វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
24-10-2026 22:16
(ហ្ស៊េរុយសាឡិម)៖ អ៉ីសា្រអែលនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខណៈមានការព្យាករពីលទ្ធផលប្រកិតប្រកៀកគ្នា ដែលនេះមានន័យថាការបង្កើតរដ្ឋាភិបាលថ្មីមួយនឹងត្រូវបានកំណត់ដោយនរណាដែលអាចបង្កើតក្រុមចម្រុះមួយដើម្បីដឹកនាំរដ្ឋាភិបាល។ ប្រព័ន្ធបោះឆ្នោតអ៉ីស្រាអែលប្រព្រឹត្តទៅផ្អែកលើប្រព័ន្ធសមាមាត្រអាស្រ័យលើលទ្ធផលបោះឆ្នោតទូទាំងប្រទេស ហើយជាទូទៅមានភាគរយតិចតួច ឬសឹងតែមិនអាចទៅរួចដែលគណបក្សតែមួយគត់អាចឈ្នះអាសនៈ៦១ ដែលជាសំឡេងភាគច្រើនចាំបាច់នៃអាសនៈសរុប ១២០ នៅក្នុងរដ្ឋសភា ឬ Knesset។
ខាងក្រោមនេះជាសេណារីយ៉ូអាចទៅរួចចំនួន៤៖
១, ក្រុមចម្រុះ
ភ្លាមៗនៅបន្ទាប់ពីការបោះឆ្នោត គណបក្សទាំងអស់នឹងចាប់ផ្ដើមកិច្ចចរចាដើម្បីប្រមូលឱ្យបានអាសនៈដល់កម្រិត ៦១។ ក្រោយការប្រកាសពីលទ្ធផលបោះឆ្នោតផ្លូវការ ប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog នឹងធ្វើការពិគ្រោះយោបល់ជាមួយតំណាងគណបក្សនានា និងតែងតាំងបេក្ខជនម្នាក់ដែលមានឱកាសដើម្បីបង្កើតរដ្ឋាភិបាល។ បេក្ខជនម្នាក់នោះមិនចាំចាច់ទាល់តែមកពីគណបក្សឈ្នះអាសនៈច្រើនជាងគេនោះទេ តែជាបេក្ខជនម្នាក់ដែលគេមើលទៅមានលទ្ធភាពខ្ពស់ជាងគេក្នុងការប្រមូលផ្ដុំការគាំទ្រគ្រប់គ្រាន់ពីបណ្ដាគណបក្សផ្សេងទៀតនៅក្នុងរដ្ឋសភា។ កិច្ចចរចាបង្កើតក្រុមចម្រុះត្រូវបានរំពឹងថានឹងជួបការលំបាក និងចាយពេលយូរ ដោយសារតែគណបក្សនីមួយៗបានទទូចឱ្យមានការការពារផលប្រយោជន៍ស្នូលរបស់ពួកគេរៀងៗខ្លួនដែលនេះអាចនឹងនាំទៅរកការបង្កើតរដ្ឋាភិបាលមួយមិនសូវមានសិ្ថរភាព។
ក្រោយការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក Benjamin Netanyahu បានចាយពេលដល់ទៅ៥៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលរបស់លោក។ ការស្ទង់មតិបានបង្ហាញថាក្រុមចម្រុះស្ដាំនិយម និងស្ដាំនិយមជ្រុលរបស់លោកសព្វថ្ងៃ ព្រមទាំងប្លុកគណបក្សប្រឆាំងដែលមានឥស្សរជនដ៏លេចធ្លោរម្នាក់គឺអតីតប្រមុខយោធា លោក Gadi Eisenkot កំំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ហើយមានការព្យាករថាម្ខាងៗអាចនឹងទទួលបានអាសនៈពី៥០ ទៅ៥២អាសនៈ។ ប្រសិនបើការព្យាករនេះក្លាយជាពិតមែន នោះភាគីទាំងសងខាងនឹងត្រូវស្វែងរកឱ្យបានការគាំទ្រពីគណបក្សដទៃ ១០អាសនៈបន្ថែមទៀតដែលចាំបាច់ដើម្បីបង្កើតក្រុមចម្រុះ។ នៅក្នុងនយោបាយអ៉ីស្រាអែលពោរពេញដោយការប្រែប្រួល និងមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលកើតឡើងជារឿយៗដូចជាការផ្លាស់ប្ដូរសម្ព័ន្ធភាពគណបក្សភ្លាមៗដោយមិនមាននរណាអាចទាយទុកមុនបានឡើយ។
២, រដ្ឋាភិបាលសំឡេងភាគតិច
ប្រសិនបើមិនមានប្លុកគណបក្សណាមួយអាចរកបានអាសនៈចំនួន៦១ទេ នោះបេក្ខជនម្នាក់អាចនឹងព្យាយាមបង្កើតរដ្ឋាភិបាលសំឡេងភាគតិច។ ប៉ុន្តែត្រូវស្វែងរកការគាំទ្រពីសមាជិករដ្ឋសភាមកពីគណបក្សដទៃទៀតនៅពេលចាំបាច់ ឬនៅពេលត្រូវដោះស្រាយបញ្ហាមួយចំនួន។ ក្នុងសេណារីយ៉ូបែបនេះ សមាជិករដ្ឋសភាមកពីសហគមន៍អារ៉ាប់ដែលជាជនជាតិភាគតិចក្នុងប្រទេសអ៉ីស្រាអែល និងមានចំនួន ២០ភាគរយនៃប្រជាជនអ៉ីស្រាអែល ហើយជាទូទៅត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិប៉ាឡេស្ទីនអាចនឹងដើរនាទីដ៏សំខាន់មួយ។ ការស្ទង់មតិបានបង្ហាញគណបក្សតំណាងឱ្យសហគមន៍អារ៉ាប់នៅអ៉ីស្រាអែលចំនួន២ គឺគណបក្ស Joint List និងគណបក្ស Raam អាចនឹងឈ្នះអាសនៈដោយបូកបញ្ចូលគ្នាពី ១២ ទៅ ១៤អាសនៈ។ គណបក្ស Raam ដឹកនាំដោយលោក Mansour Abbas ដែលកន្លងមកធ្លាប់ជាអ្នកសម្រេចចិត្តចុងក្រោយថាតើនរណាអាចបង្កើតរដ្ឋាភិបាលដឹកនាំអ៉ីស្រាអែល បានបញ្ជាក់ពីឆន្ទៈចង់ធ្វើការជាមួយប្លុកគណបក្សរបស់លោក Eisenkot ។ ចំណែកគណបក្ស Joint List បានសន្យាផ្ដល់ការគាំទ្រដល់ក្រុមចម្រុះណាដែលអាចបណ្ដេញលោក Netanyahu ចេញពីអំណាច ទោះជាពួកគេមិនចូលរួម ឬស្ថិតនៅក្រៅក្រុមចម្រុះក៏ដោយ។
ក៏ប៉ុន្តែថ្នាក់ដឹកនាំសំខាន់ៗក្នុងប្លុកគណបក្សប្រឆាំងមានការស្ទាក់ស្ទើរក្នុងការទទួលស្គាល់ជាសាធារណៈលើសេណារីយ៉ូបែបនេះ ដោយសារតែអ្នកបោះឆ្នោតជាជនជាតិជ្វីហ្វមួយចំនួនធំប្រឆាំងជំទាស់ចំពោះការបង្កើតសម្ព័ន្ធភាពជាមួយគណបក្សតំណាងឱ្យសហគមន៍អារ៉ាប់នៅអ៉ីស្រាអែល។ ត្រង់ចំណុចនេះ លោក Netanyahu បានប្រើប្រាស់សេណារីយ៉ូនេះជាយុទ្ធសាស្ត្រឃោសនាបោះឆ្នោតមួយដើម្បីបរិហារពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរបស់លោក Eisenkot ជាមួយគណបក្សអារ៉ាប់ ដោយប្រើពាក្យស្លោកឱ្យប្រជាជនអ៉ីស្រាអែលធ្វើការជ្រើសរើសរវាងគណបក្សស្ដាំនិយមរបស់លោក និងប៉ាឡេស្ទីន?
៣, រដ្ឋាភិបាលរួបរួមជាតិ
អាស្រ័យលើស្ថានការណ៍នយោបាយអ៉ីស្រាអែលសព្វថ្ងៃ ការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយមានភាពរយខ្ពស់ណាស់មិនអាចទៅរួចទេ តែក៏មិនប្រាកដ ១០០ភាគរយនោះដែរ។ អ្នកអត្ថាធិប្បាយនយោបាយរបស់អ៉ីស្រាអែលតែងតែលើកឡើងពីលទ្ធភាពនៃការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយដែលនៅក្នុងនោះលោក Netanyahu អាចនឹងដោះដៃចេញពីសម្ព័ន្ធមិត្តស្ដាំនិយមជ្រុល និង Orthodox និយមជ្រុលរបស់លោក ដោយងាកទៅចាប់ដៃធ្វើការជាមួយលោក Eisenkot ដែលមានគំនិតដូចគ្នាជាមួយលោក Netanyahu លើបញ្ហាសន្តិសុខជាច្រើន។
ការបង្កើតក្រុមចម្រុះបែបនេះក៏អាចនឹងផាត់គណបក្សអារ៉ាប់ចេញផងដែរ។ តាមការស្ទង់មតិចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ៥៥ភាគរយនៃប្រជាជនអ៉ីស្រាអែលពេញចិត្តចំពោះការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ជាជាងការរៀបចំការបោះឆ្នោតសាឡើងវិញ ប្រសិនបើការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលា មិនអាចមានគណបក្សណាឈ្នះអាសនៈភាគច្រើនគ្រប់គ្រាន់។
សេណារីយ៉ូបែបនេះក៏ធ្លាប់បានកើតឡើងពីមុនមកដែរ។ ក្នុងឆ្នាំ២០២០ លោក Netanyahu និងលោក Benny Gantz ដូចគ្នាទៅនឹងលោក Eisenkot ដែលជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ដែរនោះ បានឈានដល់កិច្ចព្រមព្រៀងចែកអំណាចមួយដែលចែងពីការប្ដូរវេនគ្នាកាន់តំណែងនាយករដ្ឋមន្ត្រី បន្ទាប់ពីមានការរៀបចំការបោះឆ្នោតសកលដល់ទៅ ៣លើកក្នុងរយៈពេលមួយឆ្នាំ។ តែសម្ព័ន្ធភាពបែបនេះ នៅពេលនោះបានដួលរលំក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ដោយជំរុញឱ្យមានការរៀបចំការបោះឆ្នោតថ្មីមួយ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល លោក Herzog កំពុងធ្វើការនៅពីក្រោយឆាកដើម្បីសម្របសម្រួលឱ្យលោក Netanyahu និងលោក Eisenkot ចែកអំណាចគ្នាដូចកាលពីឆ្នាំ២០២០ ក្នុងករណីមានការជាប់គាំងណាមួយកើតឡើងក្រោយការបោះឆ្នោតនៅថ្ងៃទី២៧ ខែតុលា។
ប៉ុន្តែសេណារីយ៉ូឱ្យលោក Netanyahu និងលោក Eisenkot ចែកអំណាចគ្នា អាចនឹងប្រឈមមុខនឹងការប្រឆាំងជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយមកពីភាគីទាំងសងខាង ជាពិសេសមកពីប្លុកគណបក្សប្រឆាំងដែលបានចាត់ទុកការបោះឆ្នោតសកលលើកនេះជាការបោះឆ្នោតប្រជាមតិមួយប្រឆាំងនឹងលោក Netanyahu។
៤, ជាប់គាំង ហើយបោះឆ្នោតឡើងវិញ
ប្រសិនបើមិនមានបេក្ខជនណាម្នាក់មានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលទេ អ៉ីស្រាអែលនឹងត្រូវរៀបចំការបោះឆ្នោតសាជាថ្មី។ អ៉ីស្រាអែលធ្លាប់បានរៀបចំការបោះឆ្នោតសកលដល់ទៅ ៤លើក នៅចន្លោះពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២១ ដោយសារតែអ្នកនយោបាយអ៉ីស្រាអែលមិនអាចបង្កើតក្រុមចម្រុះមួយមានស្ថិរភាព និងមានអាយុវែង។ ជាគោលការណ៍ បេក្ខជនត្រូវបានតែងតាំងដោយប្រធានាធិបតី មានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតក្រុមចម្រុះមួយ ហើយអាចទទួលបានរយៈពេល ១៤ថ្ងៃបន្ថែមទៀត។ តែក៏មានផងដែរនីតិវិធីផ្សេងទៀតដើម្បីពន្យារពេល ឬបញ្ចៀសកុំឱ្យមានការអំពាវនាវរៀបចំការបោះឆ្នោតសាជាថ្មីភ្លាមៗ៕







