រដ្ឋមន្ត្រី ហួត ហាក់៖ «Cambodia Golf Invitational» លើកកម្ពស់កិត្យានុភាពកម្ពុជា និងជំរុញទេសចរណ៍កីឡា
26-10-2026 09:15
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Cambodia Golf Invitational» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA Cambodia Chapter) ក្រុមហ៊ុន Golfasian សហព័ន្ធទេសចរណ៍កម្ពុជា វិស័យឯកជន និងកីឡាករវាយកូនគោលមកពី១១ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហុងកុង អង់គ្លេស ស្កុតឡែន អៀរឡង់ ឥណ្ឌា សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដែលបានរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្ហាញពីសក្តានុពលនៃទីលានវាយកូនគោលស្តង់ដារអន្តរជាតិ ព្រមទាំងផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។
លោក ហួត ហាក់ បានលើកឡើងពីអត្ថប្រយោជន៍សំខាន់ៗចំនួន៥ នៃព្រឹត្តិការណ៍ «Cambodia Golf Invitational» រួមមាន៖
ទី១៖ លើកកម្ពស់កិត្យានុភាព និងម៉ាកសញ្ញាទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។
ទី២៖ ធ្វើពិពិធកម្មផលិតផលទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍កីឡា ស្របតាមទិសដៅ «Beyond Temples» ដែលជំរុញឱ្យភ្ញៀវទេសចរស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយ។
ទី៣៖ ទាក់ទាញភ្ញៀវទេសចរដែលមានលទ្ធភាពចំណាយខ្ពស់ បង្កើនការចំណាយ និងរយៈពេលស្នាក់នៅរបស់ភ្ញៀវ ព្រមទាំងពង្រីកឱកាសធុរកិច្ច និងការវិនិយោគក្នុងវិស័យទេសចរណ៍។
ទី៤៖ បង្ហាញពីសមត្ថភាព ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពសេវាកម្មរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាកម្រិតអន្តរជាតិ។
ទី៥៖ ពង្រឹងទីតាំងកម្ពុជាជាគោលដៅទេសចរណ៍វាយកូនគោលប្រកបដោយគុណភាព និងភាពទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អ្នករៀបចំ ដៃគូសហការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍នឹងបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន និងគាំទ្រគំនិតផ្តួចផ្តើមនានា ដើម្បីពង្រីកភាពទាក់ទាញ បង្កើនភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ៕














