ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា
22-10-2026 15:50
(ភ្នំពេញ)៖ នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាល់ដ្រា ចែនស្ពឺ សហរដ្ឋមន្ត្រីការបរទេស និងលោក ឡាអ៊ូរីយ៉ាណូ អូតហ្គា ម៉ូរ៉េលឡូ ទីប្រឹក្សាប្រធានាធិបតី ទទួលបន្ទុកការលើកកម្ពស់ការវិនិយោគពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃសាធារណរដ្ឋនីការ៉ាហ្កា បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋនីការ៉ាហ្កា នៅទីក្រុងម៉ាណាហ្កា ប្រកបដោយភាពជោគជ័យ។
ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានបង្កើតឡើងជាផ្លូវការ កាលពីឆ្នាំ១៩៩៤ ដែលត្រូវជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតក្នុងឆ្នាំនេះ។
ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះលទ្ធផលប្រកបដោយផ្លែផ្កា ដែលសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមមានដូចជាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការបង្កើតយន្តការពិគ្រោះយោបល់ផ្នែកនយោបាយ លើបញ្ហាដែលជាផលប្រយោជន៍រួម និងកិច្ចព្រមព្រៀងលើការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ច នៅក្នុងប្រទេសរៀងៗខ្លួន និងបានពិភាក្សារិះរកវិធីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគវប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងសភា និងវិស័យផ្សេងៗទៀត ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក។
នៅក្នុងក្របខ័ណ្ឌពហុភាគីភាគីទាំងពីរ ក៏បានរំលឹកសារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាផ្សេងៗរួមមាន៖ អង្គការសហប្រជាជាតិ និងវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាម៉េរិកឡាទីន (FEALAC) ជាដើម។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកព្រមទាំងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈមធ្យោបាយការទូត និងផ្លូវច្បាប់។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។ ក្នុងន័យនេះ លោករដ្ឋលេខាធិការក៏បានជម្រាបជូនភាគីនីការ៉ាហ្កា អំពីស្ថានភាពបច្ចុប្បន្ន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធីការគោរពអធិបតេយ្យ និងការមិនប្រើប្រាស់កម្លាំងដែលអនុលោមតាមច្បាប់អន្តរជាតិ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងម៉ាណាហ្កា លោករដ្ឋលេខាធិការ ក៏បានចូលជួបសម្តែងការគួរសមជាមួយលោក ហ្គូស្តាវ៉ូ ប៉ូរ៉ាស ក័រតេស ប្រធានរដ្ឋសភានីការ៉ាហ្កា ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងនីការ៉ាហ្កា បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ប្រធានសភាក៏បានបញ្ជាក់ផងដែរថា លោកមានបំណងនឹងអញ្ជើញសមាជិកនៃក្រុមមិត្តភាពសភាកម្ពុជា-នីការ៉ាហ្កា ទៅបំពេញទស្សនកិច្ចនៅប្រទេសនីការ៉ាហ្កា ក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចពិគ្រោះយោបល់នយោបាយលើកទី១ បានបញ្ចប់ដោយជោគជ័យជាមួយនឹងការឯកភាពគ្នស្វែងរកកាលបរិច្ឆេទ ដែលសមស្របសម្រាប់ភាគីទាំងពីរជួបពិភាក្សាគ្នានាពេលបន្ទាប់នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៨ ខាងមុខនេះ។









