នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី ស្តាយករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ និងគាំទ្រសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews ចំពោះបញ្ហាជនភៀសសឹកកម្ពុជា
23-10-2026 11:14
(ភ្នំពេញ)៖ លោក Phil Robertson នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) បានសម្តែងការសោកស្តាយចំពោះករណីពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកមានជំហរគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចំពោះបញ្ហាជនភៀសសឹកកម្ពុជា។
នេះបើយោងតាមលទ្ធផលនៃកិច្ចជំនួបរវាងលោក និងទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួបពិភាក្សាការងារក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការ លើវិស័យសិទ្ធិមនុស្សរវាង គ.ស.ម.ក. និង AHRLA។
ជាមួយគ្នានេះដែរ លោក Phil Robertson ក៏បានតាមដាន និងបានទទួលព័ត៌មានពាក់ព័ន្ធនឹងការរើសអើងពលករទេស្តប្រវេសន៍កម្ពុជាដែលធ្វើការនៅប្រទេសថៃ និងករណីនៃការចាប់រំលោភពលការិនីខ្មែរចំណាកស្រុកពីសំណាក់យោធាថៃផងដែរ។
លោក Phil Robertson បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្រ្តី កែវ រ៉េមី ដែលបានអនុញ្ញាតឱ្យមានជំនួបនៅថ្ងៃនេះ និងបានផ្ដល់ព័ត៌មានដ៏មានសារៈសំខាន់ជាច្រើនទាំងស្ថានភាពសិទ្ធិមនុស្សជាក់ស្ដែងក្នុងប្រទេសកម្ពុជា។
បន្ថែមពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់ក្នុងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងបានផ្តល់មតិយោបល់ល្អៗ ដើម្បីធ្វើឱ្យស្ថានភាពសិទ្ធិសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Phil Robertson និងបានបញ្ជាក់ថា ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាបានថែរក្សា បានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍជាតិ និងការលើកកម្ពស់សិទ្ធិមនុស្ស។ ក្នុងនោះ កម្ពុជាបានបន្តលើកកម្ពស់សិទ្ធិការងារ តាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមា និងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ៤៩ម៉ឺននាក់ ព្រមទាំងទណ្ឌិតចំនួន ៨ ១៤៩នាក់។
ទន្ទឹមនឹងនេះ ការគ្របដណ្តប់សេវាគាំពារសុខភាពបានកើនពីប្រមាណ ៤,៧លាននាក់ ក្នុងឆ្នាំ២០២៣ ដល់ ៨,៥លាននាក់ ក្នុងឆ្នាំ២០២៦ ខណៈអត្រាភាពក្រីក្របានធ្លាក់ចុះពី ៣៦,៧% ក្នុងឆ្នាំ២០១៤ មកប្រមាណ ១៦,៦%–១៧,៨% និងមានគោលដៅកាត់បន្ថយមក ៦% នៅឆ្នាំ២០៣០ ហើយអាយុសង្ឃឹមរស់ជាមធ្យមបានកើនពីប្រមាណ៥០ឆ្នាំ ក្នុងឆ្នាំ២០០០ ដល់៧១ឆ្នាំ ក្នុងឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃការអភិវឌ្ឍសង្គម និងការយកចិត្តទុកដាក់លើសិទ្ធិមនុស្ស។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអរគុណលោក Phil Robertson សម្រាប់ការអំពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ដែលត្រូវបានឃុំខ្លួនដោយយោធាថៃនាពេលកន្លងមក។
ជាមួយគ្នានេះដែរ ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏រហូតមកដល់បច្ចុប្បន្ន ជនភៀសសឹកកម្ពុជាចំនួនជាង ២០ ០០០នាក់ មិនអាចត្រឡប់ទៅលំនៅឋានវិញបាន។ ការណ៍នេះ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ និងការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli)។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានគូសបញ្ជាក់ពីការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ ការគំរាមកំហែងនិងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ និងករណីនៃការចាប់រំលោភពីសំណាក់យោធាថៃ មកលើពលការិនីខ្មែរចំណាកស្រុកម្នាក់នៅពេលធ្វើដំណើរត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។
ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានគូសបញ្ជាក់វឌ្ឍនភាពចំពោះការលើកកម្ពស់ និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។ ជាក់ស្តែង ប្រទេសកម្ពុជាបានសម្រេចជាមួយនឹងប្រទេសបារាំង ក្នុងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលនៃការស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)» ដែលបានឆ្លុះបញ្ចាំងពីការលើកស្ទួយ ក៏ដូចជាការគ្មានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា៕
















