សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និង រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាង និងអញ្ជើញជាព្រះរាជអធិបតី និងអធីបតីក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី-សំស្ក្រឹត និងសូត្របាតិមោក្ខ
22-10-2026 20:36
(ភ្នំពេញ)៖ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជ័យលាភីសិស្សពូកែ ផ្នែកភាសាបាលី សំស្រ្តឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៦ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីនេះមានការយាង និមន្ត និងអញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះអគ្គាធិការរង សម្តេច ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា មន្ត្រីរាជការ និងបេក្ខសមណៈ បេក្ខជនសរុបចំនួន ២៦៤ អង្គនាក់ បានចូលរួមប្រឡង ក្នុងនោះ ផ្នែកភាសាបាលី-សំស្រ្តឹតចំនួន ១៩៨ អង្គនាក់ និងផ្នែកបាតិមោក្ខ ចំនួន ៦៦ អង្គ ។
លោក ចាយ បូរិន បានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដែលទ្រង់បានផ្ដួចផ្តើមឱ្យមានកម្មវិធីប្រឡងថ្នាក់ជាតិនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យ និងកសាងបាននូវមូលធនព្រះសង្ឃ ក្នុងគោលបំណងជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនទាំងបរិមាណនិងគុណភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រី បានបន្តថា កម្ពុជាជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើមូលដ្ឋានព្រះពុទ្ធសាសនា ការរៀបចំកម្មវិធីប្រឡងនាពេលនេះ ពិតជាឆ្លើយតបបានយ៉ាងស័ក្តិសមបំផុត ចំពោះវិស័យពុទ្ធចក្រនិងអាណាចក្រ ព្រោះបាតិមោក្ខ គឺជាធម្មនុញ្ញនៃព្រះពុទ្ធសាសនា ជាបញ្ញត្តិហាមឃាត់ដោយកាយ វាចា ចិត្ត ញ៉ាំងបុគ្គលអ្នកប្រតិបត្តិតាម ឱ្យរួចចាកអំពីអបាយនិងសេចក្តីទុក្ខបាន។ ចំណែកឯភាសាបាលី សំស្ក្រឹត ក៏មានសារៈសំខាន់ និងចាំបាច់ខ្លាំងណាស់សម្រាប់ព្រះពុទ្ធសាសនា មិនត្រឹមតែជាគ្រឹះដ៏រឹងមាំក្នុងការរក្សានូវពុទ្ធវចនៈដើម ឱ្យគង់វង្សស្ថិតស្ថេរប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងអក្សរសាស្ត្រខ្មែរ ក៏មានពាក្យកម្ចីជាច្រើនដែលបានមកពីភាសាបាលីនិងសំស្ត្រឹតផងដែរ។
ដើម្បីឱ្យភាសាបាលី-សំស្រ្តឹតនិងសូត្របាតិមោក្ខ កាន់តែមានការរីកចម្រើន ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១៖ សូមឱ្យអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បន្តរៀបចំកម្មវិធីប្រឡងនេះ ឱ្យបានជារៀងរាល់ឆ្នាំ ដើម្បីធានាបាននូវភាពរឹងមាំនិងរីកចម្រើននៃព្រះពុទ្ធសាសនា។
២៖ ដើម្បីឱ្យស្របទៅនឹងគោលបំណងនៃការប្រឡង សូមឱ្យព្រះចៅអធិការគ្រប់វត្តអារាម ចូលរួមពង្រឹងការធ្វើឧបោសថកម្មពោលគឺការសូធ្យព្រះបាតិបោក្ខ ឱ្យបានមួយខែពីរដង ឬយ៉ាងហោចឱ្យបាន១ដង ដើម្បីធ្វើឱ្យព្រះសង្ឃក្លាយទៅជាបុញ្ញខេត្តដ៏ប្រពៃសម្រាប់ពុទ្ធបរិស័ទ ។
៣៖ ភាសាបាលី សំស្រ្កឹត គឺជាអត្តសញ្ញាណសម្គាល់ភាពខ្លាំងនៃវិស័យពុទ្ធិក ដូច្នេះសូមឱ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាបង្កើតយន្តការគាំទ្រ ធ្វើយ៉ាងណារក្សាឱ្យបាននូវគុណតម្លៃនៃអត្តសញ្ញាណនិងភាពខ្លាំងនេះ ឱ្យបានគង់វង្ស ល្បីរន្ទឺ ទៅទូទាំងប្រទេស ហើយត្រូវជំរុញការសិក្សាភាសាទាំងនេះក្នុងនាមជាសោភ័ណភាពនៃអក្សរសាស្ត្រនិងជាឧបករណ៍សម្រាប់ស្រាវជ្រាវសិលាចារឹក វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ មិនមែនត្រឹមតែជាភាសាសាសនាមួយមុខនោះឡើយ។
៤៖ សូមឱ្យសមណសិស្ស សិស្សដែលទទួលបានជ័យលាភីថ្ងៃនេះ ត្រូវរក្សានូវគុណតម្លៃនេះឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវខិតខំប្រឹងប្រែងបន្តទៀត អភិវឌ្ឍចំណេះដឹងខាងផ្នែកភាសាបាលី សំស្ក្រឹតនេះ ឱ្យរឹងរិតតែមានភាពស្ទាត់ជំនាញខ្ពស់ឡើងថែមទៀត ដើម្បីប្រែក្លាយជំនាញនេះទៅជាសក្តានុពលនៃវិស័យពុទ្ធិកសិក្សា ។
នាឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានយាងនិងអញ្ជើញជាព្រះរាជអធិបតីនិងអធិបតី ចែកនូវវិញ្ញាបនបត្រនិងរង្វាន់លើកទឹកចិត្តផ្សេងៗ ដល់សមណសិស្សនិងបេក្ខសមណៈជ័យលាភីតាមផ្នែកនីមួយៗ ប្រកបដោយសេចក្តីរីករាយនិងមោទនភាពបំផុត ៕






















































