគល់ជូនដល់វីរកងទ័ព ដែលឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងខ្លាំងក្លាដល់កងកម្លាំងជួរមុខ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូនបងប្អូនវីរកងទ័ពពីសំណាក់ក្រុមការងារអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា នៅអាមេរិក រួមមាន៖ តង់ខៀវ ចំនួន ១០តង់, មី ចំនួន ៦០កេស, ត្រីខ ចំនួន ៦០កេសតូច, ភេសជ្ជៈ Boostrong ចំនួន ៦០កេស និងថវិកាមួយចំនួនទៀត៕



















