ការរៀបចំប្រព័ន្ធផលិតកម្ម និងការពង្រឹងប្រព័ន្ធភូតគាមអនាម័យ (SPS) បង្កើតទំនុកចិត្តទីផ្សារអន្តរជាតិ រុញច្រានកសិផលកម្ពុជានាំចេញជិត ១៥លានតោន (Video inside)
23-10-2026 15:04
(ភ្នំពេញ)៖ វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធផលិតកម្ម ការលើកកម្ពស់គុណភាពផលិតផល និងជាពិសេសការពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ (SPS) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តយ៉ាងរឹងមាំពីទីផ្សារអន្តរជាតិ ដែលជាកាតាលីករចម្បងរុញច្រានឱ្យការនាំចេញផលិតផលកសិកម្មជាផលិតផលរុក្ខជាតិរបស់កម្ពុជា សម្រេចបានជិត ១៥ លានតោន ក្នុងឆ្នាំ២០២៥ កន្លងទៅ ឆ្ពោះទៅកាន់ទីផ្សារប្រមាណ ១៧០ នៅទូទាំងពិភពលោក។
ការគូសបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្នុងឱកាសចូលរួមកិច្ចពិភាក្សាតុមូលស្តីពី «ការបំពេញតម្រូវការទីផ្សារ៖ ស្តង់ដារ អនុលោមភាពអនាម័យ និងភូតគាមអនាម័យ និងការចូលទៅកាន់ទីផ្សារនៃផលិតផលកសិស្បៀងអាហាររបស់កម្ពុជា» ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកបណ្ឌិត កែ មុន្ធីវុធ បានពន្យល់យ៉ាងច្បាស់ថា ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ (SPS) គឺជាស្ពានតភ្ជាប់ខ្សែច្រវាក់ផលិតកម្មដ៏មានប្រសិទ្ធភាព ចាប់តាំងពីកន្លែងដាំដុះរហូតដល់ដៃអ្នកប្រើប្រាស់ចុងក្រោយ។ ប្រព័ន្ធនេះមិនត្រឹមតែជួយធានាថាកសិផលនាំចេញគ្មានការចម្លងសត្វល្អិតចង្រៃ ឬជំងឺរុក្ខជាតិ ដែលអាចបង្កគ្រោះថ្នាក់ដល់ផលិតកម្មនៃប្រទេសនាំចូលនោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយហានិភ័យសុវត្ថិភាពម្ហូបអាហារ ជាពិសេសបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ផងដែរ។
ទន្ទឹមនឹងការពង្រឹងប្រព័ន្ធ SPS កំណើននៃការនាំចេញដ៏គួរឱ្យកត់សម្គាល់នេះ ក៏កើតចេញពីការរៀបចំប្រព័ន្ធផលិតកម្មឱ្យកាន់តែមានសណ្តាប់ធ្នាប់ និងការគ្រប់គ្រងតាមស្តង់ដារបច្ចេកទេសលើមុខទំនិញយុទ្ធសាស្ត្រនាំចេញសំខាន់ៗ រួមមាន ស្វាយ ចេក និងដូង។ ស្របគ្នានេះ ទីតាំងវេចខ្ចប់កសិផលនានាត្រូវបានចុះបញ្ជី និងឆ្លងកាត់ការវាយតម្លៃត្រឹមត្រូវពីស្ថាប័នជំនាញ ដើម្បីធានាឱ្យបាននូវដំណើរការសម្អាត វេចខ្ចប់ និងការរៀបចំផលិតផលស្របតាមបទដ្ឋានបច្ចេកទេសតម្រូវ។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ក្នុងខ្សែច្រវាក់នាំចេញទាំងមូល «អ្នកផលិតគឺជាតួអង្គសំខាន់បំផុត» ពីព្រោះគុណភាពផលិតផលត្រូវកំណត់តាំងពីដំណាក់កាលដំបូងនៃផលិតកម្មមកម្ល៉េះ។ ប្រសិនបើគុណភាពផលិតផលដើមមិនស្របតាមស្តង់ដារទេ ដំណាក់កាលកែច្នៃ និងការរៀបចំវេចខ្ចប់ក៏ពិបាកធានាឱ្យឆ្លើយតបតាមតម្រូវការទីផ្សារនាំចេញដែរ។
ដើម្បីរក្សានិរន្តរភាពនៃកំណើននេះ លោកបណ្ឌិត កែ មុន្ធីវុធ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការចូលរួមយ៉ាងសកម្មពីប្រជាកសិករ និងវិស័យឯកជន ក្នុងការបង្កើនសមត្ថភាពផលិត និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅលើលក្ខខណ្ឌតម្រូវរបស់ប្រទេសដៃគូនាំចូល ជាពិសេសទីផ្សារធំៗដូចជា សហភាពអឺរ៉ុប និងប្រទេសចិន។ កិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងអ្នកផលិត នឹងបន្តជាសសរទ្រូងដ៏រឹងមាំក្នុងការលើកកម្ពស់អនុលោមភាពភូតគាមអនាម័យ និងបង្កើនភាពប្រកួតប្រជែងរបស់កសិផលកម្ពុជានៅលើទីផ្សារសកលលោក៕












