ឯកអគ្គរាជទូតកម្ពុជា វាយតម្លៃខ្ពស់ចំពោះវិស័យឯកជនជប៉ុន និងកោតសរសើរពលរដ្ឋខ្មែរដែលដើរតួជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ
26-10-2026 15:08
(តូក្យូ)៖ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់វិស័យឯកជនជប៉ុន ក្នុងការរឹតចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខ្មែរ ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសកម្មជាស្ពានមិត្តភាពដ៏រឹងមាំតភ្ជាប់រវាងកម្ពុជា និងជប៉ុន។
ការគូសបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោកឯកអគ្គរាជទូត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក NOBUO Ando នាយកតំណាងក្រុមហ៊ុន SBI Remit Co., Ltd. នៅទីក្រុងតូក្យូ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសនៃការរៀបចំការប្រកួតប្រជែងនិយាយភាសាខ្មែរលើកទី៩។
អគ្គរាជទូតកម្ពុជា បានលើកឡើងអំពីទិដ្ឋភាពរួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយលោកបានគូសរំលេចពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របតាមស្មារតីនៃ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលប្រទេសទាំងពីរបានរួមគ្នាបង្កើតឡើងកាលពីឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានេះ លោក ជុំ សុន្ទរី បានទទួលស្គាល់ និងថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅទូទាំងប្រទេសជប៉ុន ដែលការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ច បានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងរូបភាពវិជ្ជមានរបស់កម្ពុជា ព្រមទាំងផ្សារភ្ជាប់មនោសញ្ចេតនាយ៉ាងជិតស្និទ្ធជាមួយប្រជាជនជប៉ុន។
ទន្ទឹមនឹងនោះ លោកឯកអគ្គរាជទូត ក៏បានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន និងធុរជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម វប្បធម៌ និងការផ្តល់ការគាំទ្រដល់សហគមន៍កម្ពុជា។ ការចូលរួមចំណែករបស់វិស័យឯកជន គឺជាគំរូដ៏ប្រពៃ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ប្រកបដោយផលប្រយោជន៍រួម និងយូរអង្វែងរវាងប្រទេសទាំងពីរ៕





