អបអរសាទរដល់សមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ, ទុតិយភូមិ និងជ័យលាភីបាតិមោក្ខកោវិទ
22-10-2026 21:43
(ភ្នំពេញ)៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា បានរៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិនិងសូត្របាតិមោក្ខ ដែលបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២៦កន្លងទៅនេះ។
សូមជម្រាបថា បេក្ខសមណៈ បេក្ខជនទាំងពីរកម្រិតភូមិសិក្សាត្រូវបានជ្រើសរើសចេញពីការប្រឡងប្រជែង តាមសាលានីមួយៗទូទាំងប្រទេស។ បន្ទាប់មក គណៈគ្រប់គ្រងសាលាបានបញ្ជួនជ័យលាភីទាំងនោះ មកចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ ដែលរៀបចំដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា។
បេក្ខសមណៈ បេក្ខជនសរុបមានចំនួន ១៩៨ អង្គ/នាក់ បានដាក់ពាក្យប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត។ ក្នុងនោះបេក្ខសមណៈ បេក្ខជនថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិមានចំនួន ១៤៧ អង្គនាក់ និងទុតិយភូមិមានចំនួន ៥១អង្គ/នាក់ ត្រូវបានបែងចែកជា១៣បន្ទប់។
ដោយឡែក សម្រាប់ការប្រឡងសូត្របាតិមោក្ខ មានបេក្ខសមណៈដាក់ពាក្យចូលរួមប្រឡង សរុបចំនួន៦៦អង្គ ត្រូវបានបែងចែកជា ៣បន្ទប់ ក្នុង១បន្ទប់ មានបេក្ខសមណៈ ចំនួន២២អង្គ។
* ជ័យលាភីសមណសិស្សពូកែទូទាំងប្រទេស សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិមាន៖
១៖ សមណសិស្ស សុខ សុវណ្ណបញ្ញា ជ័យលាភីលេខ១ មកពីពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ខេត្តបាត់ដំបង
២៖ សមណសិស្ស ស្រស់ ឧសភា ជ័យលាភីលេខ២ មកពីពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ រាជធានីភ្នំពេញ
៣៖ សមណសិស្ស សុធានី សីហសូនូ ជ័យលាភីលេខ៣ មកពីពុទ្ធិកអនុវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងច្បារមន
* ជ័យលាភីសមណសិស្សពូកែទូទាំងប្រទេស សម្រាប់កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិមាន៖
១៖ សមណសិស្ស រី ម៉ាលី ជ័យលាភីលេខ១ មកពីពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ រាជធានីភ្នំពេញ
២៖ សមណសិស្ស គុណ ចាន់វៃ ជ័យលាភីលេខ២ មកពីពុទ្ធិកវិទ្យាល័យរាជបូណ៌ ខេត្តសៀមរាប
៣៖ សមណសិស្ស យ៉ាន វិអ៊ា ជ័យលាភីលេខ៣ មកពីពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ រាជធានីភ្នំពេញ
* ជ័យលាភីបាតិមោក្ខកោវិទមាន៖
១៖ បេក្ខសមណៈ ហ៊ុន ឆេងប៉ាវ ជ័យលាភីលេខ១ មកពីខេត្តកំពង់ឆ្នាំង
២៖ បេក្ខសមណៈ វី សម្ផស្ស ជ័យលាភីលេខ២ មកពីខេត្តសៀមរាប
៣៖ បេក្ខសមណៈ មើយ សុខនីន ជ័យលាភីលេខ៣ មកពីខេត្តក្រចេះ
៤៖ បេក្ខសមណៈ ពុំ ភក្តី ជ័យលាភីលេខ៤ មកពីខេត្តកណ្តាល
៥៖ បេក្ខសមណៈ យ័ញ វូបាវ ជ័យលាភីលេខ៥ មកពីខេត្តអានយ៉ាង
សូមជម្រាបថា ក្នុងចំណោមបេក្ខសមណៈ បេក្ខជនសរុបមានចំនួន ១៩៨ អង្គ/នាក់ ត្រូវប្រកួតប្រជែងយកចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ៣ តាមភូមិសិក្សាទាំងពីរកម្រិត រីឯបេក្ខសមណៈប្រឡងប្រជែងសូត្របាតិមោក្ខ ចំនួន ៦៦ ត្រូវមកដាក់ពាក្យប្រឡងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិតែម្តង។
តាមរយៈការប្រកួតប្រជែងប្រកបដោយតម្លាភាព យុត្តិធម៌ និងលទ្ធផលទទួលយកបាន បេក្ខសមណៈចំនួន ៣ ព្រះអង្គ ត្រូវបានជ្រើសរើសជាជ័យលាភីសមណសិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត សម្រាប់ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ៣ព្រះអង្គ សម្រាប់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ និង ៥ព្រះអង្គជាជ័យលាភីបាតិមោក្ខកោវិទ៕















