* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ

22-10-2026 21:46

(ភ្នំពែញ)៖ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹង ទាក់ទងនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានអូសបន្លាយរយៈពេលជាច្រើនខែមកហើយ ដោយសារសំណុំរឿងនេះជាសំណុំរឿងធំ និងមានភាពស្មុគស្មាញ ដែលជាក្រុមហ៊ុនមួយដែលមានបណ្តាញអង្គការចាត់នៅក្នុង និងក្រៅប្រទេសទេស។

ជាមួយគ្នានេះដែរ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា បានរកឃើញបណ្តាញក្រុមហ៊ុនដែលមានការពាក់ព័ន្ធចំនួន ៩៨ក្រុមហ៊ុន និងបណ្តាញក្រុមហ៊ុននៅក្រៅប្រទេសមានចំនួន ១០០ក្រុមហ៊ុន ហើយតុលាការកម្ពុជាបាននិងកំពុងដំណើការនីតិវិធីស៉ើបសួរនៅក្នុងសំណុំរឿងព្រីនស៍គ្រុប ពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) និងបទសម្អាតប្រាក់មានស្ថានទម្ងន់ទោស ដោយមានបុគ្គលឈ្មោះ ចេន ហ្ស៊ី (CHEN ZHI) ជាមេខ្លោង និងបក្ខពួកបានលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ដោយបានយកទីតាំងផ្សេងៗ រួមមានអគារ និងទីតាំងកាស៊ីណូដែលជ្រកក្រោមស្លាកក្រុមហ៊ុនសម្ព័ន្ធព្រីនស៍គ្រុបនេះ។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥នាក់ផ្សេងទៀត ព្រមទាំងទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងសំណុំរឿងនេះ។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបន្តថា បុគ្គលដែលជាមេខ្លោងចំនួន ៦នាក់ ដែលរួមមានឈ្មោះ ចេន ហ្ស៊ី, ឈ្មោះ លី សុង, ឈ្មោះ លីវ យិន, ឈ្មោះ អ៉ឹង ដារ៉ា, ឈ្មោះ អៀង សុខលីម និងឈ្មោះ Huang Ron ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

បន្ថែមពីនេះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានថ្លែងថា ចំពោះក្រុមជនត្រូវចោទ និងមេខ្លោងផ្សេងទៀតចំនួន ២៩នាក់ ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស សមត្ថកិច្ចកម្ពុជាបានដំណើរការនីតិវិធីស្នើសុំដាក់បញ្ជូលទៅក្នុងនិវេទិ៍ក្រហមរបស់ INTERPOL និងស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយភ្នាក់ងារ FBI របស់អាមេរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ក្នុងការបន្តស្រាវជ្រាវស៊ើបអង្កេត ស្នើសុំផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រមូលភស្តុតាងជូនតុលាការធ្វើការសម្រេចផ្តន្ទាទោសជនល្មើស និងបណ្តាញក្រុមឧក្រិដ្ឋជន។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ចំពោះទ្រព្យសម្បត្តិដែលជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនដែលពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានប៉ាន់ស្មានថាមានទឹកប្រាក់ស្មើក្នុងរង្វង់ជិតមួយពាន់លានដុល្លារ និងត្រូវបានតុលាការសម្រេចបង្កក ខណៈពេលកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីធ្វើការចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស ឱ្យមកស្ថិតក្រោមការគ្រប់គ្រងឬជាសម្បត្តិរបស់រដ្ឋ ឬឈានទៅសម្រេចការរឹបអូសជាស្ថាពរស្របតាមច្បាប់ និងនីតិវិធីជាធរមាននាពេលខាងមុន។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័ន អង្គភាពជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចក្នុងរាជធានី-ខេត្តនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបន្តបោសសម្អាត និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមិនដកដៃឡើយ។

ជាលទ្ធផលគិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ អាជ្ញាធរមានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការសរុប ៥២៩ករណី លើទីតាំងពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៩១០កន្លែង ដោយរួមបញ្ចូលទាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗទាំងអស់ចំនួន ៨៦កន្លែង មុខសញ្ញាដែលជាមេក្លោង អ្នកផ្តើមគំនិត អ្នកសមគំនិត និងជនល្មើសជាច្រើនសញ្ជាតិចំនួន ៥,៧៧៨នាក់ ត្រូវបានតុលាការចោទប្រកាន់ និងសម្រេចឃុំខ្លួន ហើយបន្តអនុវត្តនីតិវីធីស៊ើបសួរនៅក្នុងសំណុំរឿងនីមួយៗដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ជាធរមាន។

បច្ចុប្បន្ននេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងអនុវត្តយ៉ាងសកម្ម ក្នុងការត្រួតពិនិត្យ ស្រាវជ្រាវសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងកាស៊ីណូ ដោយកំណត់ល្បែងស៊ីសង ឬល្បែងភ្នាល់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចគ្នានឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាលទ្ធផល បានរកឃើញទីតាំងកាស៊ីណូដែលប្រព្រឹត្តបទល្មើសមានចំនួន ២៨ទីតាំង ដែលកំពុងស្ថិតក្នុងសំណុំរឿងស៊ើបអង្កេតខាងលើ។

អាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តនីតិវិធីលើជនបរទេសដែលត្រូវបានរកឃើញនៅតាមបណ្តាទីតាំងប្រតិបត្តិការ ដោយភាគច្រើនជាអ្នកដែលចាញ់បោកការលួងលោមរបស់ក្រុមមេខ្លោងឧក្រិដ្ឋជនឆបោក ឬបានល្មើសនឹងច្បាប់ស្តីពីអន្តោប្រវេសន៍សរុបចំនួន ២២,៨៩២នាក់ មាន ៤០សញ្ជាតិ និងបានបញ្ជូនត្រលប់ទៅប្រទេសកំណើតខ្លួនវិញស្របតាមច្បាប់អន្តោប្រវេសន៍ និងនិយាមមនុស្សធម៌អន្តរជាតិ។

ទន្ទឹមនឹងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់ក្នុងការប្រឆាំងការសម្អាតប្រាក់ ដោយបានស្រាវជ្រាវស្វែងរកទ្រព្យសម្បត្តិដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស និងជាផលនៃបទល្មើស ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុនៃបទល្មើស ដោយតុលាការបានសម្រេចបង្កកប្រាក់នៅក្នុងគណនីធនាគារបានសរុបជាង ៣០០លានដុល្លារអាម៉េរិក ព្រមទាំងបង្កកទ្រព្យសម្បត្តិជាចលនវត្ថុ និងអចលនវត្ថុជាច្រើនផ្សេងទៀតដែលត្រូវបានប៉ាន់ស្មានមានតម្លៃរាប់រយលានដុល្លារអាម៉េរិក៕