អនុប្រធានទី១ ព្រឹទ្ធសភា ដឹកនាំក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានក្នុងក្រុង-ស្រុកទាំង១០ នៃខេត្តកំពង់ចាម
24-10-2026 09:36
(កំពង់ចាម)៖ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រធានភូមិ សរុបជាង ២ពាន់នាក់ នៅក្រុង-ស្រុកទាំង១០ នៃខេត្តកំពង់ចាម រួមមាន ស្រុកស្រីសន្ធរ កោះសូទិន កងមាស ស្ទឹងត្រង់ ចំការលើ ព្រៃឈរ កំពង់សៀម ជើងព្រៃ បាធាយ និងក្រុងកំពង់ចាម។
ការណ៍នេះគឺជាការអនុវត្តការងារអាទិភាពមួយ ក្នុងអាទិភាពទាំងពីរដែលជាអនុសាសន៍ដ៏ថ្លៃថ្លាប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក្នុងការរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់មូលដ្ឋាន ព្រមទាំងពង្រឹងទំនាក់ទំនង និងគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភា និងអង្គបោះឆ្នោត និងផ្សព្វផ្សាយអំពីសភាពការណ៍ជាតិ និងអន្តរជាតិ ។
ជាកិច្ចចាប់ផ្តើម លោកអនុប្រធានទី១ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះសមាជិក សមាជិកានៃអង្គបោះឆ្នោត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីការធ្វើពលីកម្មដ៏ថ្លៃថ្លា និងគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការនាំមកនូវសុខសន្តិភាព និងការឯកភាពជាតិ ជូនជាតិមាតុភូមិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជារីកចម្រើនលើគ្រប់វិស័យ រហូតមកដល់ពេលបច្ចុប្បន្ន។
ទន្ទឹមនឹងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ចក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងឆ្លើយតបនិងសំណូមពរដែលបានលើកឡើង លោកក៏បានសំណូមពរជូនដល់អង្គបោះឆ្នោតឱ្យបន្តយកចិត្តទុកដាក់ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
នៅក្នុងស្មារតីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» លោក បានជម្រាបជូនអង្គបោះឆ្នោត និងបានស្នើសុំឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សិស្ស មន្ត្រីរាជការក្នុងឃុំ សង្កាត់ នៅតាមមូលដ្ឋានពីគម្រោងកម្មវិធីសិក្សាតាមប្រព័ន្ធ Internet ដើម្បីជួយដល់សិស្សានុសិស្ស និងមន្ត្រីរាជការ ដែលមានបំណងបន្តការសិក្សា អាចមានឱកាសបន្តការសិក្សាមុខជំនាញវិជ្ជាជីវៈ និងថ្នាក់សកលវិទ្យាល័យ សំដៅលើកកម្ពស់ការយល់ដឹង និងរួមចំណែកដល់ការអភិវឌ្ឍសង្គម។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះវីរភាពអង្គអាចក្លាហាន និងការធ្វើពលីកម្មដ៏ថ្លៃថ្លារបស់វីរយុទ្ឋជន ក្នុងការការពារប្រទេសជាតិមាតុភូមិ លោកបានសម្តែងនូវមោទនភាពដ៏ជ្រាលជ្រៅចំពោះស្មារតីរួបរួមសាមគ្គីឯកភាពជាតិជាធ្លុងមួយ របស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ជាន់ថ្នាក់ជុំវិញសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងការការតស៊ូប្តូផ្តាច់ប្រឆាំងអំពើឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា និងក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធម្មនុញ្ញអាស៊ាន។
ទន្ទឹមនឹងនេះ លោកបានរំលឹកពីមេរៀន និងបទពិសោធន៍ប្រវត្តិសាស្ត្រ ដែលមាតុភូមិ និងប្រជាជនកម្ពុជាឆ្លងកាត់ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាព និងឯកភាពជាតិ ដែលជាសសរទ្រូងនៅក្នុងការការពារអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ លោកបានក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិត ការញុះញង់ និងការបំផុសបំផុលដែលអាចបង្កការបែកបាក់ និងប៉ះពាល់ដល់ទំនុកចិត្តក្នុងសង្គម ពីសំណាក់ជនអគតិមួយចំនួនតូច ដោយបានធ្វើការបកស្រាយបំភ្លឺ និងបង្ហាញពីសកម្មភាពនិងពាក្យសម្តី បម្រើបរទេសរបស់មេខ្លោង ដោយឯកឧត្តមបានសង្កត់ធ្ងន់ថាជាទង្វើ ដែលមិនអាចអត់ឱនឱ្យបាន។
នៅចុងបញ្ចប់ លោកប្រធានក្រុមភូមិភាគទី២ បានប្រគល់កញ្ចប់សម្ភារៈ រួមមាន សម្លៀកបំពាក់ និងថ្នាំសង្កូវ ព្រមទាំងថវិកាមួយចំនួន ជូនដល់តំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រធានភូមិ និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសស្និទ្ធស្នាល៕









