លោក ប៊ុន ហុន បំភ្លឺ និងច្រានចោលការចោទប្រកាន់របស់ ទណ្ឌិត ជុំ វណ្ណៈ និងព្រមានចាត់វិធានការច្បាប់បន្ត បើនៅតែផ្សាយព័ត៌មានក្លែងក្លាយ
26-10-2026 09:25
(ភ្នំពេញ)៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈមេធាវីកម្ពុជា បានចេញមុខបកស្រាយបំភ្លឺ និងច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយមួលបង្កាច់ពីសំណាក់ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ តាមរយៈគណនីបណ្តាញសង្គម TikTok និង Facebook ឈ្មោះ «Villa Gardenia Kep»។ ទន្ទឹមនឹងនេះ លោកក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀត ប្រសិនបើទណ្ឌិតរូបនេះនៅតែបន្តប្រឌិតរឿងទម្លាក់កំហុសមកលើរូបលោក។
យោងតាមសំណេរលើបណ្តាញសង្គមរបស់លោក ប៊ុន ហុន នៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា ឈ្មោះ ជុំ វណ្ណៈ មិនមែនជាជនរងគ្រោះដូចការអះអាងឡើយ ប៉ុន្តែគឺជាទណ្ឌិតដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់ តាមរយៈសាលក្រមស្ថាពររួចទៅហើយ ដែលរួមមាន៖
* សាលក្រមសាលាដំបូងរាជធានីភ្នំពេញ (លេខ ២១១១ “ស” ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣)៖ ផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍។
* សាលក្រមសាលាដំបូងខេត្តកែប (លេខ ៤៥ “គ” ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣)៖ ផ្តន្ទាទោសដាក់ពន្ធនាគារ ៧ខែ ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍។
* សាលក្រមសាលាដំបូងខេត្តកំពត** (លេខ ១៦៩ “គ” ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣)៖ ផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅខេត្តកែប។
លោករដ្ឋលេខាធិការ បានពន្យល់អំពីដើមចមនៃសំណុំរឿងថា កន្លងមក ទណ្ឌិត ជុំ វណ្ណៈ បានប្រឌិតអង្គហេតុប្តឹងរូបលោកទៅស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញ និងខេត្តកែប។ ប៉ុន្តែក្រោយពីស្ថាប័នអយ្យការធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងរកឃើញថាជាអង្គហេតុមិនពិត ទើបសម្រេចតម្កល់រឿងទុកឥតចាត់ការ។ បន្ទាប់មក លោកក៏បានប្រើសិទ្ធិផ្លូវច្បាប់ប្តឹងបកទៅទណ្ឌិតរូបនេះវិញពីបទបរិហារកេរ្តិ៍។ បច្ចុប្បន្ន ទណ្ឌិត ជុំ វណ្ណៈ បានរត់គេចខ្លួនទៅសម្ងំរស់នៅប្រទេសកាណាដា ដោយមិនហ៊ានចូលខ្លួនមកតតាំងតាមផ្លូវច្បាប់នៅកម្ពុជានោះទេ។ ចំណែកឯការអះអាងរបស់ប្តីទណ្ឌិតរូបនេះដែលជាជនជាតិកាណាដា ត្រូវបានលោក ប៊ុន ហុន បញ្ជាក់ថា ជាការយល់ខុសដោយសារគាត់មិនដឹងរឿងពិត និងអាចត្រូវប្រពន្ធបោកប្រាស់ផងដែរ។
លោក ប៊ុន ហុន បានបន្ថែមថា ករណីនេះធ្លាប់ត្រូវបានមេធាវីរបស់លោកបកស្រាយលម្អិតតាំងពីខែមករា ឆ្នាំ២០២៥ មកម៉្លេះ ដោយមានការបញ្ជាក់បន្ថែមពីជនរងគ្រោះពិតប្រាកដ (ជនជាតិកាណាដាពីរនាក់ប្តីប្រពន្ធ) ដែលត្រូវទណ្ឌិត ជុំ វណ្ណៈ ប្រើល្បិចឆបោកយកដីនៅសង្កាត់ព្រៃធំ ក្រុងកែប។ ដោយមានភស្តុតាងគ្រប់គ្រាន់ តុលាការគ្រប់ជាន់ថ្នាក់បានសម្រេចប្រគល់ដីនោះទៅឱ្យជនរងគ្រោះវិញ។ លើសពីនេះ អាជ្ញាធរកាណាដាក៏បានរកឃើញដែរថា ការដែលទណ្ឌិតរូបនេះប្តឹងទម្លាក់កំហុសលើជនជាតិកាណាដាទាំងពីរនាក់នៅប្រទេសកាណាដានោះ គឺធ្វើឡើងដោយគ្មានភស្តុតាងឡើយ។
ជាចុងក្រោយ លោក ប៊ុន ហុន បានអំពាវនាវដល់សាធារណជនកុំឱ្យមានការយល់ច្រឡំចំពោះការសម្តែងតួជាជនរងគ្រោះរបស់ទណ្ឌិតរូបនេះ ដែលលោកចាត់ទុកថាជាប្រភេទឧក្រិដ្ឋជនឆបោកជនបរទេស ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងបន្តប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ប្តឹងទណ្ឌិត ជុំ វណ្ណៈ បន្ថែមទៀត ប្រសិនបើបុគ្គលរូបនេះនៅតែបន្តផ្សាយព័ត៌មានក្លែងក្លាយ ឬបំភ្លៃការពិតទម្លាក់កំហុសមកលើរូបលោក៕



























