* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ

26-10-2026 08:34

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ។ បណ្ណសារព័ត៌មានមិនអាចប្រែក្លាយអំពើខុសច្បាប់ទៅជាអំពើស្របច្បាប់បានទេ។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» នៅទីស្តីការក្រសួងព័ត៌មាន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកសារស្នូលមួយនៅពេលនេះ ៖ «ក្រមសីលធម៌គឺជាអាវក្រោះរបស់អ្នកសារព័ត៌មាន»។ ហេតុអ្វី? ព្រោះអ្នកសារព័ត៌មានដែលបានគោរពក្រមសីលធម៌ កំពុងកាត់បន្ថយហានិភ័យតាំងពីមុនពេលបញ្ហាកើតឡើង។ ឧទាហរណ៍ អ្នកទទួលបានព័ត៌មានថា មន្ត្រីម្នាក់បានប្រព្រឹត្តអំពើមិនប្រក្រតី។ អ្នកមិនប្រញាប់ផ្សព្វផ្សាយទេ។ អ្នកសួរថា៖ អ្នកណាជាប្រភព? មានឯកសារអ្វី? មានសាក្សីឬទេ? មានប្រភពឯករាជ្យបន្ថែម ឬទេ? អ្នកទាក់ទងមន្ត្រីដែលត្រូវបានចោទប្រកាន់។ អ្នកផ្តល់ឱកាសឱ្យគាត់បំភ្លឺ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្នករក្សាទុកសំឡេង ឯកសារ និងសម្ភារៈដើម។ អ្នកសរសេរថា «ត្រូវបានចោទប្រកាន់» ប្រសិនបើនៅត្រឹមការចោទប្រកាន់។ អ្នកមិនសរសេរថា «មានទោស» នៅពេលមិនទាន់មានសេចក្តីសម្រេចតាមច្បាប់។ អ្នកដាក់ចំណងជើងឱ្យស្មើនឹងភស្តុតាង។ នេះគឺជាក្រមសីលធម៌។ ហើយនេះគឺជាអាវក្រោះ។ បើថ្ងៃក្រោយមានអ្នកសួរថា៖ «ហេតុអ្វីបានជាអ្នកផ្សាយ?» អ្នកអាចឆ្លើយបានថា៖ ខ្ញុំមានប្រភព។ ខ្ញុំមានឯកសារ។ ខ្ញុំបានផ្ទៀងផ្ទាត់។ ខ្ញុំបានសុំការបំភ្លឺ។ ខ្ញុំបានផ្សាយការឆ្លើយតប។ ខ្ញុំបានបែងចែកអង្គហេតុ និងការអះអាង។ ខ្ញុំបានអនុវត្តតាមស្តង់ដារវិជ្ជាជីវៈ។ នេះហើយជាអាវក្រោះ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ប៉ុន្តែខ្ញុំក៏ចង់បញ្ជាក់ឱ្យច្បាស់ដែរ អាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ។ ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែក្រមសីលធម៌ មិនអាចការពារអំពើដែលខ្លួនប្រព្រឹត្តខុសច្បាប់បានទេ។ បណ្ណសារព័ត៌មានមិនអាចប្រែក្លាយអំពើខុសច្បាប់ទៅជាអំពើស្របច្បាប់បានទេ។ បណ្ណសារព័ត៌មាន គឺជាបណ្ណសម្គាល់ភារកិច្ច មិនមែនជាបណ្ណអភ័យឯកសិទ្ធិ»។

ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានបានដាក់ឱ្យអនុវត្ត «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដើម្បីធ្វើជាមូលដ្ឋានគ្រឹះរួមសម្រាប់ក្រមសីលធម៌ និងការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន។ លោកបងប្អូនយល់ថា ធម្មនុញ្ញនេះមិនមែនជាឯកសាររបស់ក្រសួងសម្រាប់តែអាន ឬទុកក្នុងទូទេ។ វាគឺជាឯកសារសម្រាប់អនុវត្ត។ គោលបំណងរបស់វា គឺដើម្បីជួយបង្កើតបរិយាកាសល្អប្រសើរសម្រាប់ការអនុវត្តក្រមសីលធម៌ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវវិជ្ជាជីវៈ ព្រមទាំងចូលរួមលើកកម្ពស់សេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកបន្ថែមចង់ឱ្យអ្នកសារព័ត៌មានមើល «ធម្មនុញ្ញវិជ្ជាជីវៈដូចជា ត្រីវិស័យ។ ត្រីវិស័យមិនដើរជំនួសយើងបានទេ។ ប៉ុន្តែនៅពេលផ្លូវច្របូកច្របល់ វាប្រាប់យើងថាទិសណាគួរទៅ»។ ដូចគ្នា នៅពេលអ្នកសារព័ត៌មានឈរនៅមុខព័ត៌មានដែលស្មុគស្មាញ ក្តៅ រសើប ឬមានផលប្រយោជន៍ជាច្រើនប្រទាក់ក្រឡាគ្នា ធម្មនុញ្ញវិជ្ជាជីវៈត្រូវជួយឱ្យអ្នកសួរខ្លួនឯង៖ តើព័ត៌មាននេះពិត ឬទេ? តើប្រភពនៅឯណា? តើបានផ្ទៀងផ្ទាត់ ឬនៅ? តើព័ត៌មាននេះមានផលប្រយោជន៍សាធារណៈ ឬទេ? តើមានសិទ្ធិអ្នកដទៃដែលត្រូវគោរពឬទេ? តើមាន ទំនាស់ផលប្រយោជន៍ដែរ ឬទេ ឬ Conflict of Interest ឬទេ? តើបញ្ញាសិប្បនិម្មិត AI ត្រូវបានប្រើប្រាស់ដោយតម្លាភាព ឬទេ? តើចំណងជើងស្មើនឹងភស្តុតាងឬទេ? តើអ្នកអាចការពារការសម្រេចចិត្តផ្សាយរបស់អ្នកបានទេ ប្រសិនបើថ្ងៃក្រោយមានអ្នកសួរ? នេះហើយជាការវិនិច្ឆ័យវិជ្ជាជីវៈ៕