ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី (Video inside)
26-10-2026 13:45
(ភ្នំពេញ)៖ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នេះ គឺជាខួប១ឆ្នាំគត់ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ បានកើតឡើងបន្ទាប់ពីជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរបានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនេះ គឺជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ក្រោមការសម្របសម្រួល និងលើកទឹកចិត្តពីឯកឧត្តមប្រធានាធិបតី Donald Trump និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាននាពេលនោះ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែង។
ខួបមួយឆ្នាំនៃេចក្តីថ្លែងការណ៍រួមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីនូវការគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនតាមសន្តិវិធី និងច្បាប់អន្តរជាតិ។
សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន។
សម្តេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះលោកប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានចូលរួមយ៉ាងសកម្ម និងបន្តគាំទ្រដល់ដំណើរការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី ដើម្បីឈានទៅរកសន្តិភាពមួយដែលមានចិរភាព។ ការប្តេជ្ញាចិត្តនេះ ឆ្លុះបញ្ចាំងពីឆន្ទៈរបស់កម្ពុជាក្នុងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងរួមចំណែកដល់ស្ថិរភាពក្នុងតំបន់។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពខាងលើនេះបានកើតឡើង បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុធរវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិតទាំងយោធិន និងជនស៊ីវិលនៃប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបញ្ចប់ជម្លោះ ព្រមទាំងការស្តារទំនាក់ទំនងឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។
បើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ការប៉ះទង្គិចបានផ្ទុះឡើងសារជាថ្មី ដោយអូសបន្លាយអស់រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះជាសង្គ្រាមឈ្លានពានសុទ្ធសាធរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។ វាមានលក្ខណៈធ្ងន់ធ្ងរខ្លាំង និងបានបណ្តាលឱ្យមានជនស៊ីវិល និងវីរយោធិនកម្ពុជា កាន់តែច្រើនបានបាត់បង់ជីវិត ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាច្រើនកន្លែង។
មិនតែប៉ុណ្ណោះ ថៃនៅតែបន្តអំពើរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កម្ទេចផ្ទះប្រជាជន សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ល។ នៅក្នុងតំបន់ដែលពួកគេបានកាន់កាប់ដោយខុសច្បាប់ បើទោះជាសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ រវាងកម្ពុជា និងថៃ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។
ថៃបាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរដាច់ខាត គឺមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយកម្លាំងនោះឡើយ៕





