អង្គការ EBC និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចុះ MoU ធ្វើកិច្ចសហប្រតិបត្តិការរៀបចំ អភិវឌ្ឍ ផលិត និងផ្សព្វផ្សាយមាតិកា សម្រាប់ «សង្ឃសព្ទ» (Video inside)
22-10-2026 15:29
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ អភិវឌ្ឍ ផលិត និងផ្សព្វផ្សាយមាតិកាសម្រាប់ «សង្ឃសព្ទ» រវាងអង្គការ EBC និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើងនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដោយមានការនិមន្តចូលរួមពីសម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរសនៃពុទ្ធិកមហាវិទ្យាល័យ និងវត្តមានអញ្ជើញចូលរួមពីលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ស្តីពីការបង្កើត និងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (EBC) លោក មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ងួន ស្ដេចភក្ដី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លោក សែ មុទ្ធិជាតិ ប្រធានអង្គការ EBC ព្រមទាំងព្រះវត្តមាន និងវត្តមានរបស់ព្រះមន្ត្រីសង្ឃ, រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ គណៈប្រតិភូអមដំណើរជាសាកលវិទ្យាធិការរង សមាជិកគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិក និងសាស្ត្រាចារ្យ។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ មានគោលបំណងបង្កើតក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយផ្តោតលើគោលបំណងសំខាន់ៗរួមមាន៖
១- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំ និងស្ថាប័នឌីជីថល ដើម្បីរួមគ្នាអភិវឌ្ឍ និងផ្សព្វផ្សាយចំណេះដឹងពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាតាមរយៈបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព
២- កែលម្អគុណភាព និងបង្កើនសមត្ថភាពរបស់ស្ថាប័នក្នុងការផលិតមាតិកាតាមរយៈប្រព័ន្ធផ្សព្វផ្សាយអប់រំ និងគ្រប់គ្រងថ្នាលឌីជីថលឱ្យបានប្រសើរ
៣- អភិរក្ស និងលើកស្ទួយ «សង្ឃសព្ទ» ក្នុងនាមជាមរតកភាសាដែលមានតម្លៃចំពោះព្រះពុទ្ធសាសនា វប្បធម៌ និងអក្សរសាស្ត្រជាតិ
៤- ជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងការអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពចម្បង និង
៥- លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យអប់រំ ស្របតាមការវិវត្តនៃវិស័យអប់រំក្នុងយុគសម័យទំនើប៕
























































