មន្រ្ដីជាន់ខ្ពស់នៃក្រសួងកសិកម្ម ជំរុញការធ្វើពិពិធកម្មប្រភពនាំចូលជី ដើម្បីធានាការផ្គត់ផ្គង់ និងតម្លៃសមរម្យជូនកសិករ
23-10-2026 20:27
(ភ្នំពេញ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្រសួងកសិកម្មកំពុងសហការជាមួយក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មធំៗ ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជីថ្មីៗពីទីផ្សារអន្តរជាតិ ក្នុងគោលបំណងធានាឱ្យមានជីគ្រប់គ្រាន់ មានគុណភាព និងតម្លៃសមរម្យសម្រាប់ប្រជាកសិករកម្ពុជា ទោះបីជាខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ។
ការលើកឡើងបែបនេះរបស់ លោក គង់ ច័ន្ទវាសនា បានធ្វើឡើងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាទគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។
ក្នុងវេទិកាពិភាក្សានេះ លោក គង់ ច័ន្ទវាសនា បានថ្លែងថា វិស័យកសិកម្មកម្ពុជាបានវិវត្តពីការផលិតសម្រាប់ផ្គត់ផ្គង់ស្បៀងអាហារក្នុងគ្រួសារ ទៅជាការផលិតដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាព និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នៅពេលដែលការផលិតកសិកម្មកាន់តែកើនឡើង ការប្រកួតប្រជែងលើទីផ្សារក៏កាន់តែខ្លាំង ដែលទាមទារឱ្យកសិករយកចិត្តទុកដាក់លើថ្លៃដើមផលិតកម្ម និងគុណភាពផលិតផល។ ក្នុងនោះ ជីកសិកម្មជាកត្តាចម្បងមួយដែលជួយដល់ការលូតលាស់របស់ដំណាំ និងការបង្កើនទិន្នផល។
យោងតាមតួលេខដែលលោកបានលើកឡើង ក្នុងឆ្នាំ២០២៥ អនុវិស័យដំណាំកម្ពុជាផលិតបានប្រមាណ ៤០លានតោន ក្នុងនោះស្រូវមានប្រមាណ ១៥លានតោន។ លោកក៏បានឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលដំណាំប្រមាណ ១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានតម្លៃប្រមាណ ៥ទៅ៦ពាន់លានដុល្លារអាមេរិក។
លោកបានបន្ថែមថា កំណើនផលិតកម្មនេះកើតឡើងដោយសារកត្តាជាច្រើន រួមមានការប្រើប្រាស់គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាទំនើប ពូជដំណាំដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រព័ន្ធធារាសាស្ត្រកាន់តែប្រសើរ និងការគាំទ្រពីភាគីពាក់ព័ន្ធ។
ធានាជីគ្រប់គ្រាន់ គុណភាពល្អ និងតម្លៃសមរម្យ លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា ការធានាការផ្គត់ផ្គង់ជីមានសារៈសំខាន់ចំពោះនិរន្តរភាពផលិតកម្មកសិកម្ម។ ប្រសិនបើមានការរាំងស្ទះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ឬជីមានតម្លៃខ្ពស់ពេក នោះកសិករនឹងប្រឈមនឹងការកើនឡើងនៃថ្លៃដើមផលិតកម្ម និងការថយចុះនៃប្រាក់ចំណេញ។
លោកបានលើកឡើងថា ក្រសួងកសិកម្មផ្តោតលើគោលការណ៍សំខាន់ចំនួនបី គឺ ការធានាឱ្យមានជីគ្រប់គ្រាន់គ្រប់ពេលវេលា ការធានាគុណភាពជី និងការធានាតម្លៃសមរម្យសម្រាប់ប្រជាកសិករ។ លោកបានពន្យល់ថា នៅពេលថ្លៃដើមផលិតកម្មកើនឡើង កសិករត្រូវការតម្លៃលក់ផលិតផលដែលអាចគ្របដណ្តប់លើការចំណាយ និងទទួលបានប្រាក់ចំណេញសមរម្យ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ការអប់រំកូនចៅ និងការចំណាយចាំបាច់ផ្សេងៗ៕
សូមទស្សនាវីដេអូទាំងស្រុងរបស់ លោក គង់ ច័ន្ទវាសនា៖








