ប្រកាសចូលកាន់តំណែងលោក ប៉ុន ប៊ុនធឿន ជាប្រធានមន្ទីររ៉ែ ជំនួសលោក ជា សារិទ្ធ, រដ្ឋមន្ត្រីក្រសួងរ៉ែ ប្រាប់ឲ្យពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងវិស័យរ៉ែ និងថាមពលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព
23-10-2026 15:14
(កណ្ដាល)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ប៉ុន ប៊ុនធឿន ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ជំនួសលោក ជា សារិទ្ធ។ ពិធីនេះធ្វើឡើង កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តកណ្តាលផងដែរ។
លោក គួច ចំរើន បានថ្លែងថា ការងារសំខាន់ៗ ដែលមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវយកចិត្តទុកដាក់ រួមមាន ការពង្រឹងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីឱ្យមានស្ថិរភាព និងគុណភាព ការលើកកម្ពស់ប្រសិទ្ធភាពថាមពល ការពង្រឹងសុវត្ថិភាពក្នុងវិស័យប្រេងកាត និងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែឱ្យស្របតាមច្បាប់ និងគោលការណ៍អភិបាលកិច្ចល្អ ជាពិសេស ត្រូវបន្តទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មរ៉ែដោយខុសច្បាប់ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ពង្រឹងការប្រមូលចំណូលមិនមែនសារពើពន្ធជូនរដ្ឋ និងជំរុញការប្រើប្រាស់មូលនិធិដែលទទួលបានពីវិស័យរ៉ែ សម្រាប់គាំទ្រការអភិវឌ្ឍមូលដ្ឋានឱ្យចំគោលដៅ មានតម្លាភាព និងប្រសិទ្ធភាព។
ក្នុងឱកាសនោះ លោក គួច ចំរើន បានស្នើសុំក្រសួងរ៉ែ និងថាមពល បន្តជួយសម្រួលនីតិវិធីពាក់ព័ន្ធនឹងការប្រើប្រាស់មូលនិធិដែលបានមកពីសួយសាររ៉ែ ដើម្បីឱ្យថវិកាទាំងនេះអាចយកមកប្រើប្រាស់ សម្រាប់ការអភិវឌ្ឍមូលដ្ឋានបានទាន់ពេលវេលា កាត់បន្ថយភាពស្មុគស្មាញ នៃនីតិវិធី និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីនេះ លោក កែវ រតនៈ បានគូសបញ្ជាក់ពីសារៈសំខាន់របស់វិស័យរ៉ែ និងថាមពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការវិនិយោគ ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី មិនមែនគ្រាន់តែជាការផ្លាស់ប្តូរមុខតំណែងប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់នូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវថ្មី ក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅការងាររបស់ក្រសួងនៅថ្នាក់មូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រី បានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ តម្លាភាព និងគោរពច្បាប់ ព្រមទាំងត្រូវពង្រឹងសាមគ្គីភាព និងកិច្ចសហការ ជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានានាក្នុងវិស័យរ៉ែ និងថាមពលជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងប្រើប្រាស់ធនធានរ៉ែឱ្យមានប្រសិទ្ធភាព និងប្រកបដោយចីរភាព ទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែខុសច្បាប់ ការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាឱ្យការធ្វើអាជីវកម្មរ៉ែគ្រប់ប្រភេទប្រព្រឹត្តទៅដោយមានការទទួលខុសត្រូវ មានច្បាប់អនុញ្ញាតត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍមូលដ្ឋានផងដែរ។
ក្នុងឱកាសនោះ លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាលថ្មី បានប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តតួនាទី និងភារកិច្ចដែលក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកណ្ដាល ប្រគល់ជូនឱ្យអស់ពីកម្លាំងកាយចិត្ត ដោយប្រកាន់ខ្ជាប់នូវច្បាប់ គោលការណ៍ តម្លាភាព និងការទទួលខុសត្រូវ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យរ៉ែ និងថាមពលនៅខេត្តកណ្ដាល ឱ្យមានប្រសិទ្ធភាព ស្របតាមច្បាប់ មានចីរភាព និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងប្រទេសជាតិ៕































