សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ (Video inside)
22-10-2026 11:57
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការចេញមកតបតជាមួយលោក អ៊ុំ សំអាន ដែលកំពុងភៀសខ្លួនរស់នៅក្រៅប្រទេសគេច ពីការអនុវត្តច្បាប់របស់កម្ពុជា បន្ទាប់ពីបុគ្គលរូបនេះបានចេញមកចោទប្រកាន់រាជរដ្ឋាភិបាលថា បានព្រមព្រៀងជាមួយប្រទេសថៃ ដោយកាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ ទៅឲ្យប្រទេសថៃ។
ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការចោទប្រកាន់របស់លោក អ៊ុំ សំអាន បែបនេះ គឺស្មើនឹងការចោទប្រកាន់រាជរដ្ឋាភិបាលក្បត់ជាតិ ដូច្នេះជារឿងធ្ងន់ដែលសម្ដេចត្រូវតែចេញតបត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឃើញខ្ញុំឆ្លើយឆ្លងជាមួយលោក អ៊ុំ សំអាន នៅខាងក្រៅ ឃើញខ្ញុំសរសេរដាក់លក្ខខណ្ឌមួយចំនួនប៉ុន្ដែមិនទាន់យល់មូលហេតុអី គោលដៅអីដែលខ្ញុំចង់បាន ថ្ងៃនេះខ្ញុំសូមបញ្ជាក់បន្ដិចទៅចុះ។ មូលហេតុដែលត្រូវអញ្ជើញលោក អ៊ុំ សំអាន និងក្រុមគាត់មកជជែកនូវអ្វីដែលគាត់ចោទប្រកាន់ រដ្ឋាភិបាលធ្វើឲ្យបាត់ដីនៅបង្គោល៥២ ៥៩ វាស្មើនឹងចោទប្រកាន់រឿងក្បត់ជាតិ រឿងនេះធំណាស់»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, គោលបំណងដែលត្រូវជជែកគ្នាមិនមែនឲ្យខ្មែរឈ្លោះគ្នានោះឡើយ គឺសុំឲ្យតែខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងប់ស្ញៀមទុកឱកាសឲ្យរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើការដោះស្រាយ ជាមួយប្រទេសថៃ មិនត្រូវមកច្របូកច្របល់បែកអារម្មណ៍ជាមួយខ្មែរគ្នាឯងនោះទេ។ ពោលដំណាក់កាលនេះ ជាដំណាក់កាលព្រំដែនមិនទាន់ដោះស្រាយចប់ រឿងរស៉ើបច្រើនណាស់ ប៉ុន្ដែរាជរដ្ឋាភិបាលកំពុងធ្វើការដោយការទទួលខុសត្រូវ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា បើទោះបីប្រជាពលរដ្ឋទុកចិត្តរាជរដ្ឋាភិបាល ឬមិនគាំទ្ររាជរដ្ឋាភិបាល តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ត្រូវទុកឱកាសឲ្យយន្ដការរបស់ជាតិដែលតំណាងឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន ដោះស្រាយជាមួយភាគីថៃ ដើម្បីដោះស្រាយអធិបតេយ្យជាតិ ប៉ុន្ដែពេលនេះដំណើរការដោះស្រាយបញ្ហាមិនទាន់ត្រូវបានបិទបញ្ចប់ ផ្ទុយទៅវិញកំពុងស្មុគស្មាញ។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ត្រូវបង្កើននូវការសាមគ្គីភាពផ្ទៃក្នុង កុំហែកហូរគ្នា ត្រូវរក្សាមូលគំនិតគ្នាទុកឱកាសឲ្យរាជរដ្ឋាភិបាល មានភាពស្ងប់ស្ងាត់ដើម្បីប្រឆាំងទល់ជាមួយសមរភូមិផ្សេងទៀតដែលបង្កដោយប្រទេសថៃ មិនមែនត្រូវឆ្លើយឆ្លងជាមួយខ្មែរគ្នាឯងនោះទេ។
ព្រមពេលជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លៀតលាតត្រដាងនូវរឿងមួយចំនួនពាក់ព័ន្ធការចោទប្រកាន់របស់លោក អ៊ុំ សំអាន មកលើរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបានអះអាងថា សម្ដេចមិនត្រូវការលោក អ៊ុំ សំអាននោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលត្រូវការអ្វីដែលលោក អ៊ុំ សំអានមាន។ ប៉ុន្ដែផ្ទុយទៅវិញ លោក អ៊ុំ សំអាន គ្មានភស្ដុតាងអ្វីនៅក្នុងដៃទាល់តែសោះ ហើយនិយាយតាមបែបស្រម៉ៃប៉ុណ្ណោះ៕

























































