* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ខេត្តពោធិ៍សាត់ត្រៀមខ្លួនរួចជាស្រេច! ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងត្រឡប់មកវិញ ក្រោយខកខានកាលពីឆ្នាំ២០២៥កន្លងទៅ

26-10-2026 16:21

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីជាតិដ៏ផូរផង់, រដ្ឋបាលខេត្តពោធិ៍សាត់បានប្រកាសត្រៀមរៀបចំ ពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត លើកទី៦ ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ នៅតាមដងស្ទឹងពោធិ៍សាត់។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងវិញ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាព បន្ទាប់ពីខកខានប្រារព្ធកាលពីឆ្នាំ២០២៥កន្លងទៅ ដោយសារតែមានបញ្ហាជម្លោះព្រំដែន ជាមួយប្រទេសថៃ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦នេះ នៅសាលប្រជុំកោះសំពៅមាស សាលាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការរៀបចំពិធី ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកស្ទួយវប្បធម៌ និងការផ្តល់ឱកាសឱ្យកីឡាករចំណុះទូកបានបង្ហាញសមត្ថភាព។ សម្រាប់ឆ្នាំនេះ មានទូកសរុប៣០ទូក (ស្មើនឹង ១៥គូ) បានដាក់ពាក្យចូលរួមប្រកួត ដែលក្នុងនោះក៏មានទូកមកពីខេត្តបាត់ដំបង ចំនួន២ទូក ផងដែរ។

ដើម្បីធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន លោកអភិបាលខេត្ត បានដាក់ចេញនូវបទបញ្ជាផ្ទាល់ និងការចាត់តាំងភារកិច្ចយ៉ាងម៉ត់ចត់ ជូនដល់ គណៈកម្មការ និងអនុគណៈកម្មការទាំង៥៖

ទី១-អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៖ ទទួលបន្ទុករៀបចំរបៀបវារៈ ពិធីការ វេទិកាកិត្តិយស ការនិមន្តព្រះសង្ឃ ការរៀបចំប្រទីបបណ្តែតនាពេលរាត្រី និងគ្រឿងរណ្តាប់ពិធីអកអំបុកឱ្យបានសមស្របតាមប្រពៃណីជាតិ។

ទី២-អនុគណៈកម្មការបច្ចេកទេសទូក និងរៀបចំពានរង្វាន់ជ័យលាភី៖ ទទួលបន្ទុកបំផុសចលនាកៀរគរទូកចូលរួម កំណត់ទីតាំងប្រណាំងទូក (ទីចាប់ផ្តើម និងបញ្ចប់) ធ្វើការផ្គូរផ្គងប្រណាំង ផ្តល់ពិន្ទុ និងរៀបចំបញ្ជីពានរង្វាន់ ប័ណ្ណសរសើរ សម្រាប់ជ័យលាភី។

ទី៣-អនុគណៈកម្មការផ្សព្វផ្សាយព័ត៌មាន រៀបចំសោភណភាព និងអនាម័យបរិស្ថាន និងរៀបចំពិព័រណ៌ភូមិមួយផលិតផលមួយ៖ ទទួលបន្ទុកផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ រៀបចំអត្ថាធិប្បាយផ្សាយបន្តផ្ទាល់ (Live) តុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ តាមដងផ្លូវ សម្អាតអនាម័យបរិស្ថាន និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម។

ទី៤-អនុគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់៖ ដឹកនាំ និងសម្របសម្រួលជាមួយកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីដាក់ចេញនូវផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ រួមទាំងការត្រៀមរថយន្តពន្លត់អគ្គិភ័យ ឡានពេទ្យសង្គ្រោះបន្ទាន់ កាណូតជួយសង្គ្រោះពេលទូកលិច និងការរៀបចំចំណតយានយន្ត។

ទី៥-អនុគណៈកម្មការទទួលបន្ទុកហិរញ្ញវត្ថុ៖ ទទួលបន្ទុកធ្វើសេចក្តីអំពាវនាវ និងចុះកៀរគររកប្រភពថវិកា ក៏ដូចជាការឧបត្ថម្ភផ្សេងៗពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ភោជនីយដ្ឋាន ស្ថាប័នរដ្ឋ-ឯកជន និងសប្បុរសជននានា ដើម្បីចូលរួមវិភាគទានជាថវិកា និងសម្ភារៈសម្រាប់ទ្រទ្រង់ដំណើរការរៀបចំពិធីទាំងមូលឱ្យបានរលូន ព្រមទាំងបូកសរុបគម្រោងចំណាយផ្សេងៗប្រកបដោយតម្លាភាព។

ជាមួយគ្នានោះ លោកអភិបាលនៃគណៈអភិបាលខេត្ត បានក្រើនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តពោធិ៍សាត់ ឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅដោយរលូន ភាពអធិកអធម សន្តិសុខសុវត្ថិភាពល្អប្រសើរ និងបន្សល់ទុកនូវស្នាមញញឹម ក៏ដូចជាភាសប្បាយរីករាយជូនដល់មហាជនអ្នកទស្សនាកម្សាន្តគ្រប់ៗរូប៕