* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ១៨គ្រួសារ ទៅទទួលយកដីឡូតិ៍ និងផ្ទះសំបែងថ្មី នៅខេត្តស្ទឹងត្រែង ក្រោមកម្មវិធីផ្តល់ដីសម្រាប់ការអភិវឌ្ឍដោយចីរភាព

26-10-2026 15:58

​(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញ ជួបសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋចំនួន ១៨គ្រួសារ (ក្នុងនោះ ១៥គ្រួសារ បានអញ្ជើញចូលរួមផ្ទាល់) ដែលទទួលបានដីឡូតិ៍ និងផ្ទះជាសម្បត្តិស្របច្បាប់ នៅទីតាំងដីសម្បទានសង្គមកិច្ច ក្នុងឃុំក្បាលរមាស និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោម «កម្មវិធីផ្តល់ដី សម្រាប់ការអភិវឌ្ឍដោយចីរភាព (គម្រោងទី១)» របស់រាជរដ្ឋាភិបាលកម្ពុជា។

នៅ​ក្នុងឱកាសនោះលោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីសម្រាប់ ការអភិវឌ្ឍដោយចីរភាព ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយសម្តេច និងលោកជំទាវ តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

​អភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា «កម្មវិធីផ្តល់ដី សម្រាប់ការអភិវឌ្ឍដោយចីរភាព (គម្រោងទី១)» គឺជាគោលនយោបាយប្រវត្តិសាស្ត្រ និងជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖

*ទី១៖ ផ្តល់ដីធ្លី និងផ្ទះសម្បែងពិតប្រាកដ៖ ឆ្លើយតបទៅនឹងតម្រូវការជីវភាព មានជម្រកដ៏កក់ក្តៅ សុវត្ថិភាព និងលើកកម្ពស់កម្រិតជីវភាពរស់នៅ។
*ទី២៖ ការពារ និងអភិរក្សព្រៃឈើ៖ កាត់បន្ថយការទន្ទ្រានដីព្រៃខុសច្បាប់ ដោយប្រែមកជាការផ្តល់ដីសម្រាប់ការអភិវឌ្ឍជីវភាពប្រកបដោយចីរភាព។
*ទី៣៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ៖ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និងសេវាសុខាភិបាល នៅទីតាំងថ្មី ដើម្បីធានាដល់ការរស់នៅសមរម្យ និងការបង្កើតមុខរបរ។

​ជាមួយគ្នានេះ លោក គីម រិទ្ធី បានធ្វើការផ្តាំផ្ញើ និងណែនាំដល់ប្រជាពលរដ្ឋទាំង ១៨គ្រួសារ នូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

*​ខិតខំកសាងជីវភាព បង្កបង្កើនផល ដាំដំណាំចម្រុះ និងចិញ្ចឹមសត្វ នៅលើដីឡូតិ៍ និងផ្ទះថ្មី។
*​ប្រកបមុខរបរដោយស្មោះត្រង់ ជៀសវាងអំពើខុសច្បាប់ ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សហគមន៍ និងរួមគ្នាថែរក្សាព្រៃឈើ និងបរិស្ថាន។
*​ប្រញាប់ប្រញាល់យកឯកសារផ្លាស់ប្តូរទីលំនៅទៅជួបអាជ្ញាធរភូមិ-ឃុំនៅទីតាំងថ្មី ដើម្បីរៀបចំសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ។
*​ចំណុចសំខាន់បំផុត៖ សូមអញ្ជើញទៅជួបអាជ្ញាធរឃុំ ដើម្បីចុះឈ្មោះបោះឆ្នោតនៅទីតាំងថ្មីឱ្យបានទាន់ពេលវេលា (ដំណើរការចុះឈ្មោះចាប់ពីថ្ងៃទី០៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦) ដើម្បីធានាសិទ្ធិពលរដ្ឋពេញលេញ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។

​ដើម្បីជួយសម្រាលបន្ទុកជីវភាពជំហានដំបូង និងការធ្វើដំណើរទៅកាន់ទីលំនៅថ្មី រដ្ឋបាលខេត្តព្រះវិហារ បានឧបត្ថម្ភគាំទ្រដល់គ្រួសារនីមួយៗនូវ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកសុទ្ធ ១កេស, ទឹកស៊ីអ៊ីវ និងទឹកត្រី ២យួរ ព្រមទាំងថវិកាចំនួន ១០ម៉ឺនរៀល។ បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានរៀបចំអាហារពេលព្រឹក បាយថ្ងៃត្រង់ និងការដឹកជញ្ជូនតាមផ្លូវប្រកបដោយសុវត្ថិភាពផងដែរ។

​លោក គីម រិទ្ធី ក៏បានថ្លែងជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើដំណើរដោយសុវត្ថិភាព និងជួបតែសេចក្តីសុខចម្រើន ជោគជ័យក្នុងការកសាងជីវភាពថ្មីនៅលើទឹកដីឃុំក្បាលរមាស និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕