ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជំរុញឱ្យពង្រឹងការអប់រំ និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ដើម្បីការពារសិទ្ធិ និងសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន
23-10-2026 21:46
(ព្រះវិហារ)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ បានថ្លែងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សា និងប្រជាពលរដ្ឋ បន្តពង្រឹងការអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសការជួញដូរស្ត្រី និងកុមារ ការបង្ខំឱ្យធ្វើការងារ និងអាជីវកម្មផ្លូវភេទ ដើម្បីការពារសិទ្ធិ សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ការថ្លែងជំរុញនេះធ្វើឡើងក្នុងក្នុងឱកាសដែលលោកស្រីអញ្ជើញបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងថា អំពើជួញដូរមនុស្សជាបទល្មើសធ្ងន់ធ្ងរដែលរំលោភលើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រមទាំងប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។ បទល្មើសនេះកាន់តែមានភាពស្មុគស្មាញ និងអាចឆ្លងដែន ដោយជនល្មើសប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីបោកបញ្ឆោត អូសទាញ និងកេងប្រវ័ញ្ចជនរងគ្រោះ។
លោកស្រីអភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់ក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលបានខិតខំរៀបចំវគ្គផ្សព្វផ្សាយ និងសហការអនុវត្តការងារដោយការទទួលខុសត្រូវ។ លោកស្រីក៏បានលើកទឹកចិត្តឱ្យក្រុមការងារបន្តជំរុញការអប់រំតាមគ្រឹះស្ថានសិក្សា ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីល្បិចកលរបស់ជនខិលខូច និងចេះការពារខ្លួន ពីការអូសទាញទៅរកការងារដែលមានហានិភ័យ ទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកស្រី ប៉ាង រ៉ាវី បានថ្លែងបន្តទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្តល់ការងារដែលមិនច្បាស់លាស់ ការសន្យាប្រាក់ចំណូលខ្ពស់ហួសប្រមាណ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ ប្រជាពលរដ្ឋគួរតែស្វែងយល់ពីលក្ខខណ្ឌការងារ ឯកសារផ្លូវច្បាប់ និងភាពស្របច្បាប់របស់អ្នកជ្រើសរើសពលករ មុនពេលសម្រេចចិត្តធ្វើដំណើរទៅធ្វើការនៅកន្លែងណាមួយ។
ជាមួយគ្នានេះ លោកស្រីបានថ្លែងសង្កត់ធ្ងន់លើការផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដែលមានគោលការណ៍សំខាន់ៗចំនួន៧ រួមមាន ការផ្តល់សេវាសាធារណៈល្អ ការទប់ស្កាត់បទល្មើស និងគ្រឿងញៀន ការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ការបង្ការអំពើហិង្សា និងអំពើជួញដូរមនុស្ស ការដោះស្រាយវិវាទនៅមូលដ្ឋាន អនាម័យ និងបរិស្ថានល្អ ព្រមទាំងការឆ្លើយតបចំពោះជំងឺឆ្លង។
លោកស្រីបានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តស៊ើបអង្កេត និងតាមដានសកម្មភាពសង្ស័យនៅតាមសហគមន៍ ដូចជា ហាងកាហ្វេ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងទីតាំងអាជីវកម្មផ្សេងៗ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ។ ការអនុវត្តច្បាប់ត្រូវធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ចំពោះការជួញដូរ និងចែកចាយគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសពាក់ព័ន្ធ ដែលអាចបង្កអសន្តិសុខក្នុងសហគមន៍។
លោកស្រី ប៉ាង រ៉ាវី ក៏បានថ្លែងលើកឡើងពីសារៈសំខាន់នៃការការពារ និងផ្តល់សេវាគាំពារសមស្របដល់ជនរងគ្រោះ ការសហការជាមួយអង្គការដៃគូ និងប្រទេសពាក់ព័ន្ធ ព្រមទាំងការជួយសម្រួលឱ្យពលករដែលមានបំណងធ្វើការនៅក្រៅប្រទេស ទទួលបានឯកសារ និងសេវាការងារត្រឹមត្រូវតាមច្បាប់។ ការបង្កើនឱកាសការងារ និងមុខរបរនៅមូលដ្ឋាន ក៏ជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថានផងដែរ។
ក្នុងនាមជាអ្នកចូលរួមការពារសុវត្ថិភាពសហគមន៍ លោកស្រីបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយចាប់ផ្តើមពីការអប់រំ បង្ការ ការពារជនងាយរងគ្រោះ ស៊ើបអង្កេត បង្ក្រាប និងផ្តន្ទាទោសជនល្មើសតាមច្បាប់។ ជាពិសេស ត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីមេម៉ាយដែលជួបការលំបាក កុមារ មនុស្សចាស់ ជនមានពិការភាព និងពលករដែលទើបត្រឡប់មកពីក្រៅប្រទេស។
លោកស្រីបានបន្ថែមថា ការអប់រំយុវជនឱ្យចេះការពារខ្លួន និងការបង្កើនឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺជាកត្តាសំខាន់សម្រាប់អនាគតរបស់ពួកគេ។ លោកស្រីបានលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ជៀសវាងគ្រឿងញៀន និងចេះប្រុងប្រយ័ត្នចំពោះទំនាក់ទំនង ឬការអូសទាញដែលអាចនាំឱ្យខ្លួនធ្លាក់ក្នុងហានិភ័យ។
ជាចុងក្រោយ លោកស្រី ប៉ាង រ៉ាវី បានសម្តែងក្តីសង្ឃឹមថា អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ នឹងយកចំណេះដឹងពីវគ្គផ្សព្វផ្សាយនេះទៅអនុវត្ត និងបន្តផ្សព្វផ្សាយនៅតាមស្រុក ឃុំ ភូមិ សាលារៀន និងក្រុមគ្រួសារ ដើម្បីរួមគ្នាកាត់បន្ថយហានិភ័យនៃអំពើជួញដូរមនុស្ស និងឆ្ពោះទៅកាន់សង្គមមួយដែលមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍប្រកបដោយចីរភាព៕















