ប្រកាសលទ្ធផល និងប្រគល់រង្វាន់ដល់សមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី សំស្ក្រឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៦
22-10-2026 20:47
(ភ្នំពេញ)៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការនិងសាសនា បានរៀបចំពិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ដល់សមណសិស្ស-សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី សំស្ក្រឹត និងសូត្របាតិមោក្ខ។
កម្មវិធី ប្រកាសលទ្ធផល និងប្រគល់រង្វាន់ដល់សមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី សំស្ក្រឹត និងសូត្របាតិមោក្ខ ឆ្នាំ២០២៦ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមព្រះរាជាធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តម បណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ ព្រះសិរីសង្គមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សានៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានគូសបញ្ជាក់ពីសារសំខាន់នៃពុទ្ធិកសិក្សាថាជាឆ្អឹងខ្នង នៃព្រះពុទ្ធសាសនា និងជាសរសរស្តម្ភនៃវឌ្ឍនភាពសង្គម។
ព្រះអង្គ ព្រះសិរីសង្គមមុនី បានបង្ហាញនូវលទ្ធផល និងដំណើរការនៃការប្រឡងដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខសមណចូលរួមសរុបចំនួន ២៦៤ព្រះអង្គ។ ក្នុងនោះ ផ្នែកភាសាបាលី-សំស្ក្រឹត មានចំនួន ១៩៨រូប (ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ១៤៧រូប និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ៥១រូប) និងផ្នែកសូត្របាតិមោក្ខ មានចំនួន ៦៦រូប។
សូមបញ្ជាក់ថា ការប្រឡងនេះត្រូវបានវាយតម្លៃថាបានប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ស្របតាមព្រះរាជបន្ទូលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គាធិការថា «អ្នកចេះ គឺជាប់ ជាប់ដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ»។
បន្ថែមពីលើប្រាក់រង្វាន់ និងវិញ្ញាបនបត្រ ជ័យលាភីថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ក៏ទទួលបានសិទ្ធិស្នើសុំ បម្រើការងារជាគ្រូបង្រៀនកិច្ចសន្យា នៅតាមរាជធានី-ខេត្ត តាមរយៈអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិផងដែរ។
ក្នុងឱកាសវិសេសវិសាលនេះ អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ បានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២០លានរៀល ប្រគេនដល់សមណសិស្សជ័យលាភី។
គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងឧទ្ទិសដល់ស្មារតីការងារអប់រំ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អតីតអគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងគោលដៅមនុស្សធម៌សុទ្ធសាធ ដើម្បីជួយដល់សហគមន៍ ជាពិសេសព្រះសង្ឃ តាមរយៈការឧបត្ថម្ភពុទ្ធិកសិក្សា ការផ្គត់ផ្គង់សម្ភារសិក្សា និងការចូលរួមលើកស្ទួយអក្សរសាស្ត្រខ្មែរ ភាសាបាលី សំស្ក្រឹត ទស្សនវិជ្ជាពុទ្ធសាសនា និងវប្បធម៌ជាតិ។
គួរបញ្ជាក់ថា ថវិកាឧបត្ថម្ភសរុបចំនួន ២០លានរៀល ត្រូវបានបែងចែកប្រគេនជ័យលាភីតាមកម្រិតនីមួយៗរួមមាន៖
* ពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ភាសាបាលី-សំស្ក្រឹត): ជ័យលាភីលេខ១ ទទួលបាន ៣លានរៀល, លេខ២ ទទួលបាន ២លានរៀល និងលេខ៣ ទទួលបាន ១លានរៀល។
* ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (ភាសាបាលី-សំស្ក្រឹត): ជ័យលាភីលេខ១ ទទួលបាន ៤លានរៀល, លេខ២ ទទួលបាន ៣លានរៀល និងលេខ៣ ទទួលបាន ២លានរៀល។
* ជ័យលាភីបាតិមោក្ខកោវិទ (ចំនួន ៥ ព្រះអង្គ): ជ័យលាភីលេខ១ ទទួលបាន ២លានរៀល, លេខ២ ទទួលបាន ១លានរៀល, លេខ៣ ទទួលបាន ១លានរៀល, ចំណែកលេខ៤ និងលេខ៥ (កិត្តិយស) ទទួលបានក្នុងមួយអង្គចំនួន ៥សែនរៀល។
សូមរម្លឹកថា ការចូលរួមឧបត្ថម្ភ និងការគាំទ្រយ៉ាងសកម្មពីសំណាក់អង្គការមូលនិធិសង្គហសិក្សា ខៀវ ស៊ីណា ជា ចាន់តូ ក្នុងកម្មវិធីនេះ មិនត្រឹមតែជាការផ្ដល់ការលើកទឹកចិត្ត ដល់សមណសិស្សដែលមានស្នាដៃខិតខំរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងលើកស្ទួយវិស័យពុទ្ធិកសិក្សា ភាសាបាលី-សំស្ក្រឹត និងវប្បធម៌ជាតិ ឱ្យបានគង់វង្សរីកចម្រើនរុងរឿងតទៅមុខទៀត៕




















