សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់ MSMEs, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ (Video inside)
22-10-2026 11:13
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់សហគ្រាសមីក្រូតូច និងមធ្យម (MSMEs) រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខនេះ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
ដើម្បីជំរុញការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងទទួលផ្លែផ្កាពិតប្រាកដ, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុង រយៈពេលខ្លីខាងមុខនេះ ដូចខាងក្រោម៖
*ទី១៖ ការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើការសម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញាតផ្សេងៗ។ ចាប់ពីពេលនេះតទៅ ធុរជនមិនចាំចាប់ធ្វើដំណើរទៅគ្រប់ក្រសួង-ស្ថាប័នទៀតឡើយ។
*ទី២៖ ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា តាមថ្នាល CamDX ទាំងស្រុង នាពេលខ្លីខាងមុខ។ នេះជាគម្រោងជាក់ស្តែងមួយ ដែលមានគោលបំណងឆ្លើយតបនឹងកង្វល់របស់ធុរជនកន្លងមក។
*ទី៣៖ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ, ក្រសួង-ស្ថាប័ន ដែលផ្តល់សេវាសាធារណៈដល់ MSMEs ចំនួន១៨ បានតភ្ជាប់ជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX) បានដោយជោគជ័យ សម្រាប់ការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន តាមទម្រង់អេឡិចត្រូនិក ដែលមានន័យថាមនុស្សនឹងលែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតហើយ ពោលគឺទុកឱ្យទិន្នន័យអេឡិចត្រូនិកជាអ្នករត់វិញ។
ឈរលើមូលដ្ឋាននេះ សេវាសាធារណៈអេឡិចត្រូនិកសម្រាប់ផ្តល់ជូនដល់ MSMEs គ្រប់វិស័យ បាននិងកំពុង ត្រូវបានអភិវឌ្ឍយ៉ាងសស្រាក់សស្រាំជាបន្តបន្ទាប់លើថ្នាល CamDX ដែលការណ៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងកាត់បន្ថយពេលនៃការស្នើសុំសេវាសាធារណៈ។
*ទី៤៖ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាង «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀតគឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើមការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classify) សហគ្រាសជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម» ដែលផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ ទាំងផ្នែកមិនមែនសារពើពន្ធ។
សម្ដេចបវរធិបតី បានបញ្ជាក់ថា «ចំពោះការតាក់តែងសេចក្តីព្រាងអនុក្រឹត្យទាំងពីរត្រូវបានបញ្ចប់ ហើយខ្ញុំនឹងពិនិត្យមើលចុងក្រោយ មុនអាចដាក់ចេញឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ»៕

























































