ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ បូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២៦ និងដាក់ចេញទិសដៅសម្រាប់ត្រីមាសទី៤
25-10-2026 17:05
(ក្រចេះ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកសំបូរ លោក ប្រាក់ ថាវអមិដា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំបូរ ខេត្តក្រចេះ។
ពិធីនេះដោយមានការចូលរួមពី លោក ហង់ ចាន់ឌី ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកសំបូរ លោក លោកស្រី ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ ក្រុមការងារថ្នាក់ស្រុក ព្រមទាំងសមាជិក សមាជិកាបក្សស្រុកសំបូរ ចំនួន២០៦នាក់។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងពិនិត្យ ពិភាក្សា វាយតម្លៃ និងបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់គណៈកម្មាធិការបក្សស្រុកសំបូរ ក្នុងរយៈពេល ០៣ខែ កន្លងមក (ខែកក្កដា សីហា និងកញ្ញា) ឆ្នាំ២០២៦ ដោយផ្តោតលើចំណុចខ្លាំង និងសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងចំណុចសេសសល់ដែលត្រូវបន្តដោះស្រាយ និងប្រមូលផ្តុំមតិយោបល់ ធាតុចូលពីសមាជិកអង្គប្រជុំ និងទទួលយកនូវអនុសាសន៍ដឹកនាំពីថ្នាក់ដឹកនាំ សម្រាប់ជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាព និងទិសដៅការងារអាទិភាពក្នុង ត្រីមាសទី៤បន្តទៀត។
នៅក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមការងារ បានមានមតិបូកសរុប និងណែនាំដល់ក្រុមការងារឱ្យអនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖
*ក្រុមការងារទាំងថ្នាក់កណ្តាលចុះជួយឃុំ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវសហការគ្នារៀបចំកម្មវិធីចុះជួបសាខាបក្សភូមិ ដើម្បីពង្រឹងសតិអារម្មណ៍សមាជិក ជំរុញសមាជិកបក្សឱ្យទៅចុះឈ្មោះបោះឆ្នោត របៀបគូសសន្លឹកឆ្នោត។ល។
*ក្រុមការងារចុះតាមឃុំ ត្រូវសហការជាមួយស្រុក និងភូមិ ដើម្បីរៀបចំផែនការចុះតាមខ្នងផ្ទះ ដែលមានរយៈពេល១ខែ ដែលជាផ្នែកមួយនៃផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧។
*ក្រុមការងារគ្រប់ថ្នាក់នៅក្នុងស្រុកសំបូរ ត្រូវក្តាប់សភាពការណ៍នៅមូលដ្ឋានឱ្យបានច្បាស់លាស់ ក្រោមការដឹកនាំរបស់គណបក្សយើង ជាពិសេសត្រូវស្រង់រាល់បញ្ហាប្រឈម សំណូមពរ និងការសន្យាចាស់ៗរបស់ក្រុមការងារដែលមិនទាន់ផ្តល់ដល់ប្រជាពលរដ្ឋ។
*រាល់ការចុះមូលដ្ឋាន ក្រុមការងារត្រូវមានរបាយការណ៍ច្បាស់លាស់។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រាក់ ថាវអមិដា ក៏បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិការបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសំបូរ ចែកជូនកីឡាករអ៊ុំទូក ក្នុងពិធីប្រណាំងទូក ចំនួន ២០គូ ដើម្បីអបអរសាទរពិធីបុណ្យចេញវស្សា នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ៕
























