* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីព័ត៌មាន៖ ការផ្សាយលឿន មិនមែនមានន័យថាផ្សាយបានត្រឹមត្រូវ, ការពិតត្រូវផ្អែកលើអង្គហេតុ និងភស្តុតាង

24-10-2026 18:50

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺត្រូវមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជាងមុន ដោយត្រូវផ្តល់អាទិភាពដល់ភាពត្រឹមត្រូវ និងគុណភាពព័ត៌មាន ព្រោះចំនួនអ្នកចូលមើល ឬចែករំលែកមិនអាចធ្វើជារង្វាស់កំណត់ការពិតបានឡើយ។

ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈសារព័ត៌មាន ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងយុគសម័យឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន តំណាងសមាគមអ្នកសារព័ត៌មាន អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថល ប្រមាណជិត ៧០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ក្នុងសម័យឌីជីថល អ្នកសារព័ត៌មានមិនត្រឹមតែត្រូវមានជំនាញបច្ចេកវិទ្យាទេ ប៉ុន្តែត្រូវមានវិន័យវិជ្ជាជីវៈខ្ពស់ជាងមុន។ ការផ្សាយបានលឿន មិនមានន័យថាផ្សាយបានត្រឹមត្រូវនោះទេ។ ការមានអ្នកមើលច្រើន មិនមានន័យថាព័ត៌មាននោះមានគុណភាពនោះទេ។ ការមានអ្នកចែករំលែករាប់ម៉ឺនដង ក៏មិនអាចធ្វើឱ្យព័ត៌មានមិនពិតក្លាយជាព័ត៌មានពិតបានដែរ។ ការពិតមិនត្រូវបានកំណត់ដោយចំនួន Like, Share ឬ View នោះទេ។ ការពិតត្រូវបានកំណត់ដោយអង្គហេតុ និងភស្តុតាងច្បាស់លាស់»។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការផលិត និងចែកចាយព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ដោយព័ត៌មានមួយអាចផ្សព្វផ្សាយទៅដល់មនុស្សរាប់ពាន់ ឬរាប់ម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លី។ ការផ្លាស់ប្តូរនេះបានបង្កើតឱកាសថ្មីៗសម្រាប់វិស័យសារព័ត៌មាន ប៉ុន្តែក៏បង្កើនហានិភ័យនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់អង្គហេតុគ្រប់គ្រាន់ផងដែរ។

ក្នុងបរិបទនេះ ការប្រកួតប្រជែងទាក់ទាញអ្នកមើល និងអ្នកតាមដានអាចធ្វើឱ្យអ្នកផលិតមាតិកាមួយចំនួនផ្តោតលើចំណងជើងបំផ្លើស ឬខ្លឹមសាររំជើបរំជួល ដើម្បីបង្កើនចំនួនចូលមើល និងការចែករំលែក ដោយមិនបានផ្តល់អាទិភាពគ្រប់គ្រាន់ដល់ភាពត្រឹមត្រូវ និងគុណភាពព័ត៌មាន។ ទន្ទឹមនឹងនេះ ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ក៏អាចត្រូវបានប្រើប្រាស់ដើម្បីបង្កើតរូបភាព សំឡេង និងវីដេអូក្លែងក្លាយដែលពិបាកបែងចែកពីការពិត ដែលទាមទារឱ្យអ្នកសារព័ត៌មានបង្កើនការប្រុងប្រយ័ត្ន និងពង្រឹងសមត្ថភាពផ្ទៀងផ្ទាត់ព័ត៌មាន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា បច្ចេកវិទ្យាមិនមែនជាបញ្ហាដោយខ្លួនឯងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យា។ ឧបករណ៍ឌីជីថលអាចជួយស្វែងរក និងផ្សព្វផ្សាយការពិត ប៉ុន្តែក៏អាចក្លាយជាមធ្យោបាយចែកចាយការចោទប្រកាន់គ្មានភស្តុតាង ព័ត៌មានបំភ្លៃ ឬខ្លឹមសារដែលបង្កផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ប្រសិនបើអ្នកប្រើប្រាស់ខ្វះការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បញ្ញាសិប្បនិម្មិត AI អាចជួយសម្រួលដល់ការស្រាវជ្រាវ ការបកប្រែ ការរៀបចំទិន្នន័យ និងការផលិតមាតិកា ប៉ុន្តែមិនអាចជំនួសការវិនិច្ឆ័យ ការផ្ទៀងផ្ទាត់ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានបានឡើយ។ ដូច្នេះ មុននឹងផ្សព្វផ្សាយព័ត៌មាន អ្នកសារព័ត៌មានត្រូវពិនិត្យប្រភព ផ្ទៀងផ្ទាត់អង្គហេតុ និងភស្តុតាង ព្រមទាំងពិចារណាឱ្យបានច្បាស់លាស់អំពីផលប៉ះពាល់ដែលអាចកើតមានចំពោះសាធារណជន។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កាត់ធ្ងន់ថា ការរៀបចំជាសិក្ខាសាលានេះឡើងគឺផ្តោតលើការលើកកម្ពស់ការទទួលខុសត្រូវវិជ្ជាជីវៈ ការគោរពក្រមសីលធម៌ និងការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរួមចំណែកពង្រឹងគុណភាពនៃការផ្សព្វផ្សាយព័ត៌មាន និងជំរុញឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាឌីជីថលបំពេញតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ៕