លោកស្រី យក់ សម្បត្ដិ ណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ បន្ដរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង
23-10-2026 22:32
(ភ្នំពេញ)៖ ក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី, លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្ដិភាព អញ្ជើញជាអធិបតីភាពបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាព ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីបានណែនាំដល់ក្រុមគ្រូពេទ្យ បន្ដរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា «ការរក្សាឱ្យបាននូវភាពទន់ភ្លន់ ទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពអ្នកជំងឺគ្រប់រូបដោយគ្មានការរើសអើង គឺជាអ្វីដែលលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីតែងតែដាស់តឿនដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យយើងរហូតមក ព្រោះថាបងប្អូនអ្នកជំងឺមួយចំនួន គាត់មិនបានដឹងពីប្រព័ន្ធការងាររបស់យើងជាគ្រូពេទ្យ គាត់ចង់ទទួលសេវាដែលគាត់ត្រូវការ គួរធ្វើបែបម៉េចនោះទេ ដូច្នេះហើយបានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានក្រុមបដិសណ្ឋាកិច្ច ដើម្បីជួយបង្ហាញ និងជូនអ្នកជំងឺទៅកាន់បន្ទប់ដែលពួកគាត់ត្រូវទទួលសេវានោះ។ ខណៈដែលមន្ទីរពេទ្យជាតិយើងមានជំងឺច្រើនណាស់ក្នុងមួយថ្ងៃៗ ក្នុងនោះមានបងប្អូនជាកម្មករ កម្មការិនី ដែលទាមទារឱ្យក្រុមគ្រូពេទ្យយើង ត្រូវចិត្ដទុកដាក់ជូនពួកគាត់ដោយភាពកក់ក្ដៅ និងទន់ភ្លន់»។
ឆ្លៀតក្នុងឱកាសបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២នេះ លោកស្រី យក់ សម្បត្ដិ ក៏បានណែនាំថ្នាក់ដឹកនាំ ក៏ដូចជាក្រុមគ្រូពេទ្យ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពអ្នកជំងឺក្នុងការអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ សល្យសាស្ត្រ និងការថែទាំ ដោយប្រកាន់ខ្ជាប់នូវពិធីសារវេជ្ជសាស្ត្រផ្អែកលើភស្តុតាង ហើយត្រូវជំរុញឱ្យមានការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្ដូរបទពិសោធន៍គ្លីនិកថ្មីៗ ដូចដែលបានលើកឡើងនៅក្នុងរបៀបវារៈ នៃទិវាវេជ្ជសាស្រ្តនាថ្ងៃនេះ ដើម្បីកែលម្អប្រសិទ្ធភាពនៃការការពារ និងព្យាបាលជំងឺមិនឆ្លង ជាពិសេសត្រូវបន្តពង្រីកកិច្ចសហការជាមួយមន្ទីរពេទ្យជាតិផ្សេងៗ ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសជាន់ខ្ពស់ជូនដល់ក្មេងជំនាន់ក្រោយ។
លោកស្រី យក់ សម្បត្ដិ បានថ្លែងបន្ដថា សន្និសីទនាថ្ងៃនេះក៏ជាពេលវេលារំលឹកខួបអនុស្សាវរីយ៍គម្រប់ ៣ឆ្នាំ នៃការដំណើរការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ បានយ៉ាងរលូន និងឆាប់រហ័សគួរឱ្យស្ញប់ស្ញែង។ លោកស្រីបានសម្ដែងនូវមោទនភាពជាខ្លាំង នៅពេលដែលបានឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈនាយកមន្ទីរពេទ្យ ព្រមទាំងក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ ដែលបានបម្រើសេវាសុខាភិបាលសាធារណៈដ៏មានសក្តានុពល និងលក្ខណៈស្តង់ដារខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺទាំងករណីទូទៅ ករណីសង្គ្រោះបន្ទាន់ សល្យសាស្រ្ត សម្ភព និងសេវាអមវេជ្ជសាស្រ្តផ្សេងៗ ក៏ដូចជាជំងឺធ្ងន់ធ្ងរស្មុគស្មាញជាច្រើនទៀត។
លោកស្រីបានថ្លែងបន្ដថា មូលបទនៃសន្និសីទឆ្នាំនេះ គឺ «នវានុវត្តន៍ក្នុងវិស័យសុខាភិបាល៖ ការថែទាំព្យាបាលដោយផ្តោតលើអ្នកជំងឺចំពោះជំងឺមិនឆ្លង» គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ចំគោលដៅយុទ្ធសាស្ត្រគន្លឹះ របស់ក្រសួងសុខាភិបាល ក៏ដូចជាគោលនយោបាយជាតិ ក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ នាពេលបច្ចុប្បន្ន ជំងឺមិនឆ្លង (NCDs) ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីក និងជំងឺក្រួសផ្សេងៗបាននិងកំពុងក្លាយជាបន្ទុកសុខភាពសាធារណៈដ៏ធ្ងន់ធ្ងរ ដែលមិនត្រឹមតែប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួនរបស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។
«ដូច្នេះការស្វែងរក និងការដាក់ចេញនូវ «នវានុវត្តន៍» ថ្មីៗ មិនថាជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប វិធីសាស្ត្រវះកាត់ថ្មីៗ ការយកចិត្តទុកដាក់លើផ្នែកថែទាំវេជ្ជសាស្ត្រ គឺជារឿងចាំបាច់បំផុត មានន័យថា យើងមិនត្រឹមតែព្យាបាលប៉ុណ្ណោះនោះទេ ប៉ុន្តែយើងត្រូវយល់ពីសុខុមាលភាពផ្លូវចិត្ត បរិយាកាសគ្រួសារ ស្ថានភាពសង្គម និងការផ្តល់ការប្រឹក្សាអប់រំសុខភាព ដើម្បីធានាថាអ្នកជំងឺទទួលបាននូវគុណភាពជីវិតត្រឡប់មកវិញយ៉ាងល្អប្រសើរក្រោយពេលព្យាបាល»។
ជាមួយគ្នានេះនាយកមន្ទីរពេទ្យជាតិ តេជោសន្ដិភាព លោកវេជ្ជបណ្ឌិត សួន សាមិត្ដ បានឱ្យដឹងថា រយៈពេល៣ឆ្នាំ (២០២៣-២០២៦) មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានខិតខំពង្រីកសមត្ថភាពផ្តល់សេវាជាបន្តបន្ទាប់។ ក្នុងរយៈពេល ៣ឆ្នាំនេះ មន្ទីរពេទ្យ បានពិនិត្យព្យាបាល និងថែទាំងអ្នកជំងឺ បានប្រមាណជាង ៩០ម៉ឺននាក់។ លោកនាយកមន្ទីរពេទ្យក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញមកទទួលការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ដោយកុំបារម្ភពីបញ្ហាថវិកា ក្រុមគ្រូពេទ្យចាំទទួលផ្ដល់ការពិនិត្យព្យាបាលជូនដោយឥតគិតថ្លៃអ្វីទាំងអស់ ឱ្យតែបងប្អូនអ្នកជំងឺយើងមានជីវភាពខ្វះខាត។ គោលដៅរបស់មន្ទីរពេទ្យ គឺអាយុជីវិតរបស់អ្នកជំងឺ ជាអាទិភាពចម្បងបំផុត ដោយមិនទាន់គិតពីបញ្ហាហិរញ្ញវត្ថុឡើយ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំស្ទាក់ស្ទើរក្នុងការស្វែងរកសេវាសុខាភិបាល នៅពេលមានបញ្ហាសុខភាព៕























