លោក អ៊ុច បូររិទ្ធ អញ្ជើញប្រគល់ថ្នាំពេទ្យ ជាអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
24-10-2026 16:23
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អំណោយមនុស្សធម៌ជាថ្នាំពេទ្យរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា តំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ទីប្រឹក្សា ជំនួយការខុទ្ទកាល័យ អនុប្រធានទី១ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា បានរាយការណ៍អំពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងគណៈកម្មការទី១០នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ (GLS) ក្នុងក្របខ័ណ្ឌអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលភាគីទាំងពីរបានចុះហត្ថលេខាចំនួន៣ លើករួចមកហើយ ហើយនិងមានផែនការពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតនៅឆ្នាំ២០២៧។
សម្រាប់ថ្ងៃនេះ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បាននាំយកឱសថចម្រុះសរុបចំនួន ៣៥មុខ ក្នុងទំហំទឹកប្រាក់ ៧៦៥ ៩៨៧ ដុល្លារអាម៉េរិក ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងការព្យាបាលជូនប្រជាពលរដ្ឋ។
ជាមួយនិងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រឹទ្ធសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែននិងមូលនិធិចែករំលែក សង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្ដល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាដល់មន្ទីរពេទ្យ សាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីសមានចិត្ត សប្បុរសធម៌ និងការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការគាំទ្រដល់ការបំពេញបេសកកម្មរបស់មន្ទីរពេទ្យ ក្នុងការផ្ដល់សេវា និងការព្យាបាល និងថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋ។
លោកបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយដែលទទួលបាននេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌ ដើម្បីធានាថាអំណោយទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាក់ស្ដែងដល់អ្នកជំងឺ និងរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាបានគូសបញ្ជាក់ថា នីតិកាលទី៥នៃព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រមូលផ្តុំសំខាន់លើការងារអាទិភាពពីរ ដែលក្នុងចំនួននេះ ការចុះជួបផ្ទាល់ជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋ ត្រូវបានបែងចែកជាភារកិច្ចជូនគ្រប់សមជិក សមាជិកាព្រឹទ្ធសភាទាំងអស់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពររបស់មូលដ្ឋាន។ នៅក្នុងស្មារតីនេះ ក្នុងរយៈកាលកន្លងមក ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ក្រុមការងារព្រឹទ្ធសភាតែងតែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់អំណោយមនុស្សធម៌ជាសម្ភារៈ ម្ហូបអាហារ ថ្នាំពេទ្យនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយព្យាបាល ដល់វីរយុទ្ធជន បងប្អូនប្រជាជនភៀសសឹក នៅតាមបណ្តាខេត្តព្រំប្រទល់ និងនៅតាមមូលដ្ឋាន។
លោកអនុប្រធានទី១ បានបន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋមានសារសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងបានសម្តែងនូវជំនឿជឿជាក់ថាជំនួយឱសថជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃនេះ នឹងជួយគាំទ្រយ៉ាងសកម្មដល់ក្រុមគ្រូពេទ្យក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកអនុប្រធានទី១ បានជម្រាបជូនថា កន្លងមក ព្រឹទ្ធសភាបានទទួលជំនួយជាថ្នាំពេទ្យពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េជាបន្តបន្ទាប់ និងបានផ្ដល់ជូនជាបន្តបន្ទាប់ដល់មន្ទីរពេទ្យតាមខេត្ត និងក្រុងផងដែរ។
ជាទីបញ្ចប់ លោកអនុប្រធានទី១ ព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ឯកឧត្តម លោកជំទាវ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕























