ក្រសួងបរិស្ថាន សម្ពោធដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០»
22-10-2026 18:19
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
យុទ្ធសាស្ត្រថ្មីនេះ ត្រូវបានដាក់ចេញយ៉ាងច្បាស់លាស់ ព្រមទាំងជំរុញការចូលរួមរបស់គ្រប់ភាគី ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ដើម្បីសម្រេចបាននូវគោលដៅខាងលើ ផែនការយុទ្ធសាស្ត្រនេះ បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន៣ យ៉ាងច្បាស់លាស់រួមមាន៖
*ទី១ ការពង្រឹងសិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិតក្នុងវិស័យបរិស្ថាន
*ទី២ ការពង្រឹងសមត្ថភាព ឆ្លើយតបនឹងយេនឌ័រ ក្នុងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ
និងទី៣ ពង្រឹងគណនេយ្យភាពយេនឌ័រ ការសម្របសម្រួល និងការសហការពីភាគីពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការបញ្ជ្រាបយេនឌ័រ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែងថា ឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយមានភាពប្រទាក់ក្រឡាយ៉ាងស្អិតរមួតជាមួយនឹង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» និងគោលនយោបាយជាតិ នៃការគ្រប់គ្រងបរិស្ថាន ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតងនៅកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញភាពស្អាត តាមរយៈយុទ្ធនាការនានា រួមមានយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានជំរុញការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក យុទ្ធនាការ«ពន្លកបៃតង» បានជំរុញការចូលរួមដាំដើមឈើរាប់លានដើម ដើម្បីបង្កើនគម្របបៃតង និងការលើកកម្ពស់ការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន។
លោកបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា សកម្មភាពអាទិភាពទាំងនេះ សុទ្ធសឹងតែផ្តល់ផលប្រយោជន៍ ជាពិសេសដល់ស្ត្រី និងកុមារ ក្នុងការធានាឱ្យពួកគាត់បានរស់នៅក្នុងបរិស្ថាន ដែលមានភាពស្អាត មានសុខភាពល្អ និងមានការរស់នៅប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០ គឺជាសមិទ្ធផលលើកទី៤ ហើយ គិតចាប់តាំងពីឆ្នាំ២០១០ មក។ ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជំនាន់ទី៤នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ របស់ក្រសួងបរិស្ថានក្នុងការលើកកម្ពស់ សមធម៌យេនឌ័រ និងជាជំហានដ៏សំខាន់ក្នុងការបំប្លែង គោលនយោបាយឱ្យទៅជាសកម្មភាពជាក់ស្តែង នៅគ្រប់កម្រិតចាប់ពីថ្នាក់ជាតិ រហូតដល់សហគមន៍មូលដ្ឋាន ដើម្បីកសាងសង្គមកម្ពុជា ឱ្យកាន់តែមានស្អាត ភាពបៃតង និងចីរភាព៕




































