អ្នកតាមដានស្ថានការណ៍នយោបាយ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជា «ខែលការទូត» រីឯសន្ធិសញ្ញាបារាំង-សៀមជា «អាវុធគតិយុត្ត» ក្នុងការការពារបូរណភាពទឹកដីកម្ពុជា
23-10-2026 16:04
(ភ្នំពេញ)៖ អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍសង្គមកម្ពុជា លោក យឿន យឿត បានកត់សម្គាល់ឃើញថា សន្និសីទទីក្រុងប៉ារីស បានកំណត់នូវក្របខណ្ឌគតិយុត្តជាប្រវត្តិសាស្ត្រសម្រាប់ដោះស្រាយជម្លោះ និងបានផ្ដល់នូវផលប្រយោជន៍សន្តិភាពយ៉ាងពិតប្រាកដដល់គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសកម្ពុជា។
ការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ដោយលោកបានលើកឡើងថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះបានផ្ដល់នូវកិច្ចការពារ និងការទទួលស្គាល់នូវដែនអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់បណ្ដាប្រទេសហត្ថលេខីទាំងអស់។ ស្របពេលជាមួយគ្នានេះ សាធារណជនក៏បានចាប់អារម្មណ៍លើបញ្ហាព្រំដែនកម្ពុជា-ថៃ ថាតើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងប្រើប្រាស់យុទ្ធសាស្ត្រ និងយន្តការគតិយុត្តអន្តរជាតិអ្វីខ្លះលើបញ្ហានេះ។
ជុំវិញបញ្ហាខាងលើ អ្នកតាមដានស្ថានភាពនយោបាយរូបនេះ បានបង្ហាញនូវទស្សនទានសំខាន់ៗចំនួន ២ រួមមាន៖
* ទី១. តម្លៃនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ គឺជា «ខែលការពារខាងនយោបាយការទូតសកល» ដែលដាក់កាតព្វកិច្ចឱ្យសហគមន៍អន្តរជាតិ និងប្រទេសជិតខាង រួមទាំងភាគីថៃ ត្រូវតែគោរពដាច់ខាតនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនមែនជាសន្ធិសញ្ញាខណ្ឌសីមាព្រំដែនជាក់លាក់ជាមួយកម្ពុជានោះឡើយ។
* ទី២. អាវុធគតិយុត្តដាច់ខាតក្នុងការចរចាព្រំដែន៖ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាក់ស្ដែងរវាងកម្ពុជា និងថៃ កម្ពុជាមានមូលដ្ឋានច្បាប់អន្តរជាតិដ៏រឹងមាំបំផុតដែលមិនអាចកែប្រែបាន គឺសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងផែនទីដងរែកខ្នាត ១/២០០.០០០ ដែលត្រូវបានទទួលស្គាល់ដោយសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីឆ្នាំ១៩៦២ និងត្រូវបានប្រកាសបកស្រាយទទួលស្គាល់ឡើងវិញជាលើកទី២ នៅឆ្នាំ២០១៣។
លោក យឿន យឿត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រការទូតប្រកបដោយភាពចាស់ទុំ និងភាពម៉ឺងម៉ាត់ខាងគតិយុត្តច្បាប់ ដោយប្រើប្រាស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសជា «គ្រឹះនយោបាយការទូត» និងប្រើប្រាស់សន្ធិសញ្ញាប្រវត្តិសាស្ត្របារាំង-សៀម រួមទាំងសាលដីកា ICJ ជា «អាវុធគតិយុត្តបច្ចេកទេស» ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឱ្យបានគង់វង្សជានិច្ចនិរន្តរ៍៕






