មន្ត្រីធនាគារជាតិព្រមានពីអន្ទាក់កម្ចីខុសច្បាប់ ដែលរុញឱ្យប្រជាពលរដ្ឋជាប់បំណុលវ័ណ្ឌក
23-10-2026 10:04
(បន្ទាយមានជ័យ)៖ មន្ត្រីជាន់ខ្ពស់នៃ ធនាគារជាតិនៃកម្ពុជា បានព្រមានពីហានិភ័យនៃកម្ចីខុសច្បាប់ ដែលកំពុងកើតមាននៅតាមមូលដ្ឋាន និងអាចរុញឱ្យប្រជាពលរដ្ឋធ្លាក់ក្នុងស្ថានភាពជំពាក់បំណុលលើសលប់ ពិបាករកប្រាក់សង និងដោះស្រាយបំណុលមិនរួច។
លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងដូច្នេះ ក្នុងសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន» ដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
លោក ឡាយ សុខហេង បានបញ្ជាក់ថា កម្ចីខុសច្បាប់អាចកើតមានក្នុងទម្រង់ផ្សេងៗ ដូចជាការផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីតាមបណ្តាញសង្គម Facebook, Telegram និង TikTok ការគិតការប្រាក់ប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍ក្នុងអត្រាខ្ពស់ខ្លាំង ការគិតកម្រៃសេវាមិនត្រឹមត្រូវ និងការផ្តល់កម្ចីដោយគ្មានទីតាំងអាជីវកម្មច្បាស់លាស់ ឬគ្មានការអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
លោកបានគូសបញ្ជាក់ថា ការរីករាលដាលនៃកម្ចីប្រភេទនេះអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ដោយធ្វើឱ្យអ្នកខ្ចីមួយចំនួនជួបការលំបាកក្នុងការសងប្រាក់ និងធ្លាក់ក្នុងវដ្តនៃការខ្ចីប្រាក់ថ្មី ដើម្បីសងបំណុលចាស់ ដែលបង្កើនបន្ទុកបំណុលកាន់តែធ្ងន់ធ្ងរ។
លោក ឡាយ សុខហេង បានបន្ថែមថា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាការងារអាទិភាពរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីសេវាហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ។
លោកបានលើកឡើងទៀតថា ការខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាឧបសគ្គសំខាន់មួយ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ដូច្នេះ ការយល់ដឹងអំពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ កម្រៃសេវា និងលទ្ធភាពសងត្រឡប់ គឺមានសារៈសំខាន់ណាស់ មុនពេលប្រជាពលរដ្ឋសម្រេចចិត្តខ្ចីប្រាក់ពីប្រភពណាមួយ។
ជាមួយគ្នានេះលោកបានអំពាវនាវដល់សិក្ខាកាម និងសាធារណជន ឱ្យចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងក្រើនរំលឹកគ្នាឱ្យប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយកម្ចីដែលអាចជាការបោកប្រាស់ ឬបង្កហានិភ័យដល់អ្នកខ្ចីប្រាក់។
លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន និងស្វែងយល់ឱ្យច្បាស់ថា អ្នកផ្តល់កម្ចីមានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវឬអត់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ ដើម្បីការពារខ្លួនពីអន្ទាក់បំណុល និងរក្សាស្ថិរភាពហិរញ្ញវត្ថុគ្រួសារ៕














