សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN (Video inside)
24-10-2026 11:02
(កំពង់ស្ពឺ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានបង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិនៃបណ្តាប្រទេសដទៃ ដែលបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «យើងក៏មានមោទនភាពបំផុតផងដែរ ដែលទង់ជាតិកម្ពុជាបន្តបក់រវិកជាមួយទង់ជាតិនៃប្រទេសទាំងឡាយដែលបញ្ជូនកងទ័ពចូលរួមបំពេញបេសសកម្មក្រោមឆត្រអង្គការសហប្រជាជាតិដូចគ្នា»។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះស្នាដៃ និងវីរភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលតែងបង្ហាញសមត្ថភាពវិជ្ជាជីវៈ គោរពវិន័យយ៉ាងម៉ឺងម៉ាត់ រក្សាបាននូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អនៅគ្រប់ទីតាំងប្រតិបត្តិការ ជាពិសេសការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ កងយោធពលខេមរភូមិន្ទ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះក្រសួងការពារជាតិ គណៈកម្មាធិការជាតិ និងមជ្ឈមណ្ឌលជាតិ ដែលបានសហការដឹកនាំ និងសម្របសម្រួលការជ្រើសរើស រៀបចំហ្វឹកហាត់ បំពាក់ឧបករណ៍សម្ភារៈ និងបញ្ជូនកងកម្លាំងកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយចាប់ផ្តើមពីបាតដៃទទេ រហូតសម្រេចបានសមិទ្ធផលធំធេងដូចបច្ចុប្បន្ន។
យោងតាមទិន្នន័យរបស់ Fresh AI គិតចាប់ពីឆ្នាំ២០០៦ រហូតដល់ខែមីនា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវសរុបប្រមាណជិត ១ម៉ឺននាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅតាមបណ្ដាប្រទេសចំនួន១០។ ក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវសរុប ៩ ៥៧០នាក់ ដើម្បីទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិចំនួន ១២ បេសកកម្ម។ប្រទេសដែលកម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅរួមមាន៖ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ឆាដ ស៊ីប លីបង់ ម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ ស៊ីរី និងយេម៉ែន។
បេសកកម្មរបស់កងទ័ពមួកខៀវទាំងនោះ គឺផ្តោតលើការបោសសម្អាតមីន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការថែរក្សាសន្តិភាព ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ មន្ទីរពេទ្យកម្រិត២ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ វិស្វកម្មព្រលានយន្តហោះ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កម្ពុជាមានកងទ័ពមួកខៀវ ៦២៧នាក់ ដែលកំពុងបំពេញការងារនៅតាមបណ្ដាប្រទេសកំពុងមានជម្លោះចំនួន ៤ រួមមាន៖ លីបង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអាហ្វ្រិកកណ្ដាល។ កម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីន និងជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕

































































































































