ប្រវត្តិសិក្សាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ឧត្តមសេនីយ៍ត្រី សៀ ទីន ជាអតីតនិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី
26-10-2026 15:50
(សៀមរាប)៖ ដោយមានការកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងខែកក្កដា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់រហូត ០៣លើក ពោលគឺ៖
*នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤៖ លោក សៀ ទីន ដែលមានតួនាទីជា នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឋានន្តរសក្តិវរសេនីយ៍ឯក ត្រូវបានក្រសួងការពារជាតិ សម្រេចតែងតាំងផ្លាស់ប្តូរមុខតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
*នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ឋិតក្នុងតំណែងជា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប។
*នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ៖ លោកវរសេនីយ៍ឯក សៀ ទីន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ ដំឡើង ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី។
*នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោក សៀ ទីន ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងដំឡើងឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ត្រី ជាផ្លូវការ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ទន្ទឹមជាមួយ ការបញ្ចប់ ការសិក្សាបណ្ឌិតសភាយោធាអូស្ត្រាលី លោក សៀ ទីន ដែលក្នុងនាមជានិស្សិតរៀមច្បង ក៏បានផ្តួចផ្តើម ប្រមូលផ្តុំក្រុមនិស្សិតសិស្សប្អូន ដែលបានរៀនចប់ពីបណ្ឌិតសភាយោធាអូស្ត្រាលី ចងក្រងជាក្រុម មានឈ្មោះហៅកាត់ ថា RARA ( គឺជា ក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សាពីបណ្ឌិតសភា យោធាអូស្ត្រាលី) ដែលបច្ចុប្បន្ន លោក សៀ ទីន គឺជាប្រធានក្រុម។
លោក សៀ ទីន កើតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩០ នៅក្រុងភ្នំពេញ គឺជាកូនប្រុសច្បង ក្នុងចំណោមកូន០៣នាក់ របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
នៅថ្ងៃដែលលោក សៀ ទីន ចាប់កំណើត លោក រ័ត្ន ស្រ៊ាង ដែលជាឪពុកនៅត្រឹមតែជាមន្ត្រីយោធាធម្មតា តែបានតស៊ូពុះពារគ្រប់ឧបសគ្គ ខ្នះខ្នែងផ្ចុងផ្តើមកូនឱ្យបានរៀនសូត្ររហូតបញ្ចប់ការសិក្សា។
បន្ទាប់ពីឆ្លងកាត់ការសិក្សាតាមលំដាប់ រហូតចម្រើនវ័យ១៨ឆ្នាំ ដោយមានចិត្តដិតជាប់ជាមួយឪពុក ដែលតែងតែ ស្លៀកឯកសណ្ឋានកងអាវុធហត្ថ ធ្វើឱ្យ លោក សៀ ទីន តាំងចិត្តប្តេជ្ញា ថានឹងចូលធ្វើការដូច ឪពុកដែរ ក៏សម្រេចចូលបម្រើការងារ ក្នុងកងរាជអាវុធហត្ថ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០០៨ មានឋានន្តរសក្តិ ពលបាលឯក។
នៅខែមករា ឆ្នាំ២០០៩ លោក សៀ ទីន បានចូលរៀន នៅសាកលវិទ្យាល័យការពារជាតិ បានរយៈពេល ១ឆ្នាំ ក៏បានដាក់ពាក្យប្រលងជាប់អាហារូបករណ៍ទៅបន្តការសិក្សា នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី និង មហាវិទ្យាល័យ យោធាដាំទ្រូនប្រទេសអូស្ត្រាលី ផ្នែកគ្រប់គ្រងយោធា និងរៀនបរិញ្ញាបត្រធុរកិច្ច ទន្ទឹមគ្នា នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី ។ ក្នុងអំឡុងពេលសិក្សា នៅសាលាបណ្ឌិតសភា យោធាអូស្ត្រាលី លោក សៀ ទីន បានឆ្លងកាត់ការតស៊ូយ៉ាងលំបាកបំផុត ជាពិសេសការ ហ្វឹកហាត់បន្សាំជីវិត និងសមយុទ្ធនៅក្នុងព្រៃដែលធ្វើឡើង ដូចនៅក្នុងសង្គ្រាមជាក់ស្តែង ដោយឆ្លងកាត់គ្រប់ឧបសគ្គ សម្រាកក្នុងលានដ្ឋាន ពុំមានអាហារគ្រប់គ្រាន់ ឆ្លងកាត់ការ ផ្លាស់ប្តូរអាកាសធាតុពី ត្រជាក់ខ្លាំង ទៅក្តៅខ្លាំង ឆ្លងកាត់ការរស់នៅក្រោមភ្លៀងជាប្រចាំ រហូតសិក្ខាកាមក្នុងវគ្គជាមួយគ្នា ប្រលងជាប់ត្រឹមតែ៤០%ប៉ុណ្ណោះ។
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខណៈពេលដែលលោក សៀ ទីន កំពុងតស៊ូហ្វឹកហ្វឺនរៀនសូត្រ នៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី លោក រ័ត្ន ស៊្រាង ដែលជាឪពុក ត្រូវបានថ្នាក់លើ ផ្លាស់ប្តូរមុខតំណែង ពីមេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឱ្យមកកាន់តំណែងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ។
បន្ទាប់ពី លោក សៀ ទីន បានបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាអូស្ត្រាលី, មហាវិទ្យាល័យយោធាដាំទ្រូន និងបរិញ្ញាបត្រធុរកិច្ច នៃសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី លោកបានត្រឡប់មក បម្រើការងារនៅអង្គភាពដើមវិញ ដើម្បីបម្រើជាតិ នៃមាតុភូមិកំណើត ក្នុងតំណែងជា អនុប្រធាន មន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ លោក សៀ ទីន បានផ្លាស់ប្តូរអង្គភាពពីអនុប្រធានមន្ទីរផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកជា នាយរង សេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយការងារ ហ្វឹកហ្វឺនជំនាញប្រតិបត្តិការ ពង្រឹងសមត្ថភាព កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដោយយកចំណេះជំនាញ ដែលលោកបានរៀននៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមបញ្ចូលជាមួយបទពិសោធន៍រៀមច្បង ចងក្រងជាមេរៀននិងបច្ចេកទេសថ្មីៗ ស្របតាមសម័យកាលរីកចម្រើននិងស្ថានភាពជាក់ស្តែង។
នៅខែកញ្ញា ឆ្នាំ២០១៤ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គសហប្រតិបត្តិការសន្តិសុខឈានមុខ នៅរដ្ឋហាវៃ សហរដ្ឋអាមេរិក។
នៅខែកុម្ភៈ ឆ្នាំ២០១៦ លោក សៀ ទីន បានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយ សាធារណៈ និងអភិបាលកិច្ច នៅសកលវិទ្យាល័យ New South Wales (UNSW) ប្រទេសអូស្ត្រាលី។
នៅឆ្នាំ២០២០ លោក សៀ ទីន បានទៅរៀនបន្ថែមវគ្គបញ្ជាការសេនាធិការ នៅសាកលវិទ្យាល័យ Goh Keng Swee Command and Staff College ដែលជាវគ្គខ្ពស់ជាងគេរបស់យោធាប្រទេសសិង្ហបុរី។
ក្នុងអំឡុងពេលបម្រើការងារនៅអង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ ប្រតិបត្តិការ ពង្រឹងសមត្ថភាពកងកម្លាំង លោក សៀ ទីន ក៏បានចូលរួមដឹកនាំប្រតិបត្តិការ បង្ក្រាបបទល្មើសធំៗ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ប្រកបដោយជោគជ័យជាហូរហែរដូចជា៖
*១៖ បង្ក្រាបក្រុមចោរប្លន់ម៉ូតូដែលតែងតែ បាញ់សម្លាប់ម្ចាស់យ៉ាងឃោរឃៅរាប់សិបករណីក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក្នុងខែធ្នូ ឆ្នាំ២០១៥ ដោយលទ្ធផលបណ្តាលឱ្យជនល្មើស ជាមេខ្លោងស្លាប់នៅនឹងកន្លែង០២នាក់ និងឃាត់ខ្លួនបក្ខពួកជាច្រើននាក់បញ្ជូនទៅតុលាការ រហូតមានការផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗលើសពី១០០ឆ្នាំ ទើបធ្វើឱ្យលែងមានករណីបាញ់ប្លន់សម្លាប់នៅរាជធានីភ្នំពេញ មកដល់ពេលបច្ចុប្បន្ន។
*២៖ បង្ក្រាបក្រុមចោរដែលប៉ុនប៉ងជម្រិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ក្នុងបុរីអង្គរ ក្នុងខែមីនា ឆ្នាំ២០២១ ដោយលទ្ធផលបណ្តាលឲ្យក្រុមចោរ ០៤នាក់ ស្លាប់នៅនឹងកន្លែង, បង្ក្រាបក្រុមចោរប្លន់អ្នកលក់ឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ក្នុងខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីក្រុមនេះគេចខ្លួនបានមួយថ្ងៃ ដោយលទ្ធផលឃាត់ខ្លួន ក្រុមចោរមួយសំបុក ព្រមជាមួយអាវុធវែងខ្លីជាច្រើនដើម ដែលមានមេក្លោងជាប្រធាន គណបក្សខ្មែរក្រោក ឈ្មោះ William Guang។
*៣៖ ដឹកនាំកម្លាំងចេញប្រតិបត្តិការ បង្ក្រាប ករណីជំរិតទារប្រាក់ និងប្លន់សម្លាប់ជនរងគ្រោះ ដែលជាស្វាមីម្ចាស់ប្រែនឡាកាម៉ូ ក្នុងបុរីជីបម៉ុងឡែន 6A ក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដោយលទ្ធផលបង្ខំឲ្យជនល្មើស ទាល់ច្រកបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែង។
ក្រៅពីទទួលបន្ទុកហ្វឹកហ្វឺនជំនាញ និងដឹកនាំប្រតិបត្តិការបង្ក្រាប បទល្មើសឧក្រិដ្ឋធំៗ, លោក សៀ ទីន ធ្លាប់បានដើរតួយ៉ាងសំខាន់ក្នុងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ លើការរៀបចំផែនការ និងដឹកនាំកម្លាំងផ្ទាល់ ដើម្បីចូលរួមធ្វើការផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយសណ្តាប់ធ្នាប់និងប្រសិទ្ធភាព ស្របតាមវិធានការ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល។
ក្រៅពីនេះលោក សៀ ទីន ក៏ធ្លាប់ទទួលភារកិច្ច ហ្វឹកហ្វឺនដល់ក្រុមបាញ់កាំភ្លើង កងយោធពលខេមរភូមិន្ទ ឲ្យមានភាពស្ទាត់ជំនាញ ដើម្បីទៅចូលរួមប្រកួតបាញ់កាំភ្លើង បែបប្រតិបត្តិការយោធា ក្នុងនាមកងទ័ពជើងគោកជាមួយបណ្តាប្រទេស១៩ផ្សេងទៀត ក្នុងកម្មវិធី AASAM ក្នុងឆ្នាំ២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ក្នុងនោះលោក សៀ ទីន ក៏បានចូលរួមប្រកួតខ្លួនឯងផ្ទាល់ ចំនួន០២ឆ្នាំជាប់គ្នាផងដែរ។
ជាមួយចំណេះជំនាញដែលបានសិក្សានៅប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក សាំងហ្កាពួ ព្រមទាំង បទពិសោធន៍ ហ្វឹកហ្វឺនពង្រឹងសមត្ថភាពកងកម្លាំង និងភាពឈ្លាសវៃក្នុងការដឹកនាំអនុវត្តការងារជាក់ស្តែង ដឹកនាំប្រតិបត្តិការ បង្ក្រាប បទល្មើសធំៗ ប្រកបដោយសមត្ថភាពពិតប្រាកដទាំងអស់នេះហើយ ទើប លោក សៀ ទីន ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ផ្តល់ទំនុកចិត្ត ធ្វើការតែងតាំង ផ្លាស់ប្តូរមុខតំណែង និងដំឡើងឋានន្តរសក្តិ ជាបន្តបន្ទាប់ដូចសព្វថ្ងៃ៕
















