លោក ប៉ិច សុខា ធ្វើបទឧទ្ទេសនាមពីការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃបទប្បញ្ញត្តិ ក្នុងកិច្ចប្រជុំបណ្ដាញ ASEAN–OECD នៅហ្វីលីពីន
23-10-2026 19:44
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ប៉ិច សុខា អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានអង្គភាពគ្រប់គម្រោង RIA បានដឹកនាំប្រតិភូក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ចូលរួមកិច្ចប្រជុំលើកទី១១ បណ្តាញប្រតិបត្តិល្អនៃបញ្ញត្តិកម្មរបស់អាស៊ាន។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦នេះ លោក ប៉ិច សុខា បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អ នៃបទប្បញ្ញត្តិនៅកម្ពុជា (Regulatory Impact Assessment and Good Regulatory Practice)។
លោក ប៉ិច សុខា បានធ្វើបទបង្ហាញចែករំលែងព័ត៌មាន និងបទពិសោធលើការអនុវត្តការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងប្រតិបត្តិល្អនៃបញ្ញត្តីកម្ម(GRP) ពាក់ព័ន្ធនឹងវឌ្ឍនភាព និងកំណែទម្រង់ បញ្ហាប្រឈម និងទិសដៅបន្ទាប់របស់កម្ពុជា។
ក្នុងឆ្នាំ២០២៦នេះ ប្រទេសហ្វីលីពីនធ្វើជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ដោយផ្តោតលើភាពធន់ ការតភ្ជាប់ និងគិតប្រយោជន៍ប្រជាជនជាចម្បងពីការអភិវឌ្ឍ។ ស្ថិតក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) អាជ្ញាធរ Anti-Red Tape (ARTA) នៃប្រទេសហ្វីលីពីន ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសន្និសីទស្តីពីបណ្តាញប្រតិបត្តិល្អនៃបញ្ញត្តិកម្ម (GRPN) របស់អាស៊ាន-OECD លើកទី១១ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជំរុញការប្រតិបត្តិល្អនៃបញ្ញត្តិកម្មក្នុងកម្រិតជាតិ និងតំបន់ ក្រោមប្រធានបទ «ពីភាពស្មុគស្មាញទៅជាភាពច្បាស់លាស់៖ ការជំរុញការធ្វើឱ្យសាមញ្ញជាមួយគ្នា» និងឈរលើគំនិតផ្តួចផ្តើម Simplifying Success (S4S) initiative របស់ OECD។
ព្រឹត្តិការណ៍នេះមានគោលដៅកាត់បន្ថយបន្ទុកអនុលោមភាព ធ្វើឱ្យសេវាសាធារណៈមានភាពសាមញ្ញ និងឆ្លាតវៃ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។ សន្និសីទ និងសិក្ខាសាលារយៈពេល ៣ថ្ងៃនេះ នឹងផ្តោតលើ៖ (១) ការពិនិត្យឧបករណ៍/រចនាសម្ព័ន្ធស្ថាប័នក្នុងការកាត់បន្ថយបន្ទុកអនុលោមភាព និង (២) ការចែករំលែកបទពិសោធជាក់ស្តែង និងវិធីសាស្រ្តថ្មីៗតាមវិស័យអាទិភាព ដើម្បីពង្រឹងប្រសិទ្ធភាពនៃការធ្វើឱ្យបទប្បញ្ញត្តិមានភាពសាមញ្ញ៕

















