ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន៖ កិច្ចសហប្រតិបត្តិការអភិរក្សអង្គរ បានរួមចំណែកបណ្តុះបណ្តាលអ្នកជំនាញកម្ពុជាជំនាន់ថ្មី
24-10-2026 18:45
(តូក្យូ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងការអភិរក្សបេតិកភណ្ឌអង្គរ និងអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរចំណេះដឹង និងជំនាញបច្ចេកទេសដល់អ្នកជំនាញកម្ពុជាជំនាន់ថ្មី ក្នុងឱកាសអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើកសន្និសីទអន្តរជាតិ អបអរសាទរខួបលើកទី៣០ នៃមជ្ឈមណ្ឌលអាស៊ីសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស នៃសាកលវិទ្យាល័យ Sophia នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ជុំ សុន្ទរី បានគូសបញ្ជាក់ថា អង្គរមិនត្រឹមតែជានិមិត្តរូបនៃប្រវត្តិសាស្ត្រ អត្តសញ្ញាណ និងមោទនភាពជាតិរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ ដែលត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីការពារ និងអភិរក្សឱ្យបានគង់វង្ស។
លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរយៈពេលជាច្រើនទសវត្សរ៍រវាងសាកលវិទ្យាល័យ Sophia និងកម្ពុជា ជាពិសេសគម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត មិនត្រឹមតែបានរួមចំណែកថែរក្សាសំណង់បុរាណដ៏មានតម្លៃនោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសមត្ថភាពអ្នកបុរាណវិទ្យា ស្ថាបត្យករ វិស្វករ និងមន្ត្រីអភិរក្សកម្ពុជាផងដែរ។
លោកឯកអគ្គរាជទូតបានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យ Sophia ជាពិសេសលោកបណ្ឌិត Yoshiaki Ishizawa អតីតសាកលវិទ្យាធិការ និងជានាយកមជ្ឈមណ្ឌលអាស៊ីសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងអ្នកជំនាញជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកបានសង្កត់ធ្ងន់ថា ការផ្ទេរចំណេះដឹង និងជំនាញទៅកាន់អ្នកជំនាញកម្ពុជាជំនាន់ថ្មី គឺជាសមិទ្ធផលដ៏មានតម្លៃ និងយូរអង្វែងនៃកិច្ចសហប្រតិបត្តិការនេះ ដែលនឹងជួយឱ្យកម្ពុជាមានសមត្ថភាពកាន់តែខ្លាំងក្នុងការអភិរក្ស និងគ្រប់គ្រងបេតិកភណ្ឌវប្បធម៌របស់ខ្លួន។
សន្និសីទនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ស្វែងរកក្តីសុបិនរបស់ Xavier៖ កិច្ចសន្ទនាជាមួយអរិយធម៌អង្គរ» ដោយមានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកជំនាញជប៉ុន និងមន្ត្រីអភិរក្សកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងពិនិត្យឡើងវិញនូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សអង្គរ និងការអភិវឌ្ឍធនធានមនុស្សក្នុងរយៈពេល៣០ឆ្នាំកន្លងមក៕













