ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បើកទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត លើកទី១៨ នៅខេត្តកំពត
24-10-2026 15:35
(កំពត)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានបើកធ្វើទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៨ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានលើកឡើងពីការបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព សេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈ របស់គ្រូពេទ្យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ជាតិ។ លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់លើការត្រួតពិនិត្យកម្រិតសញ្ញាបត្រ ការចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណវិជ្ជាជីវៈ ដើម្បីពង្រឹងការគ្រប់គ្រងសមាជិកដែលបម្រើការងារទាំងក្នុងវិស័យសាធារណៈ និងឯកជន។
លោក កែ សុផាន់ បញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មានសមាជិកចុះបញ្ជីសរុបចំនួន៣៨១រូប ក្នុងនោះស្ត្រី ៨៥រូប។ ក្នុងចំណោមនោះ មានសមាជិកចំនួន៣៤៧រូប ទទួលបានអាជ្ញាបណ្ណវិជ្ជាជីវៈ ខណៈ៣៤រូបមិនទាន់ទទួលបានអាជ្ញាបណ្ណ។ លោកក៏បានស្នើដល់សមាជិកទាំងអស់ ឱ្យយកចិត្តទុកដាក់បន្តសុពលភាពអាជ្ញាបណ្ណរបស់ខ្លួន ជាពិសេសអាជ្ញាបណ្ណ ដែលបានចេញក្នុងឆ្នាំ២០២៣ នឹងត្រូវផុតសុពលភាព ក្នុងឆ្នាំ២០២៦នេះ។
លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ក្រៅពីសេវាសុខាភិបាលសាធារណៈ ខេត្តកំពតមានទីតាំងផ្តល់សេវាសុខាភិបាលឯកជនចំនួន៨៦២ទីតាំង ដែលមានអ្នកផ្តល់សេវា សរុបចំនួន១,៣៥៩នាក់។ ការអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្ត និងការពង្រឹងការគ្រប់គ្រងសមាជិកវិជ្ជាជីវៈ គឺជាកិច្ចការសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពគ្រូពេទ្យ និងគុណភាពសេវាសុខាភិបាល។ ជាពិសេសការប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ការទទួលខុសត្រូវ និងការយកចិត្តទុកដាក់លើសុវត្ថិភាពអ្នកជំងឺ គឺជាមូលដ្ឋានសំខាន់ក្នុងការកសាងទំនុកចិត្ត របស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល។
ក្នុងឱកាសសំណេះសំណាល លោកសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកបញ្ជាក់ថា គណៈគ្រូពេទ្យមិនមានតួនាទី ត្រឹមតែការពារផលប្រយោជន៍របស់គ្រូពេទ្យប៉ុណ្ណោះទេ ប៉ុន្តែត្រូវចូលរួមការពារផលប្រយោជន៍ និងសុវត្ថិភាពរបស់អ្នកជំងឺ ព្រមទាំងធានាថា គ្រូពេទ្យមានសមត្ថភាពវិជ្ជាជីវៈ និងអនុវត្តការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈផងដែរ។
លោកសាស្ត្រាចារ្យ ក៏បានជំរុញឱ្យគ្រូពេទ្យ បន្តអភិវឌ្ឍចំណេះដឹង និងជំនាញជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលអ្នកជំងឺ។ លោក ឈា ឆវណ្ណ បានបន្តទៀតថា មុននឹងអនុវត្តការពិនិត្យ និងព្យាបាលអ្នកជំងឺ គ្រូពេទ្យត្រូវយល់ដឹងអំពីប្រព័ន្ធសុខាភិបាល និងមានចំណេះដឹងវិជ្ជាជីវៈរឹងមាំ។ ជាមួយគ្នានេះ គ្រូពេទ្យត្រូវបន្តបង្រៀន ចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់គុណភាពសេវាព្យាបាល និងកាត់បន្ថយកំហុសដែលអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកជំងឺ។
លោកក៏បានគូសបញ្ជាក់ថា ករណីពិនិត្យ និងព្យាបាលអ្នកជំងឺម្នាក់ៗ គ្រូពេទ្យគួវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីបទពិសោធន៍ព្យាបាល ដើម្បីជួយបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។ ទន្ទឹមនេះ គ្រូពេទ្យគ្រប់រូប ត្រូវគោរពផលប្រយោជន៍អ្នកជំងឺ និងគោរពគ្នាទៅវិញទៅមកក្នុងវិជ្ជាជីវៈ ដោយចៀសវាងការមើលងាយ ឬបង្អាប់មិត្តរួមអាជីព៕




















