ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
24-10-2026 10:30
(កំពង់ស្ពឺ)៖ ឆ្នាំ២០២៦នេះ មានរយៈពេល២០ឆ្នាំហើយ ដែលកម្ពុជា ពីប្រទេសហែកហួរ និងលំបាកវេទនាដោយភ្លើងសង្គ្រាម ទៅជាប្រទេស ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ជាមួយអង្គការសហប្រជាជាតិ។
នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជា បានរៀបចំពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោពលខេមរភូមិន្ទចូលរួមចូលរួម បំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកស្រី វ្ល៉ាដាន់កា អានទ្រេវ៉ា អ្នកសម្របសម្រួ អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងជាតំណាងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ, មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរាជទូត រដ្ឋទូត នៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ជាច្រើនរូបផ្សេងទៀត។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ ដែលបានអញ្ជើញចូលរួមក្នុង «ពិធីអបអរសាទរខួប ២០ ឆ្នាំ (២០០៦-២០២៦) នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ» នាពេលនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ជាខួប២០ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ និងជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងសកល ក៏ដូចជាការការពារសន្តិភាពពិភពលោក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យទាំងនេះ គឺជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស និងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ឆ្នាំចុងក្រោយនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» នេះ ជូនចំពោះជនរួមជាតិនៅទូទាំងប្រទេស ហើយសូមឱ្យសមិទ្ធផលនៃ «នយោបាយឈ្នះ-ឈ្នះ» បន្តនៅគង់វង្សស្ថិតស្ថេរជាអមតៈនៅលើទឹកដីមាតុភូមិរបស់យើងជារៀងរហូត និងសូមបួងសួងដល់ដួងព្រលឹងបុព្វបុរស និងអ្នកស្នេហាជាតិទាំងអស់ ឱ្យស្ថិតនៅជាម្លប់ និងជានិមិត្តរូបនៃការធ្វើពលិកម្មសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ដើម្បីបន្តវីរភាពក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិកម្ពុជាជាទីស្នេហានៃយើងជានិច្ចនិរន្តរ៍តរៀងទៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទកម្ពុជា ឱ្យចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០០៦ តាមការអំពាវនាវរបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយចាប់ផ្តើមពីកងបោសសម្អាតមីនចំនួន ១៣៥នាក់នៅប្រទេសស៊ូដង់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មកដល់ពេលនេះ កម្ពុជា បានបញ្ជូនកងកម្លាំងសរុបចំនួន ១០ ៩១៤នាក់ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតំបន់អាហ្រ្វិក មជ្ឈឹមបូព៌ា និង អ៊ឺរ៉ុប, ពោល គឺនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ សាធារណរដ្ឋអាហ្រ្វិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី សាយប្រឺស យេម៉ែន និង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងកម្លាំងរបស់យើងបានពង្រីកតួនាទីជាបន្តបន្ទាប់ ពោលគឺពីការងារបោសសំអាតមីន ទៅបំពេញភារកិច្ចជាតម្រួតយោធា, វិស្វកម្ម, ពេទ្យកម្រិត២, អ្នកបោសសំអាតគ្រឿងផ្ទុះភេរវកម្ម រហូតដល់មុខងារជានាយទាហានសង្កេតការណ៍ និងជានាយទាហានសេនាធិការទៀតផង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ សបញ្ជាក់អំពីសក្ដានុពលដ៏ខ្លាំងក្លារបស់កងទ័ព កម្ពុជា ក្នុងការបំពេញបេសកកម្មសំខាន់ និងតួនាទីគន្លឹះ ក្នុងប្រព័ន្ធពហុជាតិរបស់អង្គការ សហប្រជាជាតិ ក៏ដូចជាសមត្ថភាពរបស់ក្រសួងការពារជាតិ, គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ក្នុងការជ្រើសរើសកងកម្លាំង, រៀបចំហ្វឹកហាត់ និងបំពាក់ឧបករណ៍សម្ភារៈ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរ, ទាំងចំពោះសកម្មភាពក្នុងស្រុក និងចំពោះសកម្មភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ កម្ពុជា ក៏មោទនភាពបំផុត ដែលទង់ជាតិកម្ពុជា បន្តបក់រវ៉ិកជាមួយទង់ជាតិនៃប្រទេសទាំងឡាយ ដែលបរិច្ចាគកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិដូចគ្នា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដ៏ស្មោះចំពោះស្នាដៃ និងវីរៈភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលតែងតែបង្ហាញសមត្ថភាពវិជ្ជាជីវៈ, ការគោរពវិន័យយ៉ាងម៉ឺងម៉ាត់, ការរក្សាបាននូវមិត្តភាព សាមគ្គីភាព និង ទំនាក់ទំនងល្អ នៅគ្រប់កន្លែងប្រតិបត្តិការ, ជាពិសេស ការការពារកិត្តិយស និង សេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ, របស់កងយោធពលខេមរភូមិន្ទ និង របស់ប្រជាពលរដ្ឋយើងទាំងមូល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការកោតសរសើរចំពោះក្រសួងការពារជាតិ, គណៈកម្មាធិការជាតិ, និងមជ្ឈមណ្ឌលជាតិ ដែលបាន និង កំពុងសហការដឹកនាំ សម្របសម្រួលទ្រទ្រង់កិច្ចការសម្រិតសម្រាំង, រៀបចំហ្វឹកហាត់, បំពាក់ឧបករណ៍សម្ភារៈ, និង បញ្ជូនកងទ័ពកម្ពុជា ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ ក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ ចាប់តាំងពីបាតដៃទទេ មកសម្រេចសមិទ្ធផលធំធេងដូចសព្វថ្ងៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តបរទេសទាំងអស់ ជាពិសេសអូស្រ្តាលី, ឥណ្ឌា, សហរដ្ឋអាមេរិក, បារាំង, ជប៉ុន, ចិន, កូរ៉េខាងត្បូង និង រុស្សី ដែលបានជួយហ្វឹកហាត់, បំពាក់បំប៉នទាំងជំនាញ និង ភាសា និងឧបត្ថម្ភសម្ភារៈហ្វឹកហ្វឺន ដើម្បីលើកកម្រិតសមត្ថភាពរបស់កងកម្លាំងកម្ពុជា ស្របតាមស្ដង់ដារបស់អង្គការសហប្រជាជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីភិច ដែលបានឧបត្ថម្ភគាំទ្រដល់លំហាត់យោធាពហុជាតិ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពជាសាកល (GPOI) ដែលបានផ្តល់ប្រយោជន៍ដល់ប្រទេសនានា ជាការរៀនសូត្រ, ដកពិសោធន៍ និងពង្រឹងសមត្ថភាពសម្រាប់បំពេញប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់ និងសកលលោក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រយៈពេលជិតបីទសវត្សរ៍ចុងក្រោយ បន្ទាប់ពីសម្រេចបាននូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង តាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗជាច្រើន រួមមានការកសាងស្ថាប័នរដ្ឋមួយ រឹងមាំ និងឯករាជ្យ ដែលប្រព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្មជាប្រចាំ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ យ៉ាងឆាប់រហ័ស ជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និង រឹងមាំ ដែលត្រូវបានទទួលស្គាល់ ទាំងក្នុងតំបន់ និង សកលលោក, ការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ ២០១៥ និង ត្រៀមចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ ២០២៩ ខាងមុខ ដោយបានកាត់បន្ថយភាពក្រីក្រយ៉ាងលឿន, និង ការធ្វើសមារណកម្មដោយជោគជ័យ ទៅក្នុងរចនាសម្ព័ន្ធ និង និម្មាបនកម្មសេដ្ឋកិច្ច តំបន់ និងសកល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តជំរុញការកែទម្រង់វិស័យការពារជាតិ តាមរយៈ ការពង្រីកសមត្ថភាព, ការពង្រឹងជំនាញ, និង ការកសាងសំណាញ់សុវត្ថិភាព សម្រាប់កងយោធពលខេមរភូមិន្ទ ដោយផ្តោតលើការដ្ឋានការងារចំនួនបីគឺ ៖ ទី១. ការកែសម្រួលរចនាសម្ព័ន្ធ និងរបៀបរបបការងារ, ទី២. ការហ្វឹកហ្វឺន និង កសាងសមត្ថភាពកងទ័ព, និង ទី៣. ការបំពាក់គ្រឿងយុទ្ធោបករណ៍ទាន់សម័យដែលអាចឆ្លើយតបនឹងស្ថានការណ៍បច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការផ្នែកយោធារវាងកម្ពុជា និងតួកគីយ៉េ បានគិតគូរតាំងពីឆ្នាំ២០២០មកម្ល៉េះ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកកិច្ចព្រមព្រៀងនេះ ជានយោបាយពង្រឹងចាស់ ពង្រីកថ្មី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជា នឹងធ្វើសមយុទ្ធជាមួយទ័ពចិន ហើយក៏ធ្វើសមយុទ្ធជាមួយទ័ពអាមេរិ ហើយក៏នឹងធ្វើសមយុទ្ធត្រីភាគីកម្ពុជា-ឡាវ-វៀតណាម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តអនុវត្តគោលនយោបាយការបរទេស ដែលឈរលើគោលការណ៍ អព្យាក្រឹត្យ សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ, កសាងទំនាក់ទំនងមិត្តភាព និង សហ-ប្រតិបត្តិការល្អ ជាមួយគ្រប់ប្រទេសនៅលើពិភពលោក លើមូលដ្ឋាន ស្មើភាព ស្មើសិទ្ធិ ការគោរពឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដីរៀងៗខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសជាមិត្ត, ជាមួយអង្គការអន្តរជាតិ អង្គការតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈម សំខាន់ៗ ជាអន្តរជាតិ ដូចជា ការប្រយុទ្ធប្រឆាំងភេរវកម្ម ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន, ការការពារបរិស្ថាន និងជំងឺឆ្លង ជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ដំបូន្មានដល់កងកម្លាំងរក្សាសន្តិភាព ត្រូវចងចាំជានិច្ចថា កងកម្លាំងរក្សាសន្តិភាព គឺជាតំណាងឱ្យកិត្តិយស និងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។ រាល់សកម្មភាព ការប្រាស្រ័យទាក់ទង និងការបំពេញភារកិច្ចរបស់បងប្អូន សុទ្ធតែឆ្លុះបញ្ចាំងពីសមត្ថភាព វិន័យ សីលធម៌ និង សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ដូច្នេះ បងប្អូនត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ, ច្បាប់អន្តរជាតិ និងគោលការណ៍ នៃការរក្សាសន្តិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តខិតខំហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈ, ព្រមទាំង ប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រីកចំណេះដឹង យល់ច្បាស់ពីស្ថានភាពភូមិសាស្រ្ត នយោបាយ វប្បធម៌ សង្គម និងហានិភ័យ នៃបេសកកម្ម ដើម្បីសម្រេចបានជោគជ័យ ប្រកបដោយសុវត្ថិភាព។ ត្រូវខិតខំរៀនភាសាបរទេសបន្ថែមទៀត ជាពិសេស អង់គ្លេស និង បារាំង ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយ ទាហាន និងប្រជាជន នៃប្រទេសដែលយើងត្រូវបំពេញបេសកកម្ម, ជាមួយសហការី អង្គការសហប្រជាជាតិ, និងជាយានដើម្បីឈោងចាប់ចំណេះវិជ្ជាបន្តទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តគោរពក្រមសីលធម៌ វិន័យ និងបទបញ្ជា របស់អង្គការសហប្រជាជាតិ ព្រមទាំងត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិយស របស់ប្រទេសជាតិ និង កងយោធពលខេមរភូមិន្ទ។ ត្រូវចងចាំថា ក្នុងពេលបំពេញបេសកកម្ម, បងប្អូនគឺជា កងកម្លាំងរបស់អង្គការសហប្រជាជាតិ, ប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់អង្គការសហប្រជាជាតិ, និង ស្ថិតក្រោមការបង្គាប់របស់មេបញ្ជាការអង្គការសហប្រជាជាតិ។ ត្រូវយកឱកាសបំពេញបេសកកម្មនេះ ដើម្បីរៀនសូត្រដកពិសោធន៍, និង ស្វែងយល់ស៊ីជម្រៅអំពីរបៀបធ្វើការរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស ជាមួយប្រជាជន, គោរពទំនៀមទម្លាប់ និងចេះជួយប្រជាជននៅកន្លែងដែលកងកម្លាំងយើង បំពេញប្រតិបត្តិការ។ កន្លងទៅ កងកម្លាំងកម្ពុជា ទៅដល់ទីណាបានជួយទំនុកបម្រុង ឧបត្ថម្ភ ចែករំលែកស្បៀងអាហារ ជួយពិនិត្យព្យាបាលជំងឺ និងសង្គ្រោះការពារប្រជាជនមូលដ្ឋាននៅទីនោះ។ ទាំងនេះ គឺជាកាយវិការ ប្រកបដោយមនុស្សធម៌ សីលធម៌ សេចក្តីថ្លៃថ្នូរបំផុត, ស័ក្ដិសមជាតំណាងជាតិ និង កងយោធពលខេមរភូមិន្ទ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ, ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងពីការប្រយុទ្ធ, ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា, ពីការវាយប្រហារពួនស្ទាក់ និងពីជំងឺឆ្លង និងជំងឺកាចសាហាវនានា។ ត្រូវចេះស្រលាញ់គ្នា, មើលថែគ្នា, យកអាសារគ្នា ដូចពាក្យចាស់លោកពោលថា «នៅផ្ទះម្ដាយទីទៃ, នៅព្រៃម្ដាយតែមួយ» ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖៤០នាទីនាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

































































































































