លោក គង់ ច័ន្ទវាសនា បន្តគាំទ្រអ្នកផលិតជីក្នុងស្រុក និងលើកទឹកចិត្តសិប្បកម្មខ្នាតតូចឱ្យពង្រឹងគុណភាពមុនការចុះបញ្ជីផ្លូវការ
23-10-2026 21:37
(ភ្នំពេញ)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ពីការបន្តគាំទ្ររបស់ក្រសួងចំពោះការផលិតជីក្នុងស្រុក ដោយលើកទឹកចិត្តឱ្យមានការបង្កើតក្រុមហ៊ុន និងសិប្បកម្មផលិតជីបន្ថែមទៀត ព្រមទាំងផ្តល់ជំនួយបច្ចេកទេសដល់អ្នកផលិតខ្នាតតូច ដើម្បីធានាគុណភាពជី និងជួយកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ។
ការគូសបញ្ជាក់បែបនេះរបស់ លោក គង់ ច័ន្ទវាសនា បានធ្វើឡើងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាទគ្មិនជំនាញផ្នែកកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។
ថ្លែងក្នុងវេទិកាពិភាក្សាពាក់ព័ន្ធនឹងការផលិតជីក្នុងស្រុក លោក គង់ ច័ន្ទវាសនា បានបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រសួងកំពុងគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីចំនួន ៣១ នៅកម្ពុជា ហើយក្រសួងស្វាគមន៍ចំពោះការបង្កើតអាជីវកម្ម ផលិតជីថ្មីៗបន្ថែមទៀត។ ក្រសួងមានឆន្ទៈផ្តល់ការគាំទ្រចាំបាច់ដល់វិស័យឯកជន ដើម្បីជំរុញការផលិតជីក្នុងស្រុកឱ្យកាន់តែរីកចម្រើន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ»។
ពាក់ព័ន្ធនឹងការគ្រប់គ្រងអ្នកផលិតជី លោក គង់ ច័ន្ទវាសនា បានឱ្យដឹងថា ក្រសួងមានការគិតគូរដោយឡែកចំពោះអាជីវកម្មខ្នាតធំ និងអ្នកផលិតជីខ្នាតតូច ដោយមិនចង់ឱ្យការអនុវត្តបទប្បញ្ញត្តិធ្វើឱ្យប៉ះពាល់ដល់ការចាប់ផ្តើមអាជីវកម្មរបស់ប្រជាពលរដ្ឋ។
លោកបានពន្យល់ថា អ្នកផលិតជីកំប៉ុស្តក្នុងលក្ខណៈគ្រួសារ ដែលមិនទាន់មានលទ្ធភាពចុះបញ្ជីជាក្រុមហ៊ុន ឬសិប្បកម្ម មិនគួរត្រូវប្រឈមនឹងការរឹតបន្តឹងខ្លាំងនៅដំណាក់កាលដំបូងនោះទេ។ ផ្ទុយទៅវិញ ក្រសួងនឹងជំរុញឱ្យអ្នកជំនាញចុះជួយផ្តល់បច្ចេកទេស ដើម្បីឱ្យពួកគេអាចផលិតជីដែលមានគុណភាព និងផ្គត់ផ្គង់ជូនកសិករ។
លោកបានបន្ថែមថា នៅពេលអាជីវកម្មមានការរីកចម្រើនដល់កម្រិតសិប្បកម្ម ឬអាជីវកម្មខ្នាតធំ និងមានលទ្ធភាពចុះបញ្ជី ក្រសួងនឹងជួយណែនាំអំពីឯកសារ និងនីតិវិធីចាំបាច់ ដើម្បីឱ្យអាជីវកម្មអាចដំណើរការស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
លោក គង់ ច័ន្ទវាសនា បានគូសបញ្ជាក់ថា ក្រសួងកសិកម្មមានគោលដៅសំខាន់បី គឺធានាឱ្យមានជីគ្រប់គ្រាន់តាមតម្រូវការគ្រប់ពេលវេលា ធានាគុណភាពជី និងធានាឱ្យជីមានតម្លៃសមរម្យសម្រាប់ប្រជាកសិករ។
ទន្ទឹមនឹងនេះ លោកបានឱ្យដឹងថា ក្រសួងកសិកម្មមានយន្តការពិភាក្សាជាមួយវិស័យឯកជនចំនួនពីរកម្រិត គឺក្រុមការងារ និងក្រុមប្រឹក្សា ដោយការផលិតជីក្នុងស្រុកស្ថិតក្នុងកិច្ចការរបស់ក្រុមការងារកសិឧស្សាហកម្ម។ ក្នុងពេលឆាប់ៗខាងមុខ រដ្ឋមន្ត្រីក្រសួងកសិកម្មគ្រោងកោះប្រជុំក្រុមការងារនេះ ដើម្បីស្តាប់ពីស្ថានភាពជាក់ស្តែង និងសំណូមពររបស់វិស័យឯកជន ព្រមទាំងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា។
លោកបានស្វាគមន៍ចំពោះសំណើរបស់អ្នកផលិតជី និងបានអះអាងថា ក្រសួងត្រៀមខ្លួនជួយគាំទ្រតាមតម្រូវការចាំបាច់ រួមមានជំនួយបច្ចេកទេស និងការជួយសម្រួលដល់ការអភិវឌ្ឍអាជីវកម្ម ដើម្បីឱ្យវិស័យឯកជនអាចចូលរួមអភិវឌ្ឍវិស័យកសិកម្មបានកាន់តែប្រសើរ។
លើសពីនេះ លោកបានលើកឡើងថា ការផលិតជីសរីរាង្គ និងជីធម្មជាតិក្នុងស្រុកអាចជួយដោះស្រាយបញ្ហាជាច្រើន រួមមានការកែច្នៃសំណល់កសិកម្ម និងសំណល់ផ្ទះបាយឱ្យក្លាយជាធនធានមានតម្លៃ ការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ និងការកាត់បន្ថយការនាំចូលជីពីបរទេស។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់កសិករ គឺជាគោលដៅសំខាន់មួយរបស់ក្រសួង។ ដើម្បីសម្រេចគោលដៅនេះ ក្រសួងកំពុងជំរុញទាំងការផលិតជីធម្មជាតិក្នុងស្រុក និងការប្រើប្រាស់ជីធម្មជាតិរួមផ្សំជាមួយជីគីមី តាមរយៈការផ្សព្វផ្សាយ និងណែនាំរបស់មន្ត្រីកសិកម្មឃុំ។
លោកបានបញ្ជាក់បន្ថែមថា ការជំរុញផលិតកម្មជីក្នុងស្រុកមិនត្រឹមតែជួយបំពេញតម្រូវការក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កើតឱកាសនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ ទោះជាយ៉ាងណា ដើម្បីប្រកួតប្រជែងនៅទីផ្សារបរទេស ផលិតផលជីត្រូវមានគុណភាពល្អ និងតម្លៃប្រកួតប្រជែង។
តាមរយៈការគាំទ្រពីក្រសួង និងកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ការផលិតជីក្នុងស្រុកត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មកសិកម្ម កាត់បន្ថយចំណាយរបស់កសិករ និងជំរុញការប្រើប្រាស់ធនធានក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព៕
សូមទស្សនាវីដេអូទាំងស្រុង ដូចខាងក្រោម៖









