អភិបាលខេត្តពោធិ៍សាត់៖ «សោភណភាពគឺជាជីវិត» ការរៀបចំខេត្តឱ្យស្អាតគ្មានសំរាម គឺជាអាទិភាពចម្បងក្នុងការទាក់ទាញទេសចរ និងលើកកម្ពស់សុខភាពផ្លូវចិត្តពលរដ្ឋ
26-10-2026 11:08
(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានគូសបញ្ជាក់ថា «សោភណភាពគឺជាជីវិត» ដោយសារតែបរិស្ថានស្អាត និងមានរបៀបរៀបរយ មិនត្រឹមតែផ្ដល់នូវភាពស្រស់បំព្រងសម្រាប់ភ្នែកមើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងទ្រទ្រង់សុខភាពផ្លូវចិត្តរបស់មនុស្សឱ្យកាន់តែល្អប្រសើរផងដែរ។ ឈរលើទស្សនទាននេះ រដ្ឋបាលខេត្តកំពុងបន្តជំរុញការកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យក្លាយជាខេត្តគ្មានសំរាម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងកិច្ចសម្ភាសន៍ដល់ ក្រុមអ្នកសារព័ត៌មានចម្រុះ ក្នុងដំណើរទស្សនកិច្ចដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះលោកអភិបាលខេត្ត បានមានប្រសាសន៍ថា ការសម្រេចបាននូវសមិទ្ធផលកែលម្អសោភណភាព និងអនាម័យបរិស្ថាននាពេលនេះ គឺកើតចេញពីការដឹកនាំផ្ទាល់ រួមជាមួយការចូលរួមយ៉ាងសកម្មពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់។ សកម្មភាពទាំងអស់នេះ គឺអនុវត្តតាមគោលការណ៍រួមតែមួយគត់ គឺការរួមសាមគ្គីគ្នាធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់មានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានរំឭកអំពីការប្ដេជ្ញាចិត្តចំពោះមុខប្រមុខរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៥ ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយខេត្តពោធិ៍សាត់ ឱ្យទៅជាខេត្តដែលគ្មានសំរាម។ លោកបានសង្កត់ធ្ងន់ថា ការងារថែរក្សាអនាម័យបរិស្ថានមិនអាចធ្វើឱ្យស្អាតបានក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែកនោះឡើយ ពោលគឺទាមទារនូវការព្យាយាម តស៊ូ និងធ្វើជាប្រចាំដោយមិនរាថយ។
ជារួម មកទល់បច្ចុប្បន្ននេះ ការថែរក្សាអនាម័យទាំងនៅតាមទីសាធារណៈ ដងផ្លូវ និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ គឺសម្រេចបានភាពស្អាតចន្លោះពី ៩០% ទៅ ៩៥% ហើយ។ ដោយឡែក ចំពោះផ្នែកដែលនៅសេសសល់បន្តិចបន្តួច អាជ្ញាធរកំពុងបន្តអប់រំណែនាំ និងកែតម្រូវ ដោយសារតែការផ្លាស់ប្ដូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់អនុវត្តតៗគ្នាតាំងពីដូនតាមកនោះ ត្រូវទាមទារពេលវេលាក្នុងការពន្យល់ណែនាំជាបន្តបន្ទាប់។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ការកែប្រែទម្លាប់ និងការរួមគ្នាថែរក្សាអនាម័យឱ្យបានស្អាតនេះ ត្រូវបានចាត់ទុកជាកត្តាអាទិភាពទីមួយ ពីព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ តែងតែចង់ទៅទស្សនាកម្សាន្តនៅតំបន់ណាដែលមានបរិស្ថានស្អាត និងមានរបៀបរៀបរយ។ ផ្ទុយទៅវិញ ប្រសិនបើទីតាំងពោរពេញដោយសំរាម និងមិនល្អ នោះនឹងគ្មានទេសចរណាម្នាក់ចង់មកកម្សាន្តឡើយ ដែលជាហេតុធ្វើឱ្យការលើកកម្ពស់សោភណភាពខេត្ត ក្លាយជាគន្លឹះដ៏សំខាន់ក្នុងការទាក់ទាញទេសចរ និងលើកស្ទួយជីវភាពពលរដ្ឋក្នុងមូលដ្ឋាន៕
















