ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវគាំទ្រជនមានពិការភាពក្នុងវិស័យសិល្បៈ និងប្រព័ន្ធផ្សព្វផ្សាយ, ពិការភាពមិនមែនជារបាំងនៃទេពកោសល្យ, សំឡេងចម្រៀងរបស់ជនពិការ បានបន្លឺឡើងនៅក្នុងបេះដូងសង្គម
23-10-2026 21:07
(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បន្តចូលរួមគាំទ្រ និងបង្កើតឱកាសឱ្យកាន់តែទូលំទូលាយសម្រាប់បងប្អូនមានពិការភាព ជាពិសេសក្នុងវិស័យសិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្តល់ឱកាស និងលទ្ធភាពដល់ពួកគាត់បង្ហាញទេពកោសល្យ និងទទួលបាននូវការទទួលស្គាល់ ព្រមទាំងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាតិប្រកបដោយសមភាព។
ការអំពាវនាវនេះរបស់លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានធ្វើឡើងក្នុងពិធីបិទមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្តថា មហោស្រពនេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាពច្រៀង ដើម្បីដណ្តើមយកពានរង្វាន់នោះទេ ប៉ុន្តែជាវេទិកានៃក្តីសង្ឃឹម ជាវេទិកានៃឱកាស និងជាសក្ខីភាពបង្ហាញពីតម្លៃ សមត្ថភាព និងសក្តានុពលរបស់បងប្អូនមានពិការភាព។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា៖ «តាមរយៈសំនៀងដ៏ពិរោះ និងការសម្តែងប្រកបដោយទេពកោសល្យយើងបានមើលឃើញនូវភាពក្លាហានការតាំងចិត្ត និងស្មារតីតស៊ូដ៏រឹងមាំរបស់បេក្ខជនទាំងអស់។ គុណតម្លៃបំផុតដែលយើងទទួលបានពីមហោស្រពនេះមិនមែនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមេរៀននៃការជឿជាក់លើខ្លួនឯងការ មិនបោះបង់ក្តីស្រមៃ និងការតស៊ូជម្នះរាល់ឧបសគ្គក្នុងជីវិត»។
«ពិការភាពមិនមែនជារបាំងនៃទេពកោសល្យ ហើយភាពខុសគ្នាក៏មិនមែនជាមូលហេតុនៃការបាត់បង់តម្លៃរបស់មនុស្សឡើយ»។ មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពល និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។ អ្វីដែលយើងត្រូវធ្វើគឺផ្តល់ឱកាសបង្កើតបរិយាកាសអំណោយផល និងគាំទ្រឱ្យមនុស្សគ្រប់រូបអាច បង្ហាញសមត្ថភាពបានយ៉ាងពេញលេញ»។ នេះជាការរំលេចបន្ថែមរបស់លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា សង្គមដែលរីកចម្រើនពិតប្រាកដ មិនមែនជាសង្គមដែលមនុស្សមួយចំនួនត្រឹមតែទទួលបានឱកាសប៉ុណ្ណោះទេ ប៉ុន្តែជាសង្គមដែលមនុស្សគ្រប់រូបអាចចូលរួមបញ្ចេញសមត្ថភាព និងរីកចម្រើនដោយសេចក្តីថ្លៃថ្នូរ ដោយមិនទុកនរណាម្នាក់ឱ្យនៅពីក្រោយឡើយ។ ទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងពោរពេញដោយយុទ្ធសាស្ត្រ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ និងចាត់ទុកជាអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងកសាងសង្គមកម្ពុជា ប្រកបដោយសុខុមនីយកម្ម។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា សូម អបអរសាទរចំពោះបេក្ខជនដែលទទួលបានជ័យលាភីក្នុងមហោស្រពនេះ។ ជ័យលាភីរបស់បងប្អូន គឺជាផ្លែផ្កានៃការខិតខំហ្វឹកហាត់ការតាំងចិត្ត និងការប្រឹងប្រែង។ សូមបន្តដុសខាត់ទេពកោសល្យរបស់ខ្លួន ដើម្បីបង្កើតស្នាដៃថ្មីៗ និងឈានទៅរកភាពជោគជ័យកាន់តែធំធេងនាពេលអនាគត។ ចំពោះបេក្ខជនដែលមិនទាន់ទទួលបានជ័យលាភី សូមលើកទឹកចិត្តថា សូមកុំបាក់ទឹកចិត្ត និងកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឱ្យសោះ។ ការមិនទទួលបានពានរង្វាន់ មិនមានន័យថាបងប្អូនបរាជ័យឡើយ។ ការហ៊ានឈានជើងឡើងលើឆាកការហ៊ានបង្ហាញសមត្ថភាព និងការមិនបោះបង់ការតស៊ូ គឺជាជ័យជម្នះដ៏មានតម្លៃរួចទៅហើយ។
បន្ថែមពីនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានពញ្ញាក់ស្មារតីថា សូមបងប្អូនចងចាំថាពានរង្វាន់អាចមានចំនួនកំណត់ ប៉ុន្តែទេពកោសល្យ និងសក្តានុពលរបស់មនុស្សម្នាក់ៗមិនត្រូវបានកំណត់ដោយពានរង្វាន់នោះទេ។ សូមបន្តជឿជាក់លើខ្លួនឯង ព្រោះក្តីសុបិន្តរបស់បងប្អូនសក្តិសមនឹងទទួលបានឱកាស ហើយការខិតខំរបស់បងប្អូនសក្តិសមនឹងទទួលបានការគោរព។
លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្តថា សូមឱ្យសំឡេងចម្រៀងរបស់បងប្អូន មិនត្រឹមតែបន្លឺឡើងនៅលើឆាកថ្ងៃនេះទេ ប៉ុន្តែថែមទាំងបន្លឺឡើងនៅក្នុងបេះដូងរបស់សង្គម ដើម្បីរំឭកយើងគ្រប់គ្នាថាមនុស្សគ្រប់រូបមានតម្លៃមានសមត្ថភាពសមនឹងទទួលបានឱកាសក្នុងការសម្រេចក្តីសុបិន្តរបស់ខ្លួន៕































