រដ្ឋមន្ត្រីសុខាភិបាល ស្នើឱ្យអង្គការដៃគូបន្តពង្រីកឱកាសអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលឯកទេសនៅបារាំង ស្របតាមតម្រូវការអាទិភាពកម្ពុជា
22-10-2026 21:50
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឱ្យ AIRES Global Health និងដៃគូបន្តពិចារណាពង្រីកឱកាសអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលឯកទេសនៅប្រទេសបារាំង ស្របតាមតម្រូវការអាទិភាពរបស់ប្រព័ន្ធសុខាភិបាលកម្ពុជា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសទទួលជួបសម្តែងការគួរសមជាមួយ លោកស្រីសាស្ត្រាចារ្យ Véronique Phé ស្ថាបនិក និងប្រធានអង្គការ AIRES Global Health នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថាកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង គឺចាប់ផ្តើមពីគម្រោងល្អតូចមួយ ក៏អាចនឹងបង្កើតទៅជាសមិទ្ធផលដ៏ធំធេង ចូលរួមជាមួយសុខាភិបាល លើកកម្ពស់សុខភាពស្ត្រីកម្ពុជា នៅគ្រប់កម្រិត ទាំងកម្រិតជាតិ និងពិសេសកម្រិតសហគមន៍។
តាមរយៈជំនួបនាពេលនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្នុងការលើកកម្ពស់សុខភាពស្ត្រី ជាពិសេសសុខភាពប្រព័ន្ធទឹកនោម និងសុខភាពអាងត្រគាករបស់ស្ត្រី ព្រមទាំងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សសុខាភិបាលនៅកម្ពុជា តាមរយៈកម្មវិធី LOTUS។
ជាមួយគ្នានេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រីសាស្ត្រាចារ្យ Véronique Phé ព្រមទាំងអង្គការ AIRES Global Health និងមូលនិធិ Pièrre Fabre ដែលបានចូលរួមគាំទ្រការលើកកម្ពស់សុខភាពស្ត្រីនៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ការបណ្តុះបណ្តាលជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍វេជ្ជសាស្ត្ររវាងក្រុមគ្រូពេទ្យកម្ពុជា និងបារាំង។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការលើកកម្ពស់សុខភាពស្ត្រី ជាពិសេសការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបញ្ហាប្រព័ន្ធទឹកនោម និងសរីរាង្គអាងត្រគាក ដូចជា ការលេចនោម និងការធ្លាក់សរីរាង្គអាងត្រគាក គឺជាកិច្ចការសំខាន់មួយក្នុងការកែលម្អគុណភាពជីវិត សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ស្ត្រី។
នាឳកាសនេះលោកស្រីសាស្ត្រាចារ្យ Véronique Phé បានជម្រាបជូនថា កិច្ចសហការជាមួយក្រសួងសុខាភិបាលកម្ពុជា តាមរយៈកម្មវិធី LOTUS ដែលបានផ្តល់ឱកាសដល់ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ព្យាបាល និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការរៀបចំថ្នាក់បណ្តុះបណ្តាលជាន់ខ្ពស់ (Masterclass) និងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង។
ទន្ទឹមនឹងនោះលោកស្រីក៏បានលើកឡើងពីគំនិតផ្តួចផ្តើមគាំទ្រគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធទឹកនោមវ័យក្មេងកម្ពុជាចំនួន ៣រូប មកពីមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទៅបំពេញកម្មសិក្សាសង្កេតនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងពង្រឹងជំនាញឯកទេស និងជំរុញការផ្ទេរចំណេះដឹង និងបទពិសោធន៍មកអនុវត្តក្នុងការផ្តល់សេវាសុខាភិបាលនៅកម្ពុជា៕





















