ក្រសួងបរិស្ថាន និងក្រសួងអប់រំ ចាប់ដៃគ្នាពីការទុកដាក់ និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា
22-10-2026 10:41
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «ការទុកដាក់ និងញែកសំណល់ប្លាស្ទិក នៅតាមគ្រឹះស្ថានសិក្សា»។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅវិទ្យាស្ថានជាតិអប់រំ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការងចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ មានអត្ថន័យយ៉ាងធំធេង ក្នុងគោលបំណងបណ្តុះស្មារតី ស្រឡាញ់បរិស្ថានដល់សិស្សានុសិស្ស និងបង្កើតទម្លាប់រស់នៅស្អាត ចាប់ផ្តើមចេញពីសាលារៀន សំដៅទៅការនាំកម្ពុជាទៅកាន់ប្រទេសមួយ ដែលមានសំណល់សូន្យ (Zero Waste) ដែលកន្លងមក យើងបានអនុវត្តតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺនៅលើសសរស្តម្ភនៃភាពស្អាត។
លោករដ្ឋមន្រ្តី បានបន្ថែមថា ដំណើរជាជំហានៗ ឆ្ពោះទៅទស្សនវិស្ស័យខាងលើនេះ បានសម្រេចលទ្ធផលជាបណ្តើរៗ គឺទី១ ការដាក់ចេញយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានប្រជាជនជាង ១៤លាននាក់ បានចូលរួម។ ហើយតាមរយៈជោគជ័យយុទ្ធនាការ យើងដាក់យុទ្ធនាការមួយទៀតគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជាង ៨លាននាក់ ដែលបានធ្វើការសម្អាតនៅតាមមូលដ្ឋាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា យុទ្ធនាការទាំងប្តេជ្ញាចិត្ត ទាំងសកម្មភាពសំអាតនៅតាមមូលដ្ឋាន កំពុងតែបានទទួលជោគជ័យហើយ ហើយកំពុងឆ្ពោះក្លាយទៅជាចលនា ដែលការចូលរួមពីអាជ្ញាធរដែនដី សាលារៀន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សហគមន៍ បានអនុវត្តជាប្រចាំ យូរទៅរុញចលនាហ្នឹងទៀតអោយទៅជាទម្លាប់។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា គោលដៅចម្បងនៃយុទ្ធនាការ និងកិច្ចសហការនានា គឺដើម្បីប្រែក្លាយពីសកម្មភាព ជំរុញទៅជាចលនា ឱ្យទៅជា «ទម្លាប់ស្អាត វប្បធម៌ស្អាត» របស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគឺចាប់ផ្តើមចេញពីកុមារ និងយុវជននៅតាមសាលារៀន។
សូមបញ្ជាក់ថា កន្លងមកបានក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាមសរុបចំនួន ៤៥ ២៤០ធុង ក្នុងនោះបានផ្តល់ជូនសាលា ចំនួន ១៦ ៩៣៥ធុង នៅតាម១១ខេត្ត រួមមាន ខេត្តកំពង់ធំ, កំពត, កណ្តាល, កោះកុង, ក្រចេះ, ព្រៃវែង, ពោធិ៍សាត់, សៀមរាប, ព្រះសីហនុ, កែប និងត្បូងឃ្មុំ។ ដោយឡែកក្នុងថ្ងៃចុះហត្ថលេខាលើអនុស្សារណៈរវាងក្រសួងបរិស្ថាននិងក្រសួងអប់រំយុវជននិងកីឡា នាពេលនេះ មានការផ្តល់ជូនធុងសំរាមបន្ថែម ចំនួន ១៧ ១៧៥ធុង ជូនទៅសាលារៀននៅតាមរាជធានី ខេត្ត ១៤រាជធានី-ខេត្ត រួមមាន បន្ទាយមានជ័យ , បាត់ដំបង, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, មណ្ឌលគិរី, រាជធានីភ្នំពេញ, ព្រះវិហារ, រតនគិរី, ស្ទឹងត្រែង, ស្វាយរៀង, តាកែវ, ឧត្តរមានជ័យ និងប៉ៃលិន។
ជាមួយគ្នានេះដែរ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមឆ្ពោះទៅកម្ពុជា មានភាពស្អាត តាមរយៈយុទ្ធនាការឈានទៅរកការកាត់បន្ថយសំណល់សូន្យ (Zero Waste)។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់ការណែនាំដល់បុគ្គលិកសិក្សា និងនាយកសាលាទាំងអស់ ធ្វើការបញ្ជ្រាបកម្មវិធីអប់រំបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទៅក្នុងសាលារៀន និងអប់រំសិស្សានុសិស្ស ឱ្យចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងជំរុញការចូលរួមប្រឡងប្រណាំង ក្នុងចលនា «សាលារៀនស្អាត» ដើម្បីបង្កើតបរិយាកាសសិក្សាស្រស់បំព្រង និងមានអនាម័យ។
សូមបញ្ជាក់ថា កិច្ចសហការជាប្រវត្តិសាស្ត្ររវាងក្រសួងទាំងពីរនឹងជួយជំរុញការកាត់បន្ថយការបំពុលដោយសំណល់ប្លាស្ទិក និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ នៅកម្ពុជាឱ្យមានមនសិការខ្ពស់ចំពោះបរិស្ថាន៕


















