* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ព្រឹត្តិការណ៍មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ត្រូវបិទបញ្ចប់រកឃើញបេក្ខជន៦នាក់ ឈានទៅវគ្គផ្តាច់ព្រ័ត្រ

23-10-2026 16:06

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រព ប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅស្ទូឌីយោលេខ១ នៃទូរទស្សន៍ជាតិកម្ពុជា។

ពិធីនេះដោយមានការអញ្ជើញចូលរួមពីលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការវាយតម្លៃ ភ្ញៀវកិត្តិយស និងបេក្ខជនទាំងអស់។

ក្នុងឱកាសនោះលោកស្រី កុច មារតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីអំពីដំណើរការរៀបចំ និងលទ្ធផលនៃមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដែលជាឆ្នាំទី២ នៃការរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោកស្រីបានជម្រាបជូនថា មហោស្រពនេះមានគោលបំណងលើកកម្ពស់សិទ្ធិ និងសមភាពរបស់ជនមានពិការភាព ព្រមទាំងបង្កើតឱកាសឱ្យពួកគេបង្ហាញទេពកោសល្យ និងសមត្ថភាពសិល្បៈរបស់ខ្លួនជាសាធារណៈ។ សម្រាប់ឆ្នាំ២០២៦ គណៈកម្មការរៀបចំបានជ្រើសរើសបេក្ខជនចំនួន៤៥នាក់ តាមរយៈការវាយតម្លៃវីដេអូច្រៀងដែលផ្ញើតាមប្រព័ន្ធតេឡេក្រាម។ ការប្រឡងឆ្នាំនេះបានបន្ថែមបទចម្រៀងប្រពៃណី ដោយបេក្ខជនម្នាក់ៗត្រូវច្រៀង បទចម្រៀងសម័យមួយបទ និងបទចម្រៀងប្រពៃណីមួយបទ ដើម្បីបង្កើនសមត្ថភាពសិល្បៈ និងចូលរួមអភិរក្សវប្បធម៌ជាតិ។

បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខជនចំនួន៦នាក់ បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងជ័យលាភីកិត្តិយសចំនួន៣នាក់។ ការវាយតម្លៃបានផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៣ គឺទឹកដមសំឡេង ការច្រៀងត្រូវតាមចង្វាក់ភ្លេង និងភាពត្រឹមត្រូវនៃការបញ្ចេញពាក្យចម្រៀង ដោយមិនគិតលើរូបសម្បត្តិ ឬកាយវិការរបស់បេក្ខជនឡើយ។

តាមលទ្ធផល នៃការប្រកួត ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា១០លានរៀល ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា៨លានរៀល និងជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា៦លានរៀល។ ចំណែកជ័យលាភីកិត្តិយសទាំង៣នាក់ ទទួលបានថវិកាម្នាក់ៗ២លានរៀល។ ដោយឡែក បេក្ខជនទាំង៤៥នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភពីលោក នេត្រ ភក្ត្រា និងលោកស្រី ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា ពិការភាពមិនមែនជារបាំងនៃទេពកោសល្យ និងសមត្ថភាពឡើយ។ មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពល និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដូច្នេះសង្គមត្រូវផ្តល់ឱកាស បង្កើតបរិយាកាសអំណោយផល និងគាំទ្រឱ្យជនមានពិការភាពអាចបង្ហាញសមត្ថភាពរបស់ខ្លួនបានពេញលេញ។

លោកស្រីបានមានប្រសាសន៍ថា មហោស្រពនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាផ្តល់ក្តីសង្ឃឹម និងឱកាស ព្រមទាំងបង្ហាញពីតម្លៃ និងសមត្ថភាពរបស់ជនមានពិការភាព។ ការចូលរួមរបស់បេក្ខជនបានឆ្លុះបញ្ចាំងពីភាពក្លាហាន ការតាំងចិត្ត និងស្មារតីតស៊ូក្នុងការជម្នះឧបសគ្គ។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍទេពកោសល្យរបស់ខ្លួន ដោយចាត់ទុកថា ការហ៊ានបង្ហាញសមត្ថភាព និងការមិនបោះបង់ការតស៊ូ គឺជាជ័យជម្នះដ៏មានតម្លៃ។

ជាមួយគ្នានេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បន្តចូលរួមគាំទ្រ និងបង្កើតឱកាសឱ្យកាន់តែទូលំទូលាយសម្រាប់ជនមានពិការភាព ជាពិសេសក្នុងវិស័យសិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពួកគេអាចបង្ហាញទេពកោសល្យ ទទួលបានការទទួលស្គាល់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយសមភាព និងបរិយាបន្ន។

បន្ទាប់ពីពិធីប្រគល់ពានរង្វាន់ និងប្រកាសនីយបត្រដល់ជ័យលាភីរួចមក លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានប្រគល់ថវិកា និងស្បៀងអាហារបន្ថែម ជូនបេក្ខជន បេក្ខនារីទាំង ៤៥នាក់ ដែលបានចូលរួមប្រឡង ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មីជាតិមួយកេស តែសុខភាពមួយកេស ទឹកបរិសុទ្ធមួយកេស សារ៉ុង និងកន្សែង ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះបេក្ខជនទាំងអស់៕