ជំនួបជាមួយមន្ត្រីការទូតនីការ៉ាហ្កា! មន្ត្រីការទូតកម្ពុជា បានបញ្ជាក់ជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ
22-10-2026 16:10
(ភ្នំពេញ)៖ នៅកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋនីការ៉ាហ្កា នៅទីក្រុងម៉ាណាហ្កា, លោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជម្រាបជូនភាគីនីការ៉ាហ្កា អំពីស្ថានភាពបច្ចុប្បន្ន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធីការគោរពអធិបតេយ្យ និងការមិនប្រើប្រាស់កម្លាំងដែលអនុលោមតាមច្បាប់អន្តរជាតិ។
តាមរយៈលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី១ រវាងក្រសួងការបរទេសនីការ៉ាហ្កា ដែលធ្វើឡើងកាលថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៦ លោក មាស គឹមហេង និងភាគីនីការ៉ាហ្កាក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមផងដែរ។
ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងម៉ាណាហ្កា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ក៏បានចូលជួបសម្តែងការគួរសមជាមួយលោក ហ្គូស្តាវ៉ូ ប៉ូរ៉ាស ក័រតេស ប្រធានរដ្ឋសភានីការ៉ាហ្កា ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងនីការ៉ាហ្កា បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងក្របខ័ណ្ឌពហុភាគីភាគីទាំងពីរ ក៏បានរំលឹកសារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាផ្សេងៗរួមមាន៖ អង្គការសហប្រជាជាតិ និងវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាម៉េរិកឡាទីន (FEALAC) ជាដើម។ ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាពស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងតំបន់ និងសកលលោកព្រមទាំងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈមធ្យោបាយការទូត និងផ្លូវច្បាប់។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជាតែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕








