រដ្ឋមន្រ្តីសង្គមកិច្ច ចាត់ទុកការអភិវឌ្ឍនិងការពង្រឹងសមត្ថភាពមន្ត្រីរាជការ ជាកម្មវិធីអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពនានារបស់ក្រសួង
22-10-2026 17:35
(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកការអភិវឌ្ឍ និងការពង្រឹង សមត្ថភាពមន្ត្រីរាជការ ជាកម្មវិធីអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់ក្រសួង ក្នុងគោលដៅកសាងធនធានមនុស្សដែលពោរពេញដោយសមត្ថភាពចំណេះដឹង ជំនាញច្បាស់លាស់ និងពិតប្រាកដ ដើម្បី
ផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជូនដល់មុខសញ្ញា ដែលមកទទួលសេវាក្នុងវិស័យសង្គម
កិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។ លោកបន្តថា យើងបានពិនិត្យវិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធក្រសួងឡើងវិញ និងរៀបចំធ្វើជំរឿនមន្ត្រីនៅដើមខែវិច្ឆិកាខាងមុខ ពិសេសការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មដែលបានធ្វើឱ្យការអនុវត្តការងារ របស់យើងកាន់តែមានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ ជូនសិក្ខាកាមស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ផានគតិយុត្ត» ជាវគ្គទី៦ ដែលក្រសួងបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរបស់ក្រសួង ក្រៅពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលរៀបចំដោយអង្គភាពជំនាញនានា ចំណុះក្រសួង ជូនដល់មន្ត្រីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់រាជធានី-ខេត្ត។
លោក ជា សុមេធី បានបន្ថែមថា វត្តមានសិក្ខាកាមទាំងអស់នាពេលនេះពិតជាបានសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការរួមគ្នាយ៉ាងសកម្ម គាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយការទទួលខុសត្រូវ។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះក្រសួងមុខងារសាធារណៈ និងសាលាភូមិន្ទរដ្ឋបាល ដែលតែងតែបានបណ្តុះបណ្តាលចំណេះដឹងនានាជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិសេសអរគុណលោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» រយៈពេល០២ថ្ងៃ ជូនដល់មន្ត្រីរាជការនៃក្រសួងប្រកបដោយជោគជ័យនាពេលនេះ។
តាមរបាយការណ៍ របស់ លោក អ៊ុន សុធី ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ការរៀបចំវគ្គបណ្តុះ បណ្តាលនានាកន្លងទៅ យើងបានកសាង ធនធានមនុស្ស លើជំនាញខាងលើ សរុបជាង៥០០នាក់ រួចហើយរួមនិងការបណ្ដុះបណ្តាលនាពេលនេះ ជាង១៨០នាក់បន្ថែមទៀត។ នេះជាមោទកភាពមួយដែលយើងបានកសាងធនធានមន្ត្រីរបស់យើង ដើម្បីត្រៀមខ្លួនចូលរួមគ្រប់សកម្មភាពការងាររបស់ក្រសួងដើម្បីពង្រឹងតួនាទី ភារកិច្ចរបស់ក្រសួងក៏ដូចជាចូលរួមផ្តល់សេវានានាជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ។
លោករដ្ឋមន្រ្តីបានឲ្យដឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមយើងទាំងអស់ពិតជាបានទទួលបាននូវចំណេះដឹងជំនាញថ្មីៗ ពាក់ព័ន្ធ នឹងការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចការដ្ឋបាល ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល តាមរយៈការបង្ហាត់បង្ហាញ និងចែករំលែកបទពិសោធន៍ពីគ្រូឧទ្ទេសដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់។
លោក ជា សុមេធី សូមឱ្យសិក្ខកាមរបស់យើង យកនូវចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលដ៏មាន សារៈសំខាន់នេះ ប្រែក្លាយទៅជា ការអនុវត្តជាក់ស្ដែងនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីជាឧត្តមប្រយោជន៍សុន្ទរកថាបិទវគ្គបណ្តុះបណ្តាលស្តីពី «ការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត» សម្រាប់ការងារវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ លោកសូមឱ្យមានការរៀបចំវគ្គបណ្តុះ
បណ្តាលរបៀបនេះ ជាបន្តបន្ទាប់ទៀត និងសូមឱ្យសិក្ខាកាមដែលទទួលបានចំណេះដឹងនាពេលនេះ បន្ត ចែករំលែកចំណេះដឹងបន្តទៅមន្ត្រី នៅក្នុងអង្គភាពរបស់ខ្លួន និងបន្តពង្រឹងចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីសម្រេចឱ្យបាននូវមូលធនមនុស្សប្រកបដោយចំណេះដឹង និងជាសសរទ្រូងរបស់ប្រទេសជាតិ៕

















