IFAD ទទួលបានការកោតសរសើរនៅ CAFE26 ខណៈកិច្ចសហការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ពង្រីកឱកាសទីផ្សារសម្រាប់កសិករខ្នាតតូច
26-10-2026 09:57
(ភ្នំពេញ)៖ មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម ( IFAD) បានទទួលលិខិតសរសើរពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីបិទវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (Cambodia Agriculture Forum and Exhibition 2026–CAFE26) ដើម្បីទទួលស្គាល់ការរួមចំណែករបស់ IFAD ក្នុងការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។
លិខិតសរសើរនេះ ត្រូវបានទទួលដោយលោក Frew Behabtu នាយកប្រចាំប្រទេស និងជាតំណាង IFAD ប្រចាំកម្ពុជា។ ការទទួលស្គាល់នេះធ្វើឡើងបន្ទាប់ពីការប្រារព្ធខួប ៣០ ឆ្នាំនៃភាពជាដៃគូរវាង IFAD និងរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ទាំងពីរនេះបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការវិនិយោគ លើប្រជាជននៅតំបន់ជនបទ និងពង្រឹងប្រព័ន្ធកសិកម្ម និងស្បៀងអាហាររបស់កម្ពុជា។ សមិទ្ធផលសំខាន់មួយនៅក្នុង CAFE26 ឆ្នាំនេះ គឺការកើនឡើងនៃចំនួនស្តង់តាំងបង្ហាញរួមរបស់ គម្រោងដែលទទួលហិរញ្ញប្បទានពី IFAD ពី ១២ស្តង់ ក្នុងឆ្នាំ២០២៥ ដល់ ២១ស្តង់ ក្នុងឆ្នាំ២០២៦។ នេះស្មើនឹងការកើនឡើងចំនួន ៩ស្តង់ ឬ ៧៥% បើប្រៀបធៀបនឹងឆ្នាំមុន។
សមិទ្ធផលនេះឆ្លុះបញ្ចាំងពីភាពជអ្នកដឹកនាំ ការចូលរួមជាម្ចាស់កម្មវិធី និងការគាំទ្រយ៉ាងសកម្មពីសំណាក់ ក្រសួងពាក់ព័ន្ធទាំងបី។ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដើរតួនាទីសំខាន់តាមរយៈ គម្រោងកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT)។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មបានចូលរួមយ៉ាងសកម្មតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS-អេមស៍)។ ហើយក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមតាមរយៈ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។
ដោយសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកគ្រប់គ្រងចំណេះដឹង និងទំនាក់ទំនងរបស់ IFAD ប្រចាំកម្ពុជា ក្រុមការងារគម្រោងទាំងបី បានរួមគ្នាសម្របសម្រួលការចូលរួមរបស់ អ្នកផលិតកសិកម្ម និងសហគ្រាស នៅតំបន់ជនបទ ដើម្បីដាក់តាំងបង្ហាញផលិតផលកសិកម្មកម្ពុជា បន្លែ និងផលិតផលស្រស់ៗ ផលិតផលកែច្នៃបន្លែ ព្រមទាំងគំនិតច្នៃប្រឌិតថ្មីៗក្នុងវិស័យកសិកម្ម។
កិច្ចសហការនេះបានបង្ហាញពីការបំពេញបន្ថែមគ្នារវាងការវិនិយោគលើសេវាកម្មកសិកម្ម និងនវានុវត្តន៍ ការអភិវឌ្ឍទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធជនបទ។ វាក៏បង្ហាញផងដែរថា ការចូលរួមជាម្ចាស់កម្មវិធីរបស់ស្ថាប័នរដ្ឋ និងការសម្របសម្រួលការវិនិយោគឱ្យមានភាពស៊ីសង្វាក់គ្នា អាចជួយពង្រឹងទំនាក់ទំនងរវាងផលិតកម្មរបស់កសិករខ្នាតតូច សហគ្រាសនៅជនបទ និងទីផ្សារ។
ក្នុងនាមជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ និងជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលផ្តោតលើ ការផ្លាស់ប្តូរនៅតំបន់ជនបទ IFAD បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍រយៈពេលវែង និងជំនាញបច្ចេកទេស។
ការគាំទ្រនេះមានគោលបំណងលើកកម្ពស់ជីវភាពប្រជាជននៅជនបទពង្រីកឱកាសសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពទប់ទល់នឹងហានិភ័យ និងការប្រែប្រួលផ្សេងៗ។
ការទទួលបានលិខិតសរសើរនៅក្នុង CAFE26 គឺជាការឆ្លុះបញ្ចាំងពីតម្លៃនៃភាពជាដៃគូដ៏យូរអង្វែងនេះ ព្រមទាំងការប្តេជ្ញាចិត្តរបស់ស្ថាប័នរដ្ឋនិងក្រុមការងារគម្រោងដែលបានចូលរួម។ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការមានរយៈពេលជាងបីទសវត្សរ៍កន្លងមក IFAD និងដៃគូរដ្ឋាភិបាលនឹង បន្តធ្វើការរួមគ្នា ដើម្បីពង្រឹងស្ថាប័ននៅតំបន់ជនបទ ពង្រីកឱកាសទីផ្សារ និងជំរុញការវិនិយោគដែលអាច បង្កើតផលប្រយោជន៍យូរអង្វែងសម្រាប់ប្រជាជនកម្ពុជានៅតំបន់ជនបទ៕








