ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ ជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស នៅខេត្តព្រៃវែង
22-10-2026 15:17
(ព្រៃវែង)៖ លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងលោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី «ការពង្រឹងការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស» នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ទីប្រឹក្សាអមក្រសួងយុត្តិធម៌ និងក្រុមការងារ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងលោក លោកស្រី អនុប្រធាន ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការ ក្រឡាបញ្ជី និងមន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំង លោក លោកស្រី ស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការនគរបាលក្រុង-ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង-ស្រុក និងលោក លោកស្រី ជាមន្រ្តីនគរបាលយុត្តិធម៌ នៃមន្ទីរជំនាញជុំវិញខេត្តព្រៃវែង សរុបចំនួន ១១៥នាក់។
លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការជួបជុំថ្ងៃនេះដើម្បីជជែកពិភាក្សាលើការអនុវត្តច្បាប់ ការទប់ស្កាត់ និងបង្រ្កាបបទល្មើស ដូចនេះយើងត្រូវកំណត់ទិសដៅរួមគឺដើម្បីយុត្តិធម៌សង្គម តាមរយៈការអនុវត្តច្បាប់ដោយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងផ្ដល់យុត្តិធម៌ឱ្យជនល្មើស។ ការផ្ដល់យុត្តិធម៌ឱ្យជនល្មើសនៅទីនេះ គឺការសម្រេចផ្ដន្ទាទោសជនល្មើសឱ្យបានត្រឹមត្រូវតាមអំពើល្មើស។
ជាមួយគ្នានេះដែរ លោកអគ្គព្រះរាជអាជ្ញា បានផ្សព្វផ្សាយខ្លឹមសារអំពី សន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរៀបចំរួមគ្នារវាងអាជ្ញាធរកម្ពុជា និងទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក ជូនដល់អង្គប្រជុំ និងណែនាំឱ្យយកចិត្តទុកដាក់អនុវត្តកិច្ចការងារនេះ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោក សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ផ្អែកតាមរបាយការណ៍លទ្ធផលការងាររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដែលបានអនុវត្តការងារសម្រេចលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ សមិទ្ធិផលទាំងនេះ កើតចេញមកពីកម្លាំងសាមគ្គីភាពផ្ទៃក្នុងល្អ រវាងស្ថាប័នតុលាការ និងស្ថាប័នអយ្យការ ជាពិសេសមានកិច្ចសហប្រតិបត្តិការល្អពីអាជ្ញាធរដែនដី និងមន្រ្តីនគរបាលយុត្តិធម៌គ្រប់ជំនាញ។
ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានលើកឡើងអំពី៖
*១៖ ការកែទម្រង់វិស័យយុត្តិធម៌ ដែលជាចក្ខុវិស័យចម្បង និងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ដំណើរការដ៏ល្អ នៃការជំនុំជម្រះរឿងក្ដី ស្របតាមគោលការណ៍យុត្តិធម៌ នីតិរដ្ឋ និងការគោរពសិទ្ធិ សេរីភាពបុគ្គលដែលមានចែងក្នុងច្បាប់ និងបង្កើនជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើប្រព័ន្ធយុត្តិធម៌។
*២៖ យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដី ដែលបានដាក់ចេញដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាំងពីឆ្នាំ២០២៤ ដែលជាយុទ្ធនាការនៃការកាត់ក្តីឱ្យបានត្រឹមត្រូវ ឆាប់រហ័ស ដោយគ្មានអំពើពុករលួយ ពិសេសសំណុំរឿងគ្រឿងញៀន សំណុំរឿងបទល្មើសចរាចរណ៍ សំណុំរឿងក្មេងទំនើង និងសំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្រ្តីរាជការ នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បន្តសហការការងារជាមួយអាជ្ញាធរដែនដី និងមន្ត្រីនរបាលយុត្តិធម៌ ទាំងអស់ឱ្យបានល្អប្រសើរ និងរឹងមាំ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនតាមរយៈការអនុវត្តច្បាប់ ការទប់ស្កាត់និងការបង្ក្រាបបទល្មើសឱ្យទាន់សភាពការណ៏ជាក់ស្តែង ដោយឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ និងការទទួលខុសត្រូវប្រកបដោយសីលធម៌ និងវិជ្ជាជីវៈ៕




























